ព័ត៌មានជាតិ

សម្តេចតេជោ សួរសុខទុក្ខជនរងគ្រោះ ករណីបាក់អាគារនៅកែប ខណៈក្រុមការងារ កំពុងរុករកជនរងគ្រោះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសួរសុខទុក្ខជនរងគ្រោះជាច្រើននាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកែប នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ខណៈក្រុមការងារកំពុងបន្តរុករកអ្នករងគ្រោះ។

បើតាមហ្វេសប៊ុកសម្តេចតេជោ គិតត្រឹមម៉ោង៥ព្រឹក ថ្ងៃទី៤ មករា ឆ្នាំ២០២០ ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់បានរកឃើញជនរងគ្រោះចំនួន២៥នាក់ ក្នុងនោះមានស្លាប់៧នាក់។ មកទល់ព្រឹកថ្ងៃទី ៤ មករានេះ ក្រុមការងារសង្រ្គោះបន្ទាន់ កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែក រុករកបន្តទៀត។

កាលពីយប់មិញថ្ងៃទី ៣ មករា សម្តេចតេជោបានអញ្ជើញធ្វើដំណើរពីភ្នំពេញមកទាំងយប់ ហើយបាននៅជាមួយក្រុមការងារចម្រុះសង្គ្រោះបន្ទាន់រហូតដល់ម៉ោង ៥ទៀបភ្លឺ ចូលដល់ថ្ងៃទី ៤ មករា។ ពេលនោះបានជួយសង្គ្រោះជនរងគ្រោះ ២នាក់ប្តីប្រពន្ធរួចផុតពីសេចក្តីស្លាប់ ។ បន្ទាប់មក សម្តេចតេជោ ក៏បានបន្តអញ្ជើញមកសួរសុខទុក្ខពួកគាត់ ទាំងពីរនាក់ និងបងប្អូនរងគ្រោះជាច្រើនទៀតនៅមន្ទីរពេទ្យបង្អែកខេត្តកែបនេះ។

សូមបញ្ជាក់ផងដែរថា អគារធ្វើពីស៊ីម៉ង់បេតុងសសៃដែកកម្ពស់៦ជាន់ថ្មីនេះ បានបាក់រលំនៅម៉ោងប្រមាណ ៤:៣០នាទីល្ងាចថ្ងៃទី៣ មករា ហើយក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងនេះបាក់រលំ។

អគារខាងលើនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេល ដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការ ចូលរួមដោយកម្លាំងចម្រុះ ក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នក ស្ម័គ្រចិត្ត ជាច្រើនរូបផងដែរ ហើយមកទល់ពេលនេះ សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅក្នុងខេត្តកែបនៅឡើយ៕

To Top