ព័ត៌មានជាតិ

ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បដិសេធមិនទទួលយកលិខិត អំពាវនាវកម្មករស្នើឲ្យរក្សា EBA

ភ្នំពេញ៖ សហភាពសហជីពកម្ពុជា បង្ហាញការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំងចំពោះ មន្រ្តីខុទ្ទកាល័យនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបដិសេធមិនទទួលយក នូវសេចក្តី អំពាវនាវរ បស់កម្មករ កម្មការិនី កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ឲ្យរក្សាប្រព័ន្ធ អនុគ្រោះ ពន្ធគ្រប់ប្រភេទ (EBA)។

សេចក្តីថ្លែងការណ៍របស់សហភាព សហជីពកម្ពុជា នៅថ្ងៃ៤ មករា បានឲ្យដឹងថា ទង្វើរបស់មន្ត្រី ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាការប្រមាថ និងមិនបានឲ្យតម្លៃ ទៅលើសេចក្តីអំពាវនាវ និងស្នាមមេដៃរបស់កម្មករ កម្មការិនី ចំនួន១៣៧៩នាក់ ដាក់ស្នើនាយករដ្ឋមន្ត្រី ឲ្យអនុវត្តតាមសំណើរបស់សហភាពអឺរ៉ុប ក្នុងគោលបំណងរក្សា ប្រព័ន្ធអនុគ្រោះពន្ធ ដើម្បីរក្សាការងារ និងជីវភាពរស់នៅរបស់ពួកគេ។

លិខិតបន្តថា ម៉្យាងទៀត មិនចង់ឲ្យមានការបាត់បង់ណាមួយ ដោយសារតែ រាជរដ្ឋាភិបាលកម្ពុជាបដិសេធសំណើ ដ៏ត្រឹមត្រូវរបស់សហភាពអឺរ៉ុប ដែលស្របទៅនឹងឆន្ទៈ របស់ប្រជារាស្ត្រខ្មែរ ដែលចង់ឃើញលទ្ធិប្រជាធិបតេយ្យ រស់ឡើងវិញ នៅកម្ពុជា។

ប្រភពបន្តថា “សហភាពសហជីពកម្ពុជា សូមឲ្យលោក នាយករដ្ឋមន្ត្រី អប់រំណែនាំដល់ មន្ត្រីខុទ្ទកាល័យរបស់លោក កុំឲ្យមានការបដិសេធ មិនទទួលរាល់លិខិតទាំង ឡាយ របស់ប្រជាពលរដ្ឋបន្តទៀត ដែលបានដាក់ជូនលោក ក្នុងគោលបំណងស្នើសុំ ស្វែងរកដំណោះស្រាយចំពោះករណីណាមួយ”។

កាលពីថ្ងៃ៣ មករាស្នាមមេដៃ ដែលជាសមាជិក-សមាជិកា របស់សហព័ន្ធសហជីព កម្ពុជា និងកម្មករ-កម្មការិនី ១៣៧៩ នាក់ បានដាក់ជូនរាជរដ្ឋាភិបាល ដើម្បីអំពាវ នាឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណា រក្សា ប្រព័ន្ធ អនុគ្រោះ ពន្ធ លេីទំនិញគ្រប់មុខ ។

មុនដាក់លិខិតស្នាមមេដៃនេះ សហព័ន្ធសហជីពកម្ពុជា បាន រៀបចំសន្និសីទ សារព័ត៌មាន ស្ដីពី យុនាការ ដេីម្បីរក្សា EBA ផងដែរ។

ជាមួយគ្នានេះដែរ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន យល់ឃើញថា ជុំវិញបញ្ហាEBAរាជរដ្ឋាភិបាល អាចដោះស្រាយជាមួយ សហភាពអឺរ៉ុបបាន ដើម្បីបញ្ចៀសការបាត់បង់ ហើយបន្ដ ឬមិនបន្ដ ស្ថិតក្នុងការសម្រេចចិត្ត របស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

សហភាពអឺរ៉ុប នឹងសម្រេចចិត្តជាចុងក្រោយ ត្រូវដកហូត ឬរក្សាទុក EBA នៅកម្ពុជាបន្ដទៀត នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ បន្ទាប់ពីបានរកឃើញ ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាប្រព័ន្ធនៅកម្ពុជា ។ EBA ធ្វើឲ្យកម្ពុជាចំណេញ ពន្ធនាំទំនិញ ចូលសហភាពអឺរ៉ុប ប្រមាណជា៧០០លានដុល្លារក្នុង១ឆ្នាំៗ។

ក្នុងករណីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន តែងតែប្រកាសថា លែងខ្វាយខ្វល់ ព្រោះមិនអាចដោះដូរជាមួយអាធិបតេយ្យភាព កម្ពុជាឡើយ៕

To Top