នយោបាយ

ទីម័រឡេស្តេ កោតសរសើរ និងចាប់អារម្មណ៍ខ្លាំង ចំពោះផលិតផល ម្រេចកំពត កម្ពុជា

ភ្នំពេញ៖ លោកស្រី ហ្វេលី ស៊ីដា ដេដេ ស៊ូសាហ្គូទែរែស (Felicidade de Sousa Guterres) ឯកអគ្គរដ្ឋទូត នៃ សាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ បានសម្ដែងនូវការ កោតសរសើរ និងចាប់អារម្មណ៍ខ្លាំង ចំពោះផលិតផលម្រេចកំពតកម្ពុជា ដែលមានគុណភាពល្អ និងរសជាតិឆ្ងុយឆ្ងាញ់ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោកស្រីឯកអគ្គរដ្ឋទូតទីម័រឡេស្តេ នៅថ្ងៃទី៣០ ធ្នូនេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា លោកស្រីទូតបានពិនិត្យឃើញថា កម្ពុជាគឺជាប្រទេសគំរូមួយ ដែលអាចដកស្រង់បទពិសោធន៍ ហើយយកបទពិសោធន៍នោះ ដើម្បីជាការរៀនសូត្រ និងចែករំលែកទៅកាន់មិត្តភក្តិ និងបណ្ដាប្រទេសដទៃទៀត ។ លោកស្រី ក៏បានឃើញពីសុខសន្តិភាព ស្ថិរភាពរបស់កម្ពុជា ដែលបានជំរុញការអភិវឌ្ឍ ឲ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកស្រីទូតក៏បាន ថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែគាំទ្រប្រទេសទីម័រ ចូលជាសមាជិកទី១១ នៃប្រទេសអាស៊ាន ។ កម្ពុជា តែងតែគាំទ្រទីម័រ មិនត្រឹមតែកម្រិតតំបន់ទេ ក្នុងកម្រិតអន្តរជាតិ ក៏កម្ពុជាតែងតែគាំទ្រ ចំពោះបុព្វហេតុរបស់ទីម័រផងដែរ ។

លោក កុយ គួង បញ្ជាក់ថា «កន្លងមកនេះលោកជំទាវ បានមើលឃើញជាពិសេស វិស័យដែលជាអាទិភាព និងលេចធ្លោជាងគេ គឺវិស័យទេសចរណ៍ វិស័យកសិកម្ម ដែលកន្លងមកលោកជំទាវ មើលឃើញ និងចាប់អារម្មណ៍លើ ម្រេចកំពត ដែលមានគុណភាពល្អ» ។

លោកស្រីទូត ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់អាហារូបករណ៍ ដល់និស្សិតទីម័រខាងកើតមកសិក្សានៅកម្ពុជា ដែលកំពុងបន្តការសិក្សា នៅកម្ពុជានាពេលនេះ ។ លោកស្រី សង្ឃឹមថា នឹងមាននិស្សិតទីម័រជាច្រើននាក់ទៀត នឹងមកសិក្សារៀនសូត្រ នៅប្រទេសកម្ពុជា ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីការជំរុញឲ្យមាន កិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ជាពិសេសជំរុញដល់កិច្ចព្រមព្រៀងផ្សេងៗ ដែលកន្លងមកមានការចុះហត្ថលេខា ស្ដីពីកិច្ចសហប្រតិបត្តិការ លើវិស័យការងារ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការស្ដីពី ការលើកលែងទិដ្ឋាការលើលិខិតឆ្លងដែនផ្លូវការ និងការទូត ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យភាគីទាំងពីរ អនុវត្តកិច្ចព្រមព្រៀងដែល បានចុះហត្ថលេខាហើយនោះ ឲ្យមានប្រសិទ្ធភាព ដើម្បីកិច្ចសហប្រតិបត្តិការនេះ កាន់តែរីកចម្រើនបន្ថែមទៀត ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យមានការចុះហត្ថលេខា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ចំពោះកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានពិភាក្សាគ្នា ដូចជាកិច្ចព្រមព្រៀងស្ដីពី វិស័យទេសចរណ៍ ពាណិជ្ជកម្ម ព្រមទាំងវិស័យអបរំផងដែរ ៕

ដោយ៖ ខា ដា

To Top
×