បច្ចេកវិទ្យា

កម្ពុជា-ចិន នឹងចុះ MOU លើការនាំចូល សម្ភារកសិកម្មពីប្រទេសចិននាពេលខាងមុខ

ភ្នំពេញ៖ កម្ពុជា-ចិន តាមរយៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយក្រុមហ៊ុន GAWC ដែលមកពី ខេត្ត Gansu នៃប្រទេសចិន នឹងចុះ MOU លើការនាំចូល សម្ភារកសិកម្មពីប្រទេសចិន នាពេលខាងមុខ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងកសិកម្ម។

គម្រោងចុះ MOUនេះបានលើកឡើង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអនុញ្ញាតឱ្យលោក Chengxiang MA នាយករងនៃក្រុមហ៊ុន Gansu Academy for Water Conservancy (GAWC) និងសហការីមកពីខេត្ត Gansu ប្រទេសចិន ចូលជួបសម្តែងការគួរសម ក្នុងគោលបំណង ជម្រាបជូនអំពីវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និងសាកសួរ អំពីវឌ្ឍនភាពនៃការរៀបចំ អនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន GAWC ស្តីពីកិច្ចសហប្រតិបត្តិការ បច្ចេកទេស និងការសិក្សាស្រាវជ្រាវរួមគ្នា លើការគ្រប់គ្រង និងការអភិវឌ្ឍធនធានទឹក នៅកម្ពុជា ព្រមទាំងការធ្វើ ឲ្យប្រសើឡើង នូវការគ្រប់គ្រង និងប្រើប្រាស់ទឹកក្រោមដី សម្រាប់វិស័យកសិកម្ម រួមជាមួយនឹងការជ្រើសរើស ទីតាំងអនុវត្តគម្រោង សាកល្បងស្តីពីការរៀបចំ ប្រព័ន្ធថាមពលសូឡា បូមទឹកក្រោមដីសម្រាប់ស្រោចស្រព នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនោះផងដែរ លោក វេង សាខុន បានថ្លែងអំណរគុណ និងកោតសរសើ ក្រៃលែងចំពោះការខិតខំ ប្រឹងប្រែងរបស់ ក្រុមការងារក្រុមហ៊ុន ដែលបានចំណាយពេលវេលា ចុះសិក្សាស្រាវជ្រាវ និងកំណត់សក្តានុពល តំបន់ដែលអាចមានប្រភពទឹក ក្រោមដីគ្រប់គ្រាន់ និងដំណើរការនៃគម្រោង សាកល្បងនាពេលខាងមុខឲ្យបានឆាប់។ ម្យ៉ាងវិញទៀត ការប្រើប្រាស់ប្រព័ន្ធសូឡា សម្រាប់បូមទឹកក្រោមដី មកប្រើប្រាស់គឺជាបច្ចេកវិទ្យាថ្មីមួយ សម្រាប់កម្ពុជា ដែលអាចកាត់បន្ថយ ការចំណាយថាមពល អគ្គីសនី កម្លាំងពលកម្ម ក្នុងការពង្រីការអភិវឌ្ឍ វិស័យកសិកម្ម និងមាននិរន្តរភាពយូរអង្វែង។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានោះ លោក Chengxiang MA ជម្រាបជូនថា ក្រុមហ៊ុនបានកំពុងតែ គៀរគររកជំនួយ ពីគ្រប់ដៃគូវិនិយោគ នៅប្រទេសចិន សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងវិស័យកសិកម្ម និងតាមរយៈ គម្រោងអភិវឌ្ឍផ្សេងៗទៀត ក្នុងវិស័យនេះ។ នៅក្នុងកិច្ចពិភាក្សានេះ លោកបានបន្តទៀតថា លោកសូមបានស្នើលោករដ្ឋមន្រ្តី បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ ការគ្រប់គ្រងទឹកក្រោមដី តាមកន្លែងមួយចំនួន ដូចជា អគ្គនាយកដ្ឋានកសិកម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថាន បច្ចេកទេសកម្ពុជា និងនៅតាមមន្ទីរពិសោធន៍នានា ដើម្បីធ្វើការស្រាវជ្រាវ បង្ហាញពីរបកគំហើញ បច្ចេកវិទ្យាប្រើប្រាស់ ទឹកក្រោមដី សម្រាប់ដំណាំ និងកសិកម្មនៅកម្ពុជា។ ក្រៅពីនេះ លោកបានជម្រាបជូនថា នឹងធ្វើការសហការគ្នា ជាមួយសាកលវិទ្យាល័យជាច្រើន ក្នុងការសន្យាផ្តល់នូវអាហារូបករណ៍ ជូនដល់និស្សិតកម្ពុជា ឲ្យបានកាន់តែច្រើនលើផ្នែក វិទ្យាសាស្រ្តកសិកម្ម និងបច្ចេកវិទ្យា។

ឆ្លើយតបទៅនឹង សំណើនេះ លោក វេង សាខុន បញ្ជាក់ ពីគោលជំហរ របស់ក្រសួងក្នុងការគាំទ្រ ឲ្យមានការចុះហត្ថលេខា លើអនុស្សារណៈ ដើម្បីជាមូលដ្ឋាន សម្រាប់ សម្របសម្រួល ដំណើរការនៃការនាំចូល សម្ភារកសិកម្មពីប្រទេសចិន សម្រាប់ការអនុវត្ត គម្រោងសាកល្បង នៅខេត្តទាំងពីរ និងឈានទៅរកការអនុវត្ត គម្រោងក្នុងខេត្តគោលដៅ មួយចំនួនទៀត ដូចជា ខេត្តតាកែវ ខេត្តកំពង់ចាម និងស្វាយរៀងជាដើម។ លើសពីនេះទៀត ដើម្បីសម្រេចបាន កិច្ចការខាងលើ លោកបានស្នើឱ្យ ក្រុមហ៊ុនធ្វើការសហការ ជិតស្និតជាមួយអគ្គនាយកដ្ឋាន កសិកម្មក្នុងការជ្រើសរើស ទីតាំងធ្វើមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលស្រាវជ្រាវនេះ និងថែមទាំងសហការ ជាមួយនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ក្នុងការជម្រុញឱ្យមានការចុះ MOU នេះ ក្នុងពេលឆាប់ៗខាងមុខ ៕

ដោយ៖ បាន ធារ៉ូ

To Top