ព័ត៌មានជាតិ

ឧបទ្ទវហេតុរលំអគារ នៅខេត្តកែប! រាជរដ្ឋាភិបាលផ្ដល់ថវិកា ១ម៉ឺនដុល្លារ ដល់អ្នករបួស និងជាង ៥ម៉ឺនដុល្លារ ដល់គ្រួសារសពក្នុងម្នាក់ៗ

ភ្នំពេញ៖ ដើម្បីជួយសម្រាលការលំបាក ដល់ក្រុមគ្រួសារជនរងគ្រោះ ក្នុងបទ្ទវហេតុរលំអគារនៅខេត្តកែប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសផ្ដល់ថវិកា ១ម៉ឺនដុល្លារដល់អ្នករងរបួស និងជាង៥ម៉ឺនដុល្លារ ដល់គ្រួសារសពក្នុងម្នាក់ៗ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរខមិនលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី៤ មករានេះថា «ដើម្បីសម្រាលនៅការលំបាក សម្រាប់ជនរងគ្រោះទាំងអ្នករបួសនិងគ្រួសារអ្នកដែលបានស្លាប់ ខ្ញុំសម្រេចជួយឧបត្ថម្ភអ្នករបួសក្នុងម្នាក់ ៤០លានរៀលស្មើរនឹង ១ម៉ឺនដុល្លារ 10,000$។ សម្រាប់អ្នកស្លាប់សាកសព មួយថវិកាចំនួន ២០០លានរៀលស្មើរនឹង ៥ម៉ឺនដុល្លារ 50,000$ និងបន្ថែម ១០លានរៀលសម្រាប់បុណ្យសពនីមួយៗ។ ថវិការរដ្ឋនិងថវិកាសប្បុរសជនត្រូវបាន ប្រើប្រាស់សម្រាប់ការងារនេះ។ ជំនួយការខ្ញុំលោក សេង ទៀង នឹងយកថវិការទៅដល់ផ្ទះនៃគ្រួសារសព»។

សូមរំលឹកថា នៅវេលាម៉ោង ៤៖៣០នាទី នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាករលំអគារមួយកន្លែង កម្ពស់ ៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ។
សមត្ថកិច្ចចម្រុះកំពុងបន្តរុករក គ្រាដែលជនរងគ្រោះ ២៥នាក់ ត្រូវបានយកចេញពីការបាក់អគារ ក្នុងនោះអ្នកស្លាប់កើនដល់ ៧នាក់ហើយ ៕

To Top