ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ យករាជធានី-ខេត្ត៤ សម្រាប់សិក្សានីតិវិធី ផ្តល់សេវាដីធ្លីតាមការិយាល័យ ច្រកចេញ-ចូលតែមួយឡើងវិញ

ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សាការងារ រវាងរដ្ឋបាលធានីភ្នំពេញ និងក្រុមការងារអន្តរក្រសួង ស្តីពីចុះសិក្សាទំរង់បែបបទ និងនីតិវិធី នៃការផ្តល់សេវា ក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃបានកំណត់យករាជធានី-ខេត្តចំនួន៤ដើម្បីសិក្សា ពីនីតិវិធីផ្តល់សេវាដីធ្លីឡើងវិញ នៅថ្នាក់ក្រោមជាតិតាម ការិយាល័យច្រកចេញ-ចូលតែមួយ ដើម្បីធានាផ្តល់សេវាឲ្យប្រជាពលរដ្ឋ កាន់តែងាយស្រួល ពិសេសបង្កើនចំណូលចូលថវិកាជាតិ  ។

រាជធានី-ខេត្តទាំងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងសៀមរាប។

លោក ប្រាក់ សំអឿន អគ្គនាយកនៃ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ អន្តរក្រសួង បានឲ្យដឹងថា ការសម្រេចសិក្សា ពីនីតិវិធីផ្តល់សេវាដីធ្លី នៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះជាការកែទម្រង់ ការផ្តល់សេវាឲ្យកាន់តែងាយស្រួលប្រកប ដោយគុណភាព ជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននីតិវិធីនៃការផ្តល់សេវាដីធ្លី នៅតាមការិយាល័យ ច្រកចេញ-ចូលតែមួយ មានភាពលំបាកស្មុគស្មាញដែលជា ហេតុផ្តល់សេវាពុំសូវបានល្អ ។

កិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញគាំទ្រ ដោយយល់ឃើញថា នឹងជួយដោះស្រាយការ លំបាកជាច្រើនរវាងមន្រ្តីផ្តល់សេវា និងអ្នកមកទទួលសេវាឲ្យ កាន់តែងាយស្រួលជាង មុនពោលគឺលឿនរហ័ស និងប្រកបដោយគុណភាព ។

លោកអភិបាលបានអះអាងថា កន្លងមកនេះប្រជាពលរដ្ឋបានគាំទ្រយ៉ាងខ្លំាងលើការមកទទួលសេវា ផ្នែកនេះនៅរាជធានីភ្នំពេញ ប៉ុន្តែក៏បានជួបបញ្ហាប្រឈមមួយចំនួន ក្នុងការផ្តល់សេវាមិនបានទាន់ពេលវេលាផងដែរ ដោយសារប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំដាក់ពាក្យពុំបានភ្ជាប់ជាមួយនឹងឯកសារគ្រប់គ្រាន់ ការដកឯកសារត្រឡប់ទៅវិញ ហើយលក់ទៅឲ្យអ្នកដទៃ ច្រើនដំណាក់កាល ឯកសារមានជាប់បណ្តឹង ខ្វះស្នាមមេដៃអ្នកជាប់ព្រំជាដើម ។ 

សូមបញ្ជាក់ថា ចាប់ពីបើកដំណើរការ ការិយាល័យច្រកចេញ-ចូលតែមួយ នៅរាជធានីភ្នំពេញ ចាប់ពីឆ្នាំ២០១៧មក ដល់ដំណាច់ឆ្នាំ២០១៩ ការិយាល័យនេះ បានផ្តល់សេវាជូនប្រជាពលរដ្ឋជាង ៣១ ០០០សេវា ហើយទទួលបានទឹកប្រាក់ ចូលថវិកាជាតិជាង ៤ ៧៤៤លានរៀល ៕

ដោយ៖ ដារាត់

To Top