ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវ ក្រុមប្រឹក្សា ឃុំ-សង្កាត់ ត្រូវបន្តផ្តោតការ យកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងចាត់ចែង និងប្រើប្រាស់ថវិកាឆ្នាំ២០២០ខាងមុខ ឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។
រាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យ ស្តីពីការផ្ទេរធនធានបន្ថែម ពីថវិការដ្ឋជូនរដ្ឋបាលឃុំ-សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍ មូលដ្ឋានចាប់ពីឆ្នាំ២០២០ ។ ក្នុងនោះ រដ្ឋបាលឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកា សរុបជាមធ្យម ប្រមាណ១២២.០០០ដុល្លារ ហើយថវិកា ផ្នែកអភិវឌ្ឍន៍មូលដ្ឋាន មានជាង ៧០.០០០ដុល្លារ ពោលគឺកើនឡើងទ្វេដង ។
ក្នុងពិធីបិទមហាសន្និបាត អាណត្តិទី៣ សម្ព័ន្ធភាពជាតិសមាគម ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ សម្ដេច ស ខេង បានថ្លែងថា “ខ្ញុំសូមអំពាវនាវ ឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងចាត់ចែង និងប្រើប្រាស់ថវិកា ទាំងនេះឲ្យកាន់ តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋក្នុងដែន សមត្ថកិច្ចរបស់ខ្លួន”។
ទន្ទឹមនឹងនេះ សម្ដេចក៏ស្នើឲ្យសមាគម ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្តផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីធានាដល់ការចាត់ចែង និងការប្រើប្រាស់ថវិកាទាំងនេះ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ។
ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃលើកឡើងទៀតថា ការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាជូនពលរដ្ឋ ក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានាបន្តគ្រប់គ្រងចាត់ចែងកិច្ចការ ឯកសារ និងទ្រព្យសម្បត្តិប្រកបដោយនិរន្តរភាពតម្លាភាព និងប្រសិទ្ធភាព ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានាជូនពលរដ្ឋ ស្របតាមគោលការណ៍កំណត់ ក្រសួងមហាផ្ទៃបានដាក់ចេញសេចក្តីណែនាំស្តីពីការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈ៕ ដោយ អេង ប៊ូឆេង