ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ ស្រូវមានគុណភាព តម្លៃនៅដូចដើម តែស្រូវគ្មានគុណភាព ទើបធ្លាក់ចុះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់អះអាងថា ស្រូវដែលមានគុណភាពល្អ គឺតម្លៃនៅតែរក្សាថេរដូចដើម គ្មានប្រែប្រួលឡើយ ប៉ុន្តែស្រូវគ្មានគុណភាពប៉ុណ្ណោះ ទើបតម្លៃ ធ្លាក់ចុះ ។

កាលពីពេលថ្មីៗនេះ មានការលើកឡើងនៅតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយរិះគន់ ថាតម្លៃស្រូវនៅតាមបណ្ដាខេត្ត មួយចំនួនមានការធ្លាក់ចុះ ធ្វើឲ្យប្រជាកសិករត្អូញត្អែរ និងរអ៊ូរទាំផងដែរ ។

ក្នុងពិធីចែកសញ្ញាបត្រនិស្សិត សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោបានថ្លែងថា ការប្រមូលផលដំណាំ ក្នុងរដូវវស្សាបានជាង ២ហិកតា លើផ្ទៃដីដែលធ្វើបានចំនួន ២លាន៧សែនហិកតា ។

សម្ដេចតេជោសង្ឃឹមថា ចំពោះការធ្វើស្រូវវស្សា នឹងអាចមិនមានការខ្វះខាតទឹកឡើយ តែដោយឡែក ការធ្វើស្រូវប្រាំងវិញ នៅតំបន់មួយចំនួនមាន ការខ្វះខាតទឹកប្រើប្រាស់ ដោយសារកន្លែងខ្លះ ទឹកត្រូវបានរីងស្ងួត ។

សម្ដេចតេជោបញ្ជាក់ថា “ខាងក្រសួងកសិកម្ម ក៏ដូចជាផ្នែកពាក់ព័ន្ធ បានពន្យល់រួចមកហើយ អំពីមូលហេតុអីបានជាស្រូវធ្លាក់ថ្លៃ វាមានមូលហេតុរបស់វា ស្រូវធម្មតាដែលវាអត់មានខូចគុណភាពតម្លៃ គឺនៅតែរក្សាដដែរ ប៉ុន្តែកន្លែងខ្លះគឺថា អាពូជវាអត់សុទ្ធ ហើយអង្ករវាបាត់អីទៅ ដូច្នេះគ្នាអ្នកទិញទៅ នោះជួបការលំបាក” ។

ក្នុងឱកាសនោះ សម្ដេចបញ្ជាក់ផងដែរថា មានអ្នកខ្លះឲ្យសម្ដេចធ្វើការកំណត់ថ្លៃស្រូវ ប៉ុន្តែសម្ដេចបានត្រឹមតែជា អ្នកអំពាវនាវប៉ុណ្ណោះដោយយន្តការនៃទីផ្សារ មិនតម្រូវឲ្យរដ្ឋធ្វើការកំណត់ថ្លៃឡើយ។

សម្ដេចនាយករដ្ឋមន្រ្តីបន្តថា សម្ដេចធ្លាប់បានចេញសារាចរ អំពាវនាវឲ្យកសិករធ្វើស្រូវប្រាំង ១ដងក្នុង១ឆ្នាំ។ បើជាការល្អក្រៅពីរបរធ្វើស្រូវ កសិករអាចរកវិធីដាំដំណាំផ្សេងៗវិញ ដែលខុសពីដំណាំស្រូវនោះ នឹងបានផលល្អជាក់ជាពុំខាន ។ ជាក់ស្ដែងមានកសិករមួយចំនួន បានប្រើប្រាស់ដីស្រែរបស់ខ្លួន ងាកមកដាំជាអំពៅនៅរដូវប្រាំង ហើយពួកគេទទួលបានផលល្អច្រើនផងដែរ ។

សម្ដេចតេជោបន្ថែមថា សម្ដេចតែងតែផ្ដល់អនុសាសន៍ ណែនាំមួយចំនួនដល់ក្រសួងកសិកម្ម ឲ្យធ្វើការសិក្សាបែងចែងតំបន់ដាំដុះ (តំបន់ខ្លះអាចធ្វើដំណាំផ្សេងទៀត បានដោយប្រើប្រាស់ទឹកតិច ជាពិសេសលើតំបន់ខ្វះខាតទឹក គប្បីប្រែតំបន់នោះ ឲ្យទៅជាតំបន់ដាំដំណាំអ្វី ដែលអាចទទួលបានផលខ្ពស់ជាង) ៕

ដោយ៖ ធី លីថូ

To Top