នយោបាយ

សរុបព្រឹត្តិការណ៍ សំខាន់ៗ ប្រចាំឆ្នាំ២០១៩

ដូចរៀងរាល់ឆ្នាំដែរ មុនឆ្នាំថ្មីមកដល់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សុំធ្វើការរម្លឹកឡើងវិញ នូវព្រឹត្តការណ៍សំខាន់ៗ ដែលបានកើតមានឡើង ក្នុងឆ្នាំ២០១៩កន្លងទៅ ។ ឆ្នាំ២០១៩កន្លងទៅ ប្រមូលផ្ដុំទៅដោយរឿង នយោបាយចាក់ស្រេះ ប៉ុន្តែល្អប្រសើរត្រង់កំណើនសេដ្ឋកិច្ច នៅតែបន្តរក្សាកំណើនមួយខ្ពស់ដដែល។

-ផ្ដើមចេញពីសំណុំរឿងនយោបាយ យើងសង្កេតឃើញមានភាព ស្មុគស្មាញបន្តិចរវាងអ្នកនយោបាយក្នុងស្រុក និងក្រៅស្រុក។ ពីក្រៅស្រុកមកវិញលោក សម រង្ស៊ី ដែលនិរទេសខ្លួនឯងទៅ ក្រៅប្រទេសយូរឆ្នាំមកហើយនោះ បានបង្កើតវោហារសាស្ត្រនានា ក្នុងគោលបំណងផ្ដួលរលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគម្រោងវិលចូល ស្រុកបរាជ័យរបស់គាត់នៅថ្ងៃទី៩ វិច្ឆិកា។ មុនថ្ងៃ៩ វិច្ឆិកាមកដល់បុគ្គល សម រង្ស៊ី បានប្រកាសពីក្រៅប្រទេស ឲ្យកងទ័ពបែរចុងកាណុងមករដ្ឋាភិបាល ហើយសន្យានឹងលើកកម្ពស់ជីវភាព របស់កងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យរស់នៅក្នុងភាពថ្លៃថ្នូរ និងផ្ដល់មុខតំណែង ពួកគេទៅតាមសមត្ថភាព ក្រោយកងកម្លាំងស្នេហាជាតិ រួមគ្នាជាមួយកម្លាំងប្រជាពលរដ្ឋ ដើម្បីបញ្ចប់របបផ្ដាច់ការសព្វថ្ងៃ នៅពេលដ៏ខ្លីខាងមុខនេះ។

ប៉ុន្តែយ៉ាងណាក៏ដោយសេចក្ដីអំពាវនាវ ម្ដងជាពីរដងនេះត្រូវបានឆ្លើយតបវិញ ដោយប្រមុខរដ្ឋាភិបាលសម្ដេច ហ៊ុន សែន ដោយ បានគំរាមប្រើកម្លាំងកងទ័ព ដើម្បីបង្ក្រាបការវិល ត្រឡប់មកវិញរបស់លោក សម រង្ស៊ី ។ ក្នុងន័យនេះសម្ដេចសង្កត់ធ្ងន់ថា «មិនដឹងថា ថ្ងៃ៩ ហ្នឹងត្រូវស្លាប់ ឬត្រូវរស់ ឬត្រូវគេចាប់ខ្លួន។ បើគេប្រកាសយប់មិញហើយ គេប្រកាសរៃលុយដើម្បីចិញ្ចឹមទ័ពទៀត។ អាហ្នឹងហើយ សម្រាប់អញវ៉ៃអញប្រាប់ឲ្យហើយវ៉ើយ»។ នេះគឺជាប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាល ជាមួយ សិស្សានុសិស្ស ដែលប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបជាប់និទ្ទេសA ក្នុងទីក្រុងភ្នំពេញនៅថ្ងៃចន្ទទី៧ ខែតុលា ឆ្នាំ២០១៩។

-ក្រៅតែពីលោក សម រង្ស៊ី ប្រកាសចូលស្រុក គេសង្កេតឃើញមន្ត្រីក្រោមបង្គាប់ តួយ៉ាងលោកស្រី មួរ សុខហួរ ក៏ដូចជាលោក អេង ឆៃអ៊ាង ជួយបន្ទរទូងស្គរឲ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសងើបឡើង អមដំណើរលោក សម រង្ស៊ី មកកម្ពុជាដែរ។ ពីព្រំដែនខ្មែរ-ថៃទាំងខាងថៃនិងកម្ពុជា បានដាក់ពង្រាយកម្លាំង យាមកាមយ៉ាងតឹងរឹង ខណៈផ្លូវអាកាសត្រូវបានបិទ មិនឲ្យលោក សម រង្ស៊ី ឆ្លង់កាត់។ ដំណាលគ្នានឹងកម្លាំង ក្នុងស្រុកទប់មិនឲ្យលោក សម រង្ស៊ី និងមន្ត្រីគាត់ចូលស្រុកហើយនោះ រដ្ឋាភិបាលក៏បានសហការជាមួយ ប្រទេសអាស៊ានទាំង ១០ជួយទប់ស្កាត់ផងដែរ។ អនុវត្តតាមសំណើរកម្ពុជា ថៃ វៀតណាម ឡាវ សហការយ៉ាងហ្មត់ចត់ជាមួយកម្ពុជា ស្របពេលម៉ាឡេស៊ី និងឥណ្ឌូណេស៊ីក៏អនុវត្តដូចគ្នាដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយលោក សម រង្ស៊ីនិងមន្ត្រីនៅតែ ជាន់ដីម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី។ ជាការទប់ស្កាត់ ប្រទេសកម្ពុជាបានស្នើសុំឱ្យ រដ្ឋាភិបាលឥណ្ឌូណេស៊ី ចាប់ខ្លួនឬបណ្ដេញលោក សម រង្ស៊ី ចេញពីប្រទេសតាមអំណាចដីកាស្វែងរក ចាប់ខ្លួនរបស់តុលាការកម្ពុជា។

ស្ថានទូតខ្មែរ នៅប្រទេសឥណ្ឌូនេស៊ីពន្យល់ថា គណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយរួចហើយ និងក៏មានដីការបស់តុលាការ រាជធានីភ្នំពេញតាមស្វែងរកចាប់ខ្លួន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួនចំនួន ៧នាក់ ដែលក្នុងនោះមានលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ អនុប្រធានគណបក្សផងដែរ ដោយសារតែរងការចោទប្រកាន់ថា ខិតខំព្យាយាមផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។ សូមជម្រាបជូនថា លោក រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានប្រកាសកាលពីពាក់កណ្តាលខែសីហាថា លោក នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅថ្ងៃបុណ្យខួបឯករាជ្យលើកទី៦៦ ដែលត្រូវនឹងថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកានេះដើម្បីស្តារ លទ្ធិប្រជាធិបេតយ្យឡើងវិញ នៅក្នុងប្រទេសកម្ពុជា។ លោក បានអំពាវនាវ ដល់ពួកកម្មករចំណាកស្រុកខ្មែរ នៅក្នុងប្រទេសថៃឲ្យចូលរួម ជាមួយលោកក្នុងអំឡុងនៃ ការឆ្លងកាត់ព្រំដែនរបស់លោកពី ប្រទេសថៃចូលក្នុងកម្ពុជា។

-តែនៅទីបំផុតផែនការ វិលចូលស្រុករបស់លោក សម រង្ស៊ី ក៏ទទួលបរាជ័យ តាមរយៈរដ្ឋាភិបាលកម្ពុជា ប្រកាសជោគជ័យដែលលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង មិនអាចចូលមកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា។ បន្ទាប់ការបរាជ័យរបស់លោក សម រង្ស៊ី រដ្ឋាភិបាលក៏ផ្ដើមបន្ធូរដៃ ចំពោះសកម្មជនគាំទ្រលោក សម រង្ស៊ី នៅក្នុងស្រុកវិញម្ដង សម្ដេច ហ៊ុន សែនបានចេញបញ្ជាឲ្យ ក្រុមមន្ត្រីយុត្តិធម៌ដោះលែង សកម្មជនគណបក្សសង្គ្រោះជាតិ ដែលសម្ដេចអះអាងថា បានចាញ់បោកលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សជំទាស់ ដែលបានអំពាវនាវឲ្យសាធារណៈជន នគរបាល និងកងទ័ពងើបបះបោរ និងផ្តួលរំលំរដ្ឋាភិបាលរបស់សម្ដេច កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ រោងចក្រផលិតស៊ីម៉ងត៍របស់ក្រុមហ៊ុនថៃ ប៊ុនរ៉ុង នៅឯខេត្តកំពត សម្ដេច ហ៊ុន សែនបង្គាប់ឲ្យក្រុមអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីតុលាការទាំងអស់សហការគ្នា ចាត់ចែងឲ្យសកម្មជនបក្សប្រឆាំងប្រមាណជា ៧០នាក់បានស្ថិតនៅក្រៅឃុំ ក្នុងសំណុំរឿងដែលសម្ដេច ហ៊ុន សែនថា ជាការធ្វើរដ្ឋប្រហារដណ្ដើម អំណាចពីសម្ដេច។

-ក្រៅពីសកម្មជនលោក កឹម សុខា ដែលជាបុគ្គលសំខាន់ក៏ទទួលបាន អនុគ្រោះមួយចំនួនផងដែរ តាមរយៈមានសិទ្ធិដើរហើរ បានគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនអាចធ្វើនយោបាយ និងចាកចេញពីប្រទេសកម្ពុជាបានឡើយ។ ក្រោយការបន្ថួរបន្ថយ ប្រតិកម្មចម្រុះបានធ្លាក់មកជាបន្តបន្ទាប់ ដោយតុលាការក្រុងភ្នំពេញ បានសម្រេចបន្ធូរបន្ថយកាតព្វកិច្ច ត្រួតពិនិត្យតាមផ្លូវតុលាការ លើករណីរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ សម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានហៅករណីរបស់លោក កឹម សុខា នេះថា គឺជាការបោះជំហានឆ្ពោះ ទៅមុខដ៏មានកម្រិតមួយ។

តាមរយៈទំព័រហ្វេសបុករបស់ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ សហរដ្ឋអាមេរិក បានកត់សម្គាល់នូវជំហាន ឆ្ពោះទៅមុខដ៏មានកម្រិតមួយនេះ ប៉ុន្តែបានទទូចយ៉ាងខ្លាំងក្លា ឲ្យអាជ្ញាធរកម្ពុជា ស្តារឡើងវិញទាំងស្រុង នូវសេរីភាពនិងសិទ្ធិនយោបាយរបស់លោក កឹម សុខា និងទម្លាក់បទចោទប្រកាន់ ទាំងឡាយប្រឆាំងនឹងលោក ដែលអ្នកជាច្រើនបានមើលឃើញថា មានចរិតនយោបាយ។ បន្តែយ៉ាងណាក៏ដោយ លោក កឹម សុខា សំដែងការសោកស្តាយ ទៅកាន់អ្នកសារព័ត៌មាន ដោយសារតែតុលាការ ហាមលោកធ្វើនយោបាយ ហើយលោកមិនដឹងថា លោកត្រូវប្រើភាសាអ្វី ទៅកាន់អ្នកសារព័ត៌ និងពលរដ្ឋ ដែលមិនមែនជាភាសានយោបាយ ខណៈលោកគឺជាអ្នកនយោបាយ។ ដូច្នេះលោកសូមមិននិយាយអ្វី ទៅកាន់អ្នកសារព័ត៌មានឡើយ។

-អ្វីជាការកត់សម្គាល់ទូតបរទេសធំៗ ចូលជួបសុខទុក្ខលោក កឹមសុខា ជាប់មិនដាច់រួមមានៈ ទូតបារាំង អាមេរិក អង់គ្លេស ជប៉ុន អូស្ត្រាលី អង់គ្លេសជាដើម។ តាមរយៈជំនួបនេះ លោកយ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យនៃ អតីតគណបក្សសង្គ្រោះជាតិ បានអះអាងថា ការដែលទូតបររទេសនានាប្រចាំនៅកម្ពុជា និង នៅប្រទេសថៃចូលជួបលោកកឹម សុខា ជាបន្តបន្ទាប់មកនេះ គឺមានន័យថា ពួកគេចាត់ទុកលោកកឹម សុខា គឺតំណាងសំឡេងប្រឆាំង ឬ សំឡេងក្រៅរដ្ឋាភិបាលនៅប្រទេសកម្ពុជា។ លោកយ៉ែម បុញ្ញឫទ្ធិ ហ៊ានអះអាងដូច្នេះ គឺដោយសារតែលោកសំអាងថា អង្គទូតទាំងនោះ គឺសុទ្ធតែជាតំណាង រដ្ឋាភិបាលនៃប្រទេសនីមួយ។ ដូច្នេះហើយ ការទាក់ទងជាមួយលោកកឹម សុខា របស់ពួកគេ គឺជាទំនាក់ទំនងតំណាងឱ្យ រដ្ឋាភិបាលនៃប្រទេសមួយ។

-ចៀសមិនផុតពីមាត់លោក សម រង្ស៊ី បានលើកឡើងថា ការបន្ធូរលក្ខខណ្ឌលោក កឹមសុខា ដោយសារមានសម្ពាធពីអន្តរជាតិ។ តែចំណុចនេះត្រូវ បានបដិសេធដោយសម្ដេច ហ៊ុនសែន រួចហើយ។ បន្ថែមលើជំហរនេះ តុលាការរាជធានីភ្នំពេញក៏បានសម្រេច បញ្ជូនសំណុំរឿងលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិទៅជំនុំជម្រះ ក្រោយពីបានស៊ើបអង្កេត អស់រយៈពេលជាង ២ឆ្នាំ។អ្នកនាំពាក្យសាលាដំបូង រាជធានីភ្នំពេញបានប្រកាសថា ក្រោយពីបានស្រាវជ្រាវ និងស៊ើបអង្កេតចប់សព្វគ្រប់ «ចៅក្រមស៊ើបសួរពិនិត្យឃើញថា មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់» ដើម្បីកាត់ទោសលោកកឹម សុខា ពីបទ«សន្ទិដ្ឋិភាពជាមួយបរទេស‍»។ លោកកឹម សុខា ដែលមានវ័យ៦៦ឆ្នាំ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនពីលំនៅដ្ឋានទាំងយប់ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ហើយបានយកទៅដាក់ឃុំឃាំង មុននឹងដោះលែងឱ្យនៅក្រៅឃុំ ដោយមានលក្ខខណ្ឌកាលពីដើមខែវិច្ឆិកា។

-ភ្លាមបន្ទាប់ពីសេចក្ដី សម្រេចនេះកូនស្រីលោក កឹម សុខា មិននៅស្ងៀមឡើយកញ្ញា បានចេញមករិះគន់ត្រង់ៗតែម្ដងថា ក្រុមលោកសម រង្ស៊ី កំពុងខំប្រឹងលាបពណ៌លោកកឹម សុខាថា ជាអាយ៉ងរបស់គណបក្សកាន់អំណាច។ គឺនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កញ្ញាកឹម មនោវិទ្យា បានសរសេរដូច្នេះថា យុទ្ធនាការលាបពណ៌របស់ក្រុមលោក សម រង្សី បាននឹងកំពុងខំប្រឹងយ៉ាងពេញទំហឹង ក្នុងការមួលបង្កាច់លោក កឹម សុខាថា ជាអាយ៉ងរបស់បក្សកាន់អំណាច។ បើតាមកញ្ញាកឹម មនោវិទ្យា មូលហេតុដែលក្រុមលោកសម រង្ស៊ី ធ្វើដូច្នេះ ពីព្រោះភ័យខ្លាចលោកកឹម សុខា ទទួលបានការលើកលែងទោស ពីព្រះមហាក្សត្រ។ កញ្ញាកឹម មនោវិទ្យា បានហៅសកម្មភាពរបស់ក្រុមលោកសម រង្ស៊ី នេះថា ជានយោបាយដ៏គម្រក់ដែល ត្រូវតែប្តូរឱ្យបានជាដាច់ខាតពីកម្ពុជា។ មិនតែប៉ុណ្ណោះ កញ្ញាកឹម មនោវិទ្យា ថែមទាំងប្តេជ្ញាចិត្តតស៊ូ បំបាត់វប្បធម៌លាបពណ៌មួលបង្កាច់នេះ ឱ្យទាល់តែបានទោះក្នុងរូបភាពណាក៏ដោយ។

*លោកអ្នកអានជាទីមេត្រី! ចេញពីរឿងរ៉ាវនយោបាយ យើងសុំទាញការចាប់អារម្មណ៍ របស់អ្នកផ្ដោតលើ ទំនាក់ទំនងអន្តរជាតិវិញម្ដង! ដោយផ្ដើមចេញពីទំនាក់ទំនងកម្ពុជា និងអាមេរិក។ តាមការសង្កេតរបស់អ្នកវិភាគនៅកម្ពុជា ក្នុងអាណត្តិទូតអាមេរិកចាស់គឺ លោក វីល្លៀម ហៃដ៍ (William A . Heidt) មានភាពល្អក់កកមិនតិចដែរ។ ជាក់ស្ដែងមុនបញ្ចប់ការងារនៅកម្ពុជា ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិ លោក វីល្លៀម ហៃដ៍ (William A . Heidt) និយាយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិករបស់ខ្លួនថា ក្នុងចេតនាបង្គាប់ឲ្យ សម្ដេច ហ៊ុន សែន ផ្សះផ្សាជាមួយគណបក្សប្រឆាំង ដើម្បីប្រយោជន៍ និង កេរ្តិ៍ឈ្មោះកម្ពុជា។ លោកទូតបានចាត់ទុកវិធានការ របស់រដ្ឋាភិបាលចំពោះលោក កឹម សុខា ជាការធ្វើទុក្ខបុកម្នេញ លើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទៅវិញ។

លោក វីល្លៀម ហៃដ៍ (William A . Heidt) ថ្លែងប្រាប់អាស៊ីសេរី ក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃទី ២៦ ខែ វិច្ឆិកា២០១៨ ថា ទាំងរដ្ឋាភិបាល និង ស្ថាប័នរដ្ឋសភាអាមេរិក សុទ្ធតែបានបញ្ជាក់ជំហរច្បាស់លាស់របស់ខ្លួន រួចហើយ ថាចំណាត់ការរបស់រដ្ឋាភិបាល មកលើសំឡេងប្រឆាំង គឺធ្វើឲ្យប៉ះពាល់យ៉ាងដំណំ ដល់មុខមាត់របស់កម្ពុជា លើឆាកជាតិ និង អន្តរជាតិ។

-អ្វីគួរឲ្យកត់សម្គាល់មួយទៀត កាលពីខែមេសា ឆ្នាំ២០១៩នេះ សហរដ្ឋអាមេរិកតាមរយៈទូតនៅទីក្រុងភ្នំពេញ បានផ្ដើមវាយប្រហារប្រទេសចិន ដោយសារតែឃើញលំហូរវិនិយោគរបស់ចិន។ ផ្ដើមចេញពីការវាយប្រហារ របស់ទូតអាមេរិក-ចិន មិននៅស្ងៀមឡើយហើយប្រទេសទាំងពីរ បានប្រឈមពាក្យសម្តីដាក់គ្នាទាក់ទង នឹងគម្លាតនៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន និងរវាងកម្ពុជានិងសហរដ្ឋអាមេរិក។

យោងតាមសារមួយដែលស្ថានទូតអាមេរិក បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននោះ អាមេរិកបានលើកឡើងថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម ធំជាងគេរបស់ប្រទេសកម្ពុជា តែទំនាក់ទំនងនេះ ចំណេញខ្លាំងទៅខាងប្រទេសចិន។ ប្រហែល៨៧% នៃទំនិញដោះដូរគ្នាគឺជា ទំនិញនាំចូលមកពីប្រទេសចិន ដែលមិនជួយដល់ការធ្វើឲ្យមានការងារ ឬជួយដល់ឧស្សាហកម្មដូច ទំនាក់ទំនងរបស់ប្រទេសកម្ពុជា ជាមួយសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុបនោះទេ។

ជាការឆ្លើយតបលិខិត របស់លោកឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា Wang Wentian ចុះថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០១៩ ដែលបានវាយប្រហារអាមេរិក ជាមនុស្សមិនស្មោះត្រង់ក្នុងការរកស៊ីនោះ បានកត់សម្គាល់ថា កម្ពុជានឹងជួបតែសំណាងល្អ ព្រោះប្រទេសនេះបានបន្តចូលរួម ជាមួយចិនរក្សាការពារ គោលនយោបាយពហុភាគីនិយម ដើម្បីជំរុញពាណិជ្ជកម្មសេរី មិនដូចសហរដ្ឋអាមេរិកដែលបាន ប្រើនយោបាយគាំពារនិយម ដើម្បីគាបសង្កត់ ដៃគូជម្លោះម្ខាងទៀត។

បន្ទាប់ពីបញ្ហាទាំងនេះ ក្រោយមកទៀតអ្វីៗបានផ្លាស់ប្ដូរ តាមរយៈវត្តមានឯកអគ្គរដ្ឋទូតអាមេរិកថ្មី លោក W.Patrick Murphy ដែលមកដល់ប្រទេសកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០១៩ អ្វីៗហាក់មានការផ្លាស់ប្ដូរបណ្ដើរៗ។ ក្នុងនោះសម្ដីមួយម៉ាត់ដែលទទួលបាន ការពេញចិត្តពីរដ្ឋាភិបាលកម្ពុជា គឺនៅក្នុងជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅថ្ងៃទី២៤ តុលា ឆ្នាំ២០១៩នេះ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា បញ្ជាក់ជំហរនៅចំពោះមុខប្រមុខការទូតខ្មែរថា សហរដ្ឋអាមេរិក នៅក្នុងអាណត្តិការងាររបស់លោក នឹងមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជាឡើយ។

ជំហររបស់ លោក W.Patrick Murphy យ៉ាងដូច្នេះត្រូវបានគូសបញ្ជាក់បន្ថែមដោយ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ។ បើតាមលោក កុយ គួង ឯកអគ្គរដ្ឋទូតអាមេរិកថ្មី បញ្ជាក់ជំហរថា សហរដ្ឋអាមេរិកគ្មានគោលនយោបាយ ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជាឡើយ ហើយផ្ទុយមកវិញនៅក្នុងអាណត្តិ របស់លោកគឺគាំទ្រកម្ពុជា និងធ្វើជាដៃគូរអភិវឌ្ឍដ៏សំខាន់របស់កម្ពុជា។

-តែសុំកុំភ្លេចថា ជំនួបរវាងលោក ប្រាក់ សុខុន និងលោក W.Patrick Murphy ធ្វើឡើង បន្ទាប់ពីលោក W.Patrick Murphy បានជួបសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៣ តុលា ឆ្នាំ២០១៩។ នៅក្នុងជំនួបនោះភាគីទាំងពីរ បានអះអាងដូចគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងដែលមានស្រាប់។ សម្រាប់ប្រមុខរដ្ឋាភិបាលមើលឃើញថា កន្លងមកកម្ពុជា និងសហរដ្ឋអាមេរិកបានសហការគ្នារួចហើយ លើវិស័យអប់រំ វិស័យសុខាភិបាលជាដើម។ បន្ថែមលើនេះ សម្ដេចនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យមន្ត្រីនៃរដ្ឋាភិបាលរបស់សម្ដេច ខិតខំពង្រឹង និងពង្រីកទំនាក់ទំនងជាមួយអាមេរិកបន្ថែមទៀត ខណៈសម្ដេចលើកឡើងថា ទំនាក់ទំនងកម្ពុជា និងអាមេរិកមិនមែន ចាប់ផ្តើមពីចំណុចសូន្យនោះទេ គឺជាការបន្តនូវទំនាក់ទំនងល្អ ដែលមិនធ្លាប់មានពីមុនមក។

-ក្រោយមកទៀតភាពល្អប្រសើរ ក៏កើតមានឡើងមួយកម្រិតទៀត តាមរយៈការឆ្លើយឆ្លងលិខិតទៅវិញទៅមក រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និង សម្ដេច ហ៊ុន សែន ។ ផ្ដើមចេញពីលិខិតរបស់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានចុះនៅថ្ងៃទី១ ខែវិច្ឆិកានេះ ដោយបញ្ជាក់អំពីបំណងពង្រឹង ចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលកំពុងមានភាពរកាំរកូសជាច្រើនឆ្នាំ។

លោក ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកគោរព អធិបតេយ្យភាពរបស់កម្ពុជា និងមិនទាមទារឲ្យមានការផ្លាស់ប្តូររបបនោះទេ ប៉ុន្តែលោកត្រាំបានជំរុញឲ្យ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ប្រទេសកម្ពុជាលើមាគ៌ា អភិបាលកិច្ចប្រជាធិបតេយ្យឡើងវិញ។ ចំណែកសម្ដេច ហ៊ុន សែន បានសរសេរលិខិតទៅកាន់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយគូសបញ្ជាក់ថ រដ្ឋាភិបាលកម្ពុជាត្រៀមបង្កើត ក្រុមការងារដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់រវាងកម្ពុជានិងអាមេរិកឡើងវិញ។ ក្នុងលិខិតមានចុះហត្ថលេខារបស់សម្ដេចហ៊ុន សែននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បញ្ជាក់ថាដោយយល់ស្រប ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលលើកឡើងថា ទំនាក់ទំនងកម្ពុជា-អាមេរិក បានឆ្លងកាត់ដំណាក់កាលតឹងតែង និងធូរស្រាលមកវិញជាបន្តបន្ទាប់។

សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមថា នឹងឲ្យក្រុមការងារកិច្ចការបរទេសរបស់កម្ពុជា ធ្វើការជាមួយក្រុមការងារ កិច្ចការបរទេសរបស់សហរដ្ឋអាមេរិក ដើម្បីស្តារទំនុកចិត្ត និងភាពជឿជាក់ឡើងវិញ និងកសាងឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។ ប៉ុន្តែមុនមកដល់ចំណុចនេះ កាសែតThe Wall Street Journal ដែលចេញផ្សាយកាលពីខែកក្កដាថា ប្រទេសកម្ពុជា និងចិនបានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងនោះកាលពីនិទាឃរដូវកន្លងទៅ។ ក្នុងកិច្ចព្រមព្រៀងនោះ កម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើមូលដ្ឋានទាហានជើងទឹកចិន មួយផ្នែកនៅឈូងសមុទ្រខ្មែរ ហើយនៅជិតអាកាសយានដ្ឋានធំមួយ ដែលកសាងដោយប្រទេសចិន។ តែការចោទប្រកាន់នេះត្រូវបាន ទាត់ចោលជាបន្តបន្ទាប់ពីសំណាក់ សម្ដេច ហ៊ុន សែន និងក្រុមមន្ត្រីយោធាកម្ពុជា អំពីកិច្ចព្រមព្រៀងសម្ងាត់កម្ពុជាចិន សម្រាប់ដាក់កងទ័ពជើងទឹកចិននៅកម្ពុជានោះ ។

ចំណែកអ្នកនាំពាក្យក្រសួងការពារជាតិចិន ក៏បានចេញមុខបដិសេធថា មិនមានកិច្ចព្រមព្រៀងសម្ងាត់ ណាមួយជាមួយប្រទេសកម្ពុជា ដើម្បីដាក់មូលដ្ឋានកងទ័ព ជើងទឹកចិនក្នុងដែនសមុទ្ររាម នៅខេត្តព្រះសីហនុនោះទេ។

-បន្ថែមលើនេះទៀ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បាននាំអ្នកកាសែតជាតិ និងអន្តរជាតិប្រមាណ ៧០នាក់ បានទៅទស្សនកិច្ចនៅឯមូលដ្ឋានកងទ័ពជើងទឹករាម ជាទីតាំងដែលមានការចុះផ្សាយ ដោយសារព័ត៌មានអាមេរិកថា មានការកសាងមូលដ្ឋាន ទ័ពជើងទឹកចិននៅទីនោះ។ បើតាមលោក ផៃស៊ីផាន វត្តមានរបស់ក្រុមអ្នកកាសែតនេះ គឺដើម្បីផ្ទៀងផ្ទាត់ឱ្យបានច្បាស់ថា តើមានការសាងសង់មូលដ្ឋាន ទ័ពចិននៅទីនោះដែរឬទេ។

-ហើយនៅចំពោះមុខ លោក Patrick Murphy ឯកអគ្គរដ្ឋទូត អាមេរិក កម្ពុជា នៅអគ្គបញ្ជាការដ្ឋាន លោកនាយឧត្តមសេនីយ៏ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងពីព័ត៌មាន នៃការមានមូលដ្ឋានយោធាចិន លើទឹកដីរបស់កម្ពុជា ដោយលោកបានហៅថា នេះគឺជាព័ត៌មានមិនពិត ដែលចង់ធ្វើឲ្យបាត់បង់ស្ថេរភាព ព្រោះរដ្ឋាភិបាលកម្ពុជា បានបដិសេធដំណឹងនេះ ជាច្រើនដងរួចមកហើយ។ ចំណែកលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ជូនឯកអគ្គរដ្ឋទូតអាមេរិកជាថ្មី នូវរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនមានមាត្រាណាមួយ អនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់កម្ពុជានោះទេ ហើយក៏មិនអនុញ្ញាឲ្យមានមូលដ្ឋាន យោធារបស់ខ្លួននៅបរទេសនោះដែរ លើកលែងតែក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។

*ជុំវិញដំណើរចេញទៅក្រៅប្រទេស របស់ប្រមុខរដ្ឋាភិបាលកម្ពុជា និងព្រះមហាក្សត្រកម្ពុជាវិញម្ដង!

-ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងទៅចូលរួមព្រះរាជពិធី ឡើងគ្រងរាជសម្បត្តិរបស់ ព្រះចៅអធិរាជជប៉ុន ណារ៉ូហ៊ីតុ នៅថ្ងៃទី២២ តុលាឆ្នាំ២០១៩។ ទំនាក់ទំនងរវាងព្រះរាជវង្សានុវង្សកម្ពុជា និងជប៉ុន បានចាប់ផ្តើមកំឡុងពេល ព្រះរាជទស្សនកិច្ចរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រកម្ពុជា បានយាងទៅកាន់ប្រទេសជប៉ុន នៅឆ្នាំ១៩៥៣។ បន្ទាប់មក ព្រះរាជវង្សានុវង្សនៃប្រទេសទាំងពីរ បានយាងបន្តផ្លាស់ប្តូរទំនាក់ទំនងជាញឹកញាប់។ នៅឆ្នាំ២០១០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានយាងព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសជប៉ុន។ នេះបើតាមស្ថានទូតកម្ពុជា។

-បន្ទាប់មកប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសចិនរយៈ ៤ថ្ងៃ ពីថ្ងៃទី២០ ដល់២៣ ខែមករា ឆ្នាំ២០១៩។ ក្នុងដំណើរទស្សនកិច្ច របស់សម្តេចតេជោនៅចិន នាពេលនេះក្រៅពីពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក៏នៅមានកិច្ចពិភាក្សាទ្វេរភាគី ដែលផ្តោតទៅលើការផ្តល់ជំនួយនិង កម្ចីសម្បទានបន្ថែមទៀត សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ ជាមួយនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏និងជួបជាមួយក្រុមហ៊ុនធំៗ របស់ចិនមួយចំនួនទៀតដើម្បីទាក់ទាញ វិនិយោគមកកាន់កម្ពុជា។

-បន្តពីប្រទេសចិន ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ ដល់ប្រទេសជប៉ុន ដើម្បីទស្សនកិច្ចផ្លូវការ។ ដំណើរអញ្ជើញទៅកាន់ប្រទេសជប៉ុន នៅក្នុងឆ្នាំ២០១៩នេះ គឺជាដំណើរលើកទី២៣ហើយ សម្រាប់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីមហាអំណាចសេដ្ឋកិច្ច នៅទ្វីបអាស៊ីមួយនេះ។ វត្តមាន នៃការអញ្ជើញដល់របស់ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងកក់ក្តៅបំផុត ពីអនុរដ្ឋមន្រ្តីការបរទេសជប៉ុន។ យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ច នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត។

-បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអំឡុងខែមិថុនា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហុងគ្រី ។ យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី របស់សម្តេចតេជោ និងគណៈប្រតិភូធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ ២០១៩ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីហុងគ្រី លោក វីកទ័រ អ័របាន(ViktorOrbán)។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមដោយឡែក ពីគ្នាជាមួយថ្នាក់ដឹកនាំហុងគ្រី និងមានជំនួបពិភាក្សាទ្វេភាគី ជាមួយសមភាគីហុងគ្រីលើបញ្ហា ជាច្រើនសំដៅលើកកម្ពស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធនៅលើវេទិកាពហុភាគីផ្សេងៗទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារចំនួនពីរ គឺកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ នឹងត្រូវចុះហត្ថលេខាក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកត័រ អ័របាន។

-ចុងក្រោយប្រមុខរដ្ឋាភិបាល បានហោះទៅប្រទេសវៀតណាម ដើម្បីចុះកិច្ចព្រមព្រៀងក្នុងសំណុំរឿងព្រំដែន។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៤ ខែតុលា បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម សម្រាប់ដំណើរទស្សនកិច្ចពីរថ្ងៃ។ នៅក្នុងដំណើរទស្សនកិច្ចនេះ សម្ដេចនាយករដ្ឋមន្ត្រីនិងភាគីវៀតណាម ចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ស្ដីពីការទទួលស្គាល់បង្គោលព្រំដែន នៃប្រទេសទាំងពីរ ដែលសម្រេចបានចំនួន ៨៤ភាគរយ។ ពិធីចុះហត្ថលេខាទទួលយក សមិទ្ធផល៨៤ភាគរយ នៃការកំណត់ខ័ណ្ឌសីមាព្រំដែន រវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងវៀតណាម នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែតុលា ដោយផ្អែកលើមូលដ្ឋានផែនទី បោះនៅប្រទេសដាណាម៉ាកចំនួន ៥០០សន្លឹក។ សម្រាប់កម្ពុជា ទម្រាំឈានដល់ការចុះកិច្ចព្រមព្រៀង ទទួលស្គាល់លើបង្គោលខ័ណ្ឌសីមា ដែលសម្រចបាន ៨៤ភាគរយនេះ ភាគីទាំងពីរបានធ្វើការចរចា យ៉ាងស្វិតស្វាញពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៦ ពោលគឺមានរយៈពេល១៤ឆ្នាំគត់។

បន្ថែមលើនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២ ខែតុលាបានរំឭកថា តំបន់ដែលកម្ពុជា និងវៀតណាមកំណត់ខ័ណ្ឌសីមាសម្រេចបាន ៨៤ភាគរយនេះ គ្រាមុន ជាសមរភូមិស៊ីសាច់ហុតឈាម តែពេលនេះបានប្រែក្លាយជា តំបន់ទេសចរណ៍ និងតំបន់ដាំដុះ។ ចំណែកការងារកំណត់ខ័ណ្ឌសីមា ១៦ភាគរយទៀតគឺ ក្រុមការងារនៃប្រទេសទាំងពីរ កំពុងតែដោះស្រាយជាបន្តបន្ទាប់។ សូមជម្រាបជូនថា កម្ពុជានិងវៀតណាមបានបោះបង្គោល លើព្រំដែនចម្ងាយ ១.០៤២គីឡូ ម៉ែត្រ លើបន្ទាត់ព្រំដែនដែលមានចម្ងាយ ១.១៣៧គីឡូម៉ែត្រ ហើយបានបោះបង្គោលព្រំដែនចំនួន ៣១៥បង្គោល ក្នុងចំណោមបង្គោលចំនួន ៣៧១។ រដ្ឋាភិបាលកម្ពុជាធ្លាប់បានប្ដេជ្ញាថា កម្ពុជានិងវៀតណាមនឹងបញ្ចប់ការ បោះបង្គោលព្រំដែនឲ្យចប់សព្វគ្រប់ក្នុងពេលឆាប់ ដើម្បីកសាងព្រំដែនរួមគ្នាមួយ ប្រកបដោយសន្តិភាព។

*ក្រៅពីប្រមុខរដ្ឋាភិបាលខ្មែរ ចេញពីក្រៅប្រទេសនោះ តើប្រមុខរដ្ឋប្រទេសណាខ្លះធ្វើដំណើរ មកប្រទេសកម្ពុជាវិញនោះ?

-ផ្ដើមពីលោកបណ្ឌិត មហាធា មហាម៉ាត់ ) Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងភរិយា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី មានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការរបស់ បណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជា ជាការរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។

បន្ថែមលើនេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានចាប់ផ្តើមធ្វើបាឋកថា ជូនដល់និស្សិតខ្មែរប្រមាណ ៧០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ )RUPP) ក្រោមប្រធានបទ «ការរក្សាតុល្យភាពទំនាក់ទំនង ជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន»។ លោក មហាធា ធ្លាប់បានមកកាន់ប្រទេសកម្ពុជា ចំនួន៤លើករួចទៅហើយ ក្នុងនោះមាននៅឆ្នាំ១៩៩៤ ក្នុងនាមនាយករដ្ឋមន្រ្តី បន្ទាប់មកនៅខែវិច្ឆិកា ឆ្នាំ២០០២ ក្នុងនាមជានាយករដ្ឋមន្រ្តី ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបន្តទៀតនៅឆ្នាំ២០០៦ ក្រោយពេលបាត់បង់តំណែងនាយករដ្ឋមន្រ្តី ប៉ុន្តែវត្តមានរបស់ មហាធា មកកាន់កម្ពុជាពេលនោះ ក្រោមការអញ្ជើញរបស់ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ហើយនឹងចុងក្រោយនៅឆ្នាំ២០០៩ ជាលក្ខណៈឯកជន។

-នាយករដ្ឋមន្ត្រីឡាវ លោកថងលូន ស៊ីស៊ូលីត ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ច នៅកម្ពុជារយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។ លោកនាយករដ្ឋមន្ត្រីឡាវ មកកាន់កម្ពុជានេះក្នុងគោលបំណង ជួបពិភាក្សាគ្នាដោយផ្ទាល់ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីស្វែងរកដំណោះស្រាយ លើបញ្ហាព្រំដែនដែលនៅសេសេសល់ រវាងប្រទេសជិតខាងទាំងពីរ។

-បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគី របស់មេដឹកនាំទាំងពីរ កម្ពុជា-ឡាវ បានចុះកិច្ចព្រមព្រៀង ឯកសារកិច្ចព្រមព្រៀងចំនួន៥ ដែលក្នុងនោះមានដូចជា៖

១៖ អនុស្សារណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យការងារ រវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ (ហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ខាំផែង សាយ សំផេង រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម)។

២៖ កិច្ចព្រមព្រៀង ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យ ថាមពលរវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ (ចុះហត្ថលេខាដោយលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក ខាំម៉ានី អ៊ីនធីរ៉ាត់ រដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែ)។

៣៖ កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គសនីឡាវ សម្រាប់ការនាំចូល អគ្គិសនីអនុភាព ៥០០មេហ្គាវ៉ាត់ ពីវារីអគ្គិសនីអាត់តាពើ ប្រទេសឡាវ (ភាគីកម្ពុជាចុះ ហត្ថលេខាដោយ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងកំពុងរងចាំសមាភាពពីភាគីឡាវ)។

៤៖ កិច្ចព្រមព្រៀទិញ-លក់អគ្គិសនី រវាងអគ្គសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោងរោងចក្រ ផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព៦00 មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ (ភាគីកម្ពុជាចុះហត្ថលេខាដោយ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងកំពុងរងចាំសមាភាពពីភាគីឡាវ)។

៥៖ កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវងអគ្គិសនីកម្ពុជា និងក្រុមហ៊ុម XEKONG THERMAL POWER PLANT COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្ម អនុភាព ១៨០០ មេហ្កាវ៉ាត់ នៅខេត្តសេកុង (ភាគីកម្ពុជាចុះហត្ថលេខា ដោយ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក អគ្គិសនីកម្ពុជា និងកំពុងរងចាំសមាភាព ពីភាគីឡាវ)។

-លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួន មកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នៅព្រឹកថ្ងៃទី៣០ ខែមេសា លោកស្រី អោង សានស៊ូជី បានអញ្ជើញបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ហើយបន្ទាប់ពីនោះ លោកស្រីមានជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ ក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោកស្រី អោង សានស៊ូជី បានឯកភាពគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ។

-លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) ប្រធានាធិបតី ស្រីលង្កា បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកម្ពុជា រយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។ ក្នុងវេទិកាធុរកិច្ចកម្ពុជា-ស្រីលង្កា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា នៅដំណាក់កាលចុងក្រោយនេះ គឺមានលក្ខណៈជាមិត្តភាពកាន់តែស្និទ្ធស្នាល តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ។ សម្តេចបានថ្លែងថា កម្ពុជា និងស្រីលង្កា បានចាប់ផ្តើមមានទំនាក់ទំនងការទូត ជាមួយគ្នាតាំងពីជាង ៦ទសវត្សមុនមកម្ល៉េះ ពោលគឺចាប់ពីឆ្នាំ១៩៥២ ប៉ុន្តែចំណងការទូតនេះ ត្រូវបានផ្អាកមួយរយៈដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧៥។

-លោក មូន ចេអ៊ីន (Moon Jae-in) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ នាឱកាសវេទិកាធុរកិច្ច កម្ពុជា-កូរ៉េ សម្ដេច តេជោ ហ៊ុន សែន បានបញ្ជាក់អំពីការផ្តល់ឥណទាន សម្បទានពីសំណាក់សាធារណរដ្ឋកូរ៉េ សម្រាប់ពីចន្លោះឆ្នាំ ២០១៩ ដល់ ឆ្នាំ ២០២៣ ។ នៅក្នុងឆ្នាំ២០១៩-២០២៣ សាធារណរដ្ឋកូរ៉េ បានបន្តផ្ដល់ឥណទានសម្បទាន សរុបចំនួន ៧០០លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលយើងទាំងពីរ ទើបតែបានចុះហត្ថលេខា លើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចមុននេះបន្តិច។

*នៅក្នុងឆ្នាំ២០១៩ ដដែលកម្ពុជាបានទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមួយចំនួនផងដែរ។ ជាក់ស្ដែងកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនៃវេទិកាសភាតំបន់អាស៊ី ប៉ាស៊ីហ្វិក នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ មករា ។ កិច្ចប្រជុំលើកទី២៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូ ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចិរភាព»។ ក្នុងនោះគណៈប្រតិភូជាង២០០នាក់ មកពី២១ប្រទេស នឹងមានវត្តមានលើទឹកដីអង្គរ ក្នុងខេត្តសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំលើកទី២៧ នៃវេទិកាសភាតំបន់ អាស៊ីប៉ាស៊ីហ្វិក។ វេទិកាសភា អាស៊ី ប៉ាស៊ីហ្វិក ឬ Asia Pacific Parliamentary Forum ហៅកាត់ថា APPF បានបង្កើតឡើងនៅទីក្រុងតូក្យូ ក្នុងឆ្នាំ១៩៩៣។ APPF មានសមាជិកពេញសិទ្ធិចំនួន ២៧ប្រទេស។ សម្រាប់កម្ពុជា ការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ APPF នាពេលនេះ គឺជាជោគជ័យលើ វិស័យការទូតសភាកម្ពុជា។

-បន្តមកកម្ពុជាបានរៀបចំ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិ ២០១៩ )Asia Pacific Summit 2019) ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលជាង ៥០ប្រទេស រួមនឹងតំណាងអង្គការនានា វិស័យឯកជន ក្រុមសិល្ប ករនិងក្រុម យុវជនពីបណ្តាប្រទេសជាង ១៥០ប្រទេសថែមទៀត។

កិច្ចប្រជុំកំពូលអាស៊ី ប៉ាស៊ីហ្វិក នេះក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហា ប្រឈមគន្លឹះនាពេល បច្ចុប្បន្ន៖ សន្តិភាព ការផ្សះផ្សាជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅ មកនិងគុណតម្លៃ សាកល» ដោយមានការអញ្ជើញចូលរួម ដ៏ខ្ពង់ខ្ពស់ពីសម្ដេចនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ផ្ដល់សុន្ទរកថាបើក នៅថ្ងៃទី១៩ វិច្ឆិកា នៅវិមានសន្តិភាព។

-លោកអ្នកស្ដាប់ចេញពីរឿងរ៉ាវនយោបាយ ទំនាក់ទំនងការបរទេស យើងងាកមកចាប់អារម្មណ៍ ពីកំណើនសេដ្ឋកិច្ចវិញម្ដង! ផ្ដើមចេញពីធនាគារអភិវឌ្ឍអាស៊ីADB៖

ស្ថាប័នអន្តរជាតិមួយនេះថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅតែរឹងមាំសម្រាប់ឆ្នាំ២០២០ ដោយសន្ទុះនៃផលិតផលសរុបក្នុងស្រុក (GDP) ស្ថិតក្នុងអត្រា ៦.៨ភាគរយ ដែលថមថយបន្តិចជាងសន្ទុះ ៧ភាគរយ សម្រាប់ឆ្នាំ២០១៩នេះ។ នេះបើយោងតាមការព្យាករណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅក្នុងរបាយការណ៍ចុងក្រោយស្តីពី ទិដ្ឋភាពទូទៅនៃការអភិវឌ្ឍ ក្នុងតំបន់អាស៊ីឆ្នាំ២០១៩ (Asian Development Outlook 2019 Update) ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញានេះ។

អ្នកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ចុះផ្សាយថ្ងៃពុធនេះថា៖ «សេដ្ឋកិច្ចកម្ពុជានៅតែ បន្តរីកលូតលាស់ក្នុងសន្ទុះរឹងមាំ ដោយសារភាពរឹងមាំនៃវិស័យកាត់ដេរ ទេសចរណ៍ និងសំណង់‍‍»។

ក៏ប៉ុន្តែ អ្នកស្រីក៏បានកត់សម្គាល់ថា «ប្រទេសកម្ពុជាចាំបាច់ត្រូវតែ ផ្តោតលើយុទ្ធសាស្ត្រពិពិធកម្ម ឬការធ្វើឲ្យសេដ្ឋកិច្ចរីកចំរើន ពីគ្រប់វិស័យដែលនាំមកនូវសេវាកម្ម និងផលិតផលដែលមានតម្លៃខ្ពស់‍» ដើម្បីទប់ស្កាត់កត្តាប្រឈមនានា ដែលអាចបណ្តាលមកពីភាព មិនប្រាកដប្រជានៃស្ថានភាព ពាណិជ្ជកម្មក្នុងសាលកលោក។

ចំណែក ធនាគារពិភពលោកបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះពី៧% នៅឆ្នាំ២០១៩ មកនៅត្រឹម ៦.៨% នៅឆ្នាំ២០២០ និងឆ្នាំ២០២១ខាងមុខ។ ការព្យាករណ៍នេះគឺស្របនឹង ការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីខែកញ្ញាកន្លងទៅនេះដែរ។ របាយការណ៍ដដែល បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងធ្លាក់ចុះពី៧%នៅឆ្នាំ២០១៩ មកនៅត្រឹម៦.៨% នៅឆ្នាំ២០២០និងឆ្នាំ២០២១ ខាងមុខ ខណៈដែលវិស័យនាំចេញនៅរឹងមាំ ប៉ុន្តែស្រុតចុះបន្តិច។

យ៉ាងណាក៏ដោយ អ្នកជំនាញសេដ្ឋកិច្ច នៅធនាគារពិភពលោក បានអះអាងថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចកម្ពុជានេះ នៅមិនទាន់បង្កជាហានិភ័យខ្ពស់ ឬការព្រួយបារម្ភខ្លាំងនៅឡើយទេ ត្បិតកំណើន ៦.៨% នេះ នៅតែប្រសើ បើធៀបនិងបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

ប៉ុន្តែរបាយការណ៍បានព្រមានថា នៅចំពោះមុខនេះ មានហានិភ័យមួយចំនួន រួមទាំងភាពមិនប្រាកដប្រជា ជុំវិញលទ្ធភាពរបស់កម្ពុជា ក្នុងការនាំទំនិញទៅលក់ នៅទីផ្សារអឺរ៉ុបក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលស្រូបយក ៤០% នៃផលិតផលនាំចេញពីកម្ពុជា។ ការស្រុតចុះដោយគំហុកណាមួយ នូវសេដ្ឋកិច្ចរបស់ចិន ដោយសារសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក នឹងធ្វើឲ្យលទ្ធភាពកំណើនសេដ្ឋកិច្ច របស់កម្ពុជាទ្រោមចុះទៀត នៅពេលដែលសេដ្ឋកិច្ចនេះ ពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស (FDI) និងភ្ញៀវទេសចរពីប្រទេសចិននោះ។

លោកស្រី វិចតូរីយ៉ា ក្វាក្វា អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានមានប្រសាសន៍ នៅក្នុងរបាយការណ៍នេះថា «កាលណាល្បឿននៃកំណើនសេដ្ឋកិច្ចថយចុះ អត្រានៃការកាត់បន្ថយភាពក្រីក្រក៏ថយចុះទៅតាមហ្នឹងដែរ»។

គួរជំរាបជូនថា ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាដោយធនាគារពិភពលោកនេះ គឺស្របនឹងការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីខែកញ្ញា កន្លងទៅនេះដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានអត្រា៧%ក្នុងឆ្នាំ២០១៩ នឹងធ្លាក់មកនៅត្រឹម ៦.៨% នៅឆ្នាំ២០២០ ស្របពេលដែលរដ្ឋាភិបាលកម្ពុជាឯណោះវិញ បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំក្រោយ គឺមានត្រឹមតែ ៦.៥% ប៉ុណ្ណោះ។ នោះប្រសិនបើ សហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាមែន។

-អំពីសេដ្ឋកិច្ចដែរ ប្រទេសកម្ពុជា និងប្រទេសចិន បានចាប់ផ្ដើមកិច្ចចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរនៅថ្ងៃទី៤ ខែធ្នូ។ «ពេលណាដែលយើងមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទីផ្សារចិន នឹងបើកចំហសម្រាប់ទំនិញរបស់កម្ពុជា»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ។

ប៉ុន្តែកម្ពុជាមិនទាន់ក្លាយជា ប្រទេសនាំចេញផលិតផលសម្បូរបែប ទៅក្រៅប្រទេសដូចជាប្រទេសចិននៅឡើយទេ។ បច្ចុប្បន្នទំនិញនាំចេញរបស់កម្ពុជា ភាគច្រើនគឺជាទំនិញវាយនភណ្ឌដូចជា សំលៀកបំពាក់ និងស្បែកជើងជាដើម ដែលផលិតដោយកម្មករ កម្មការិនីរោងចក្រកាត់ដេរខ្មែរប្រមាណ ៨សែននាក់ទូទាំងប្រទេស។ ទំនិញទាំងនេះ ភាគច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុប មិនមែនទៅកាន់ទីផ្សារចិននោះទេ។ បណ្ដូរពាណិជ្ជកម្មរវាងចិននិងកម្ពុជា បានកើនដល់៥,៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ដោយ៨០ភាគរយនៃចំនួននេះ គឺចិននាំចូលកម្ពុជា។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។

ក្រុមអ្នករិះគន់ លើកឡើងថាកម្ពុជា នឹងក្លាយជាទីផ្សារសម្រាប់ មិនត្រឹមតែទំនិញចិនទេ តែថែមទាំងជនជាតិចិនផងដែរ ដូចដែលកំពុងតែកើតមានឡើង ក្នុងក្រុងព្រះសីហនុស្រាប់។ ជនជាតិចិនបានកាន់កាប់ ជំនួញកាស៊ីណូសណ្ឋាគារ និងភោជនីយដ្ឋានស្ទើរតែ ទាំងស្រុងនៅក្នុងក្រុងព្រះសីហនុ។ ប៉ុន្តែ សម្ដេច ហ៊ុន សែន បានថ្លែងថាការរិះគន់វត្តមាន និងជំនួញរបស់ចិននៅកម្ពុជា គឺគ្រាន់តែការបង្កើតរឿង ដោយសម្ដេចលើកឡើងថា ទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន កើតមាននៅតាមប្រទេសដទៃទៀត ជាច្រើនរួមទាំងសហរដ្ឋអាមេរិកផងដែរ៕

*ដំណាលគ្នានឹងភាពល្អប្រសើរ នៃកំណើនសេដ្ឋកិច្ចភាពមិនច្បាស់លាស់ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប និងប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក ក៏កំពុងស្ថិតក្នុងដំណាក់ មិនច្បាស់លាស់ដែរថា បន្តឬកាត់ផ្ដាច់៖

-ដំបូងឡើយ ក្រសួងការបរទេសកម្ពុជា បានបញ្ជូនបេសកកម្មពិសេសមួយ ទៅកាន់សហភាពអឺរ៉ុប ដើម្បីបញ្ចុះបញ្ចូលនិង ទប់ស្កាត់ វិធានការដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងគ្រឿងសញ្វវុធ» ពីប្រទេសកម្ពុជា (EBA) ។ ប្រព័ន្ធអនុគ្រោះពន្ធ បានអនុញ្ញាតឱ្យកម្ពុជា នាំចូលដោយរួចពន្ធទៅសហភាពអឺរ៉ុប ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍។ បេសកកម្មនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុប កាលពីពេលថ្មីៗនេះ បានកំណត់យុទ្ធសាស្រ្តមួយចំនួន ដើម្បីសង្គ្រោះអតីតគណបក្សសង្រ្គោះជាតិឡើងវិញ។

-ទោះយ៉ាងណាសហភាពអឺរ៉ុប បានបញ្ជាក់ជំហរជាថ្មីទៀតថា ខ្លួនចាប់ផ្តើមអនុវត្តដំណើរការ ដកប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា តែថានៅបើកទ្វារចំហសម្រាប់ ការសន្ទនាទាក់ទងនឹងការបន្ត គោលនយោបាយអនុគ្រោះពន្ធដល់កម្ពុជា ក្នុងការនាំទំនិញទៅកាន់ទីផ្សារប្រទេសលោកសេរី ដោយរួចពន្ធ។ ជាមួយគ្នានេះ សហភាពអឺរ៉ុប បានព្រមានថា ការអនុគ្រោះពន្ធនឹងត្រូវបញ្ចប់ បើកម្ពុជាមិនកែលម្អ ផ្នែកសិទ្ធិមនុស្ស។ នេះជាការលើកឡើងរបស់លោកស្រី Cecilia Malstromស្នងការអឺរ៉ុបសម្រាប់ពាណិជ្ជកម្ម ខណៈលោកស្រីចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីក្រៅផ្លូវការមួយនៅប្រទេសអូទ្រីស។

-ក្នុងនោះ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីថ្ងៃទី១ សីហា បានជួបប្រជុំទ្វេភាគីជាមួយលោកស្រី Federica Mogherini តំណាងជាន់ខ្ពស់ផ្នែកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ របស់សហភាពអឺរ៉ុបនៅទីក្រុងបាងកកប្រទេសថៃ។ ជំនួបនេះ ត្រូវបានគេដឹងថា បានផ្តោតជាសំខាន់លើបញ្ហា EBA ខណៈគណៈកម្មការអឺរ៉ុប គ្រោងនឹងធ្វើសេចក្តីសន្និដ្ឋានមួយ នៅត្រឹមពាក់កណ្តាលខែសីហានេះ ក្រោយពីបញ្ចប់នីតិវិធីឃ្លាំមើល និងពិភាក្សាផ្ទៃក្នុងអស់រយៈពេល ៦ខែមក។

-បន្ថែមលើនេះ តំណាងវិស័យឯកជនចំនួន ៣៩ នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមករា បានសរសេរលិខិតមួយ ទៅកាន់មេដឹកនាំគណៈកម្មការអឺរ៉ុប និងភាគីពាក់ព័ន្ធផ្សេងទៀត ដោយសម្តែងនូវការព្រួយបារម្ភចំពោះ ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ដោយមើលឃើញពីផលប៉ះពាល់ ដែលនឹងកើតចេញបញ្ហានេះ តំណាងវិស័យឯកជនទាំង៣៩ បានអំពាវនាវកុំឲ្យសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

-ប៉ុន្តែយ៉ាងណាក៏ដោយម្ដងជាពីរដង កម្ពុជាតាមរយៈជំហរប្រមុខរដ្ឋាភិបាលគឺ កម្ពុជាមិនយកអធិបតេយ្យភាព របស់ខ្លួនទៅប្តូរនឹងជំនួយអន្តរជាតិនោះទេ។ ទោះមិនសំដៅឲ្យចំ តែប្រមុខរដ្ឋាភិបាលខ្មែរ ទំនងឆ្លើយតបទៅកាន់សហភាពអឺរ៉ុប ដែលប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងចាប់ផ្តើមអនុវត្តដំណើរការ ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ មែនទែនទៅតាមប្រសាសន៍ របស់សម្ដេចនាយករដ្ឋមន្រ្តី រដ្ឋាភិបាលកម្ពុជាហាក់មិនខ្វល់ខ្វាយ នឹងការព្រមានរបស់សហភាពអឺរ៉ុបនេះឡើយ។

បន្ថែមលើនេះទៀតកម្ពុជា កំពុងបង្កើតយុទ្ធនាការមួយ ដើម្បីពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីត្រៀមទប់ទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ របស់អឺរ៉ុបនិងអាមេរិក។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី គឺបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកពីររូប ទើបស្នើសេចក្តីព្រាងច្បាប់ថ្មីមួយ ស្តីពី ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩ ដើម្បីឲ្យរដ្ឋបាលអាមេរិកលោក ដូណាល់ ត្រាំ ពិចារណាឡើងវិញនូវការអនុគ្រោះពន្ធទូទៅ GSPដល់កម្ពុជា និងខណៈពេលដែលសហភាពអឺរ៉ុប កំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។

*សោកនាដកម្មប្រចាំឆ្នាំ ដែលមិនអាចបំភ្លេចបានករណី រលំអគារនៅខេត្តព្រះសីហនុ សម្លាប់មនុស្ស ២៨នាក់ ស្លាប់ និងរងរបួស ២៦នាក់ ។ នាក់ឈានដល់ការដកតំណែង និងលាលែងពីមុខតំណែងរបស់ មន្ត្រីមួយចំនួនទៀតផងជុំវិញករណីនេះ៖

-ករណីបាក់រលំអគារកើតឡើង នៅព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលកំពុងដំណើរការសាងសង់កម្ពស់ ៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស ៤នាក់ រហូតមកដល់ពេលនេះ ក្នុងនោះមានជនជាតិចិន ៣នាក់ ដែលជាម្ចាស់ការដ្ឋានសំណង់ អ្នកម៉ៅការសាងសង់ អ្នកម៉ៅការបូកជញ្ជាំងអគារ និងជនជាតិខ្មែរម្នាក់ដែលជាម្ចាស់ដី។ នេះបើយោងតាមសេចក្តីប្រកាស របស់អាជ្ញាធរខេត្ត។ សំណង់ដែលបាក់នេះ មានទទឹង១៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រ និងកំពុងដំណើរការសាងសង់ បានប្រមាណ ៧០ទៅ៨០ភាគរយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ខេត្តព្រះសីហនុ។ អាជ្ញាធរកំពុងស៊ើបអង្កេត រកមូលហេតុនៃការបាក់អគារនេះ។

លោក យន្ត មីន ដែលកាលណោះជាអភិបាលខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មាន នៅកន្លែងបាក់សំណង់អគារថា អាជ្ញាធរបានឃាត់សំណង់នេះ ចំនួន២ដងរួចមកហើយ ដោយលោកថាការធ្វើសំណង់នេះ មិនអនុវត្តតាមបច្ចេកទេស។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា មូលហេតុអ្វីបានជាមិនមាន ការបញ្ឈប់ការដ្ឋានសំណង់ រហូតមកដល់ថ្ងៃគ្រោះថ្នាក់។

-មួយថ្ងៃបន្ទាប់ពីហេតុការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកាន់ខេត្ដព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីផ្តល់កម្លាំងចិត្ត ដល់ក្រុមគ្រួសារជនរងគ្រោះ និងលើកទឹកចិត្តដល់បងប្អូនដែល ចូលរួមនៅក្នុងបេសកកម្មរុករកអ្នករងគ្រោះ ដោយសារឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៧ជាន់ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៥ ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ ឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩នាក់ ក្នុងនោះស្លាប់ចំនួន២៥នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់)។

-តាមរយៈឧបទ្ទវហេតុរលំអគារនេះ សម្ដេចនាយករដ្ឋមន្ត្រី បានសម្រេចដកលោក ញឹម វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មកាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ។ សម្ដេចបានសរសេរលើហ្វេសប៊ុក នៅរសៀលថ្ងៃទី២៤ ខែមិថុនាដូចនេះថា «ខ្ញុំក៏សូមបញ្ជាក់ថា ថ្ងៃនេះខ្ញុំបានសម្រេចចិត្តដកឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ ដោយមូលហេតុខ្វះការ ទទួលខុសត្រូវ និងភូតភរ»។

-ជំនួសតំណែង លោក ញឹម វណ្ណដា ភ្លាមៗក្រោយដកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ចេញពីតំណែងអនុប្រធានទី១នៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីសម្រេចនៅថ្ងៃទី២៤ មិថុនានេះ តែងតាំងទេសរដ្ឋមន្ត្រី គន់ គីម ជំនួស។ សម្តេចនាយករដ្ឋមន្រ្តី បានសរសេរលើទំព័រហ្វេសប៊ុកថា ការដកតំណែងនេះ គឺដោយសារតែលោក ញឹម វណ្ណដា ខ្វះការទទួលខុសត្រូវ និងភូតភរ។ ប្រមុខរដ្ឋាភិបាល ពុំបានបញ្ជាក់ឡើយថា លោក ញឹម វណ្ណដា ខ្វះការទទួលខុសត្រូវ និងកុហកលើរឿងអ្វី ប៉ុន្តែ ទំនងជាពាក់ព័ន្ធនឹងការបាក់រលំអគារនៅខេត្តព្រះសីហនុ។

-ជុំវិញករណីរលំអគារនេះ លោក យន្ត មីន អភិលបាលខេត្តព្រះសីហនុ សុំលាលែងពីមុខតំណែង ហើយសម្ដេចក៏បានទទួល សំណើលាលែងរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដោយដាក់លោក គួច ចំរើន ដែលជាអភិបាលខេត្តកំពង់ចាមជំនួស។

លោក យន្ត មីន បានបង្ហោះសារក្នុងទំព័រហ្វេសប៊ុក សម្ដែងការសោកស្ដាយជាខ្លាំង និងសុំការអភ័យទោសពី ក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់។ លោក យន្ត មីន ថា ហេតុការណ៍រលំអគារនេះ ជាការទទួលខុសត្រូវរបស់លោក ហើយលោកក៏ស្នើសុំសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លាចេញពីតំណែងដែរ៕

To Top
×