ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ បានថ្លែងអះអាងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងគុនមិញ ប្រទេសចិន ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាដទៃទៀត នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ជាពិសេសនឹងជួយជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យកើនឡើងជាលំដាប់។
ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា (គុនមិញ) នៅទីក្រុងគុនមិញ ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោកយឹម ឆៃលី បានថ្លែងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា គឺជាកន្លែងសម្រាប់ផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ និងធុរកិច្ច ពីបរទេសមកកាន់ប្រទេសកម្ពុជា តាមរយៈការដាក់តាំងបង្ហាញ គំរូផលិតផលសក្ដានុពលកម្ពុជា និងឯកសារនានា ដែលទាក់ទងនឹងវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍នៃប្រទេសកម្ពុជា ជូនដល់វិនិយោគិន ធុរជន និងប្រជាជនចិន ដើម្បីស្វែងយល់ពីឱកាសធុរកិច្ច វិនិយោគ និងមកទស្សនាប្រទេសកម្ពុជា។
លោកបន្តថា ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជា ប្រចាំនៅទីក្រុងធំៗ នៃប្រទេសចិន ជាយុទ្ធសាស្ត្រមួយ សម្រាប់ជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ ដោយមជ្ឈមណ្ឌល ជាចំណុចប្រសព្វនៃព័ត៌មាន ដែលវិនិយោគិន ធុរជន និងប្រជាជនចិនអាចទទួលបានដោយផ្ទាល់ និងនៅជិតដៃ ដើម្បីស្វែងយល់ឲ្យបានស៊ីជម្រៅ ពីផលិតផលនាំចេញសក្ដានុពលបរិយាកាសធុរកិច្ច និងវិនិយោគ ក៏ដូចជាៈ វប្បធម៌ និងទិសដៅ ទេសចរណ៍ នៃប្រទេសកម្ពុជា ក្នុងគោលបំណង ទាក់ទាញទាំងពាណិជ្ជករ វិនិយោគិន និងទេសចរណ៍មកកាន់កម្ពុជា។
លោកបានឲ្យដឹងទៀតថា “ខ្ញុំសង្ឃឹមខ្ពស់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងគុនមិញ ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាដទៃទៀត នឹងជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងចិន ក៏ដូចជាជំរុញទំហំពាណិជ្ជកម្ម ទ្វេភាគីឲ្យកើនឡើងជាលំដាប់”។
ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ជាក់ស្ដែងនៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម សរុបទ្វេភាគីមានចំនួន ៦,៥ពាន់លានដុល្លារ កើនឡើង ១៥% បើធៀបនឹងឆ្នាំ២០១៧ ដែលមានតម្លៃត្រឹមតែ ៥,៦ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០១៩ នេះដែរ ទំហំពាណិជ្ជកម្ម សរុបនឹងកើនឡើងដល់ចំនួន ៨,២ ពាន់លានដុល្លារ ស្មើនឹងកំណើនចំនួន ២៧% ធៀបនឹងឆ្នាំ២០១៨៕
ដោយ៖ ធី លីថូ