ភ្នំពេញ៖ រដ្ឋាភិបាលចិនបានសម្រេច ផ្តល់ជំនួយចំនួន ២លាន៥សែនដុល្លារអាមេរិក ដល់ អង្គភាពស៊ីម៉ាក់ចាប់ពីឆ្នាំ២០២០-២០២២ ដើម្បីគាំទ្រសកម្មភាពបោសសំអាមីន និងសំណល់ជាតិផ្ទុះ សល់ពីសង្គ្រាម។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះថា ថវិកាជាជំនួយឥតសំណងចំនួន ២,៥០០,០០០ដុល្លារនៃ រដ្ឋាភិបាល ចិននេះ នឹងត្រូវប្រើប្រាស់ដើម្បី អនុវត្តគំរោង “ជំនួយចិនដើម្បី លុបបំបាត់គ្រាប់មីននៅកម្ពុជា” ហើយគំរោងនេះគាំទ្រ ការពង្រាយកំលាំង ប្រតិបតិ្តការ របស់អង្គភាពស៊ីម៉ាក់ នៅខេត្តព្រះវិហារ ខេត្តឧត្តមានជ័យ ខេត្តស្ទឹងត្រែង ព្រមទាំងកំលាំងអន្តរាគមន៍នៅខេត្តសៀមរាប ខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំជាដើម ដែលមានផែនការរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់ចំនួនជាង ១៧គីឡូម៉ែត្រក្រឡា។
លោកបន្តថា គំរោងនេះត្រូវប្រើប្រាស់ កំលាំងជំនាញជិត ៣០០នាក់ ក្នុងរយៈពេល១ឆ្នាំគឺពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី៣១ ខែធ្នូ ២០២០។
សូមបញ្ជាក់ថា គំរោងជំនួយឥតសំណង រដ្ឋាភិបាលចិននេះមានរយៈ ពេល៣ឆ្នាំ(២០២០-២០២២) ហើយនេះជាឆ្នាំទី១។ សូមរំលឹកថា រដ្ឋាភិបាលចិនបានផ្តល់ជំនួយ ទំហំថវិកាដូចគ្នានេះ នៅចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ ផងដែរ ដែលបានអនុវត្តការ បោសសំអាតមីន និងសំណល់ជាតិផ្ទុះ តាមបណ្តាខេត្តដូចខាងលើដែរ៕
ដោយ៖ បាន ធារ៉ូ