ព័ត៌មានជាតិ

លោក​ ហ៊ុន​ ម៉ាណែត​ ណែនាំពាក្យ​ ” អរគុណសន្តិភាព”​

ភ្នំពេញ:  ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងថា​ សូមអរគុណសន្តិភាព ក្នងរយៈកាលជាង ២០ឆ្នាំកន្លងមកនេះ ដែលសម្រេចបានក្រោមនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហើយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំរបស់កម្ពុជា។ 

ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារ ទីបញ្ជាការ ០១ ខ្នង និងបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០១៩ របស់កងពលតូចអន្តរាគមន៍លេខ១៤ ខេត្តពោធិ៍សាត់ ថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២០​ លោក​ឧត្តមសេនីយ៍​ លេីកឡេីងថា​ ក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតប្រឹងប្រែងរបស់កងពលតូចអន្តរាគមន៍លេខ១៤ ដែលកន្លងទៅនេះ បានបំពេញភារកិច្ចការពារជាតិ មាតុភូមិ ក្នុងនាមជាកម្លាំងចល័តអន្តរាគមន៍ ឱ្យតាមបណ្តាទិស​ នៅសមរភូមិមុខទិសយោធភូមិភាគទី៥ និងការបំពេញកិច្ចសហការ ជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពបានល្អប្រសើរ ជូនប្រជាពលរដ្ឋ ធានាបាននូវភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យនៅកម្ពុជា។

លោកបន្ថែមថា​ លទ្ធផលនៃវគ្គហ្វឹកហ្វឺនឆ្នាំ២០១៩នេះ បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែង របស់កងពលតូចអន្តរាគមន៍លេខ១៤ ក្នុងការអនុវត្តយ៉ាងសកម្មនូវការងារហ្វឹកហ្វឺន ដែលជាការងារស្នូលត្រូវធ្វើជាប់ជាប្រចាំ ដើម្បីឆ្លើយតបបានទៅនឹងសំណូមពរភារកិច្ចចំពោះមុខ ក៏ដូចជាតម្រូវការនៃការអភិវឌ្ឍសមត្ថភាព របស់យោធិន ដែលជាផ្នែកមួយដ៏សំខាន់នៃការងារកែទម្រង់របស់កងយោធពលខេមរភូមិន្ទ និងក៏បានបង្ហាញឱ្យឃើញផងដែរអំពីការប្តេជ្ញាចិត្ត និងការសាមគ្គីសហការជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់កងពល ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្ស ក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិ។

មិនតែប៉ុណ្ណោះ​ លោកសូមគាំទ្រចំពោះការបេ្តជ្ញាចិត្ត របស់កងពល ក្នុងការអនុវត្តទិសដៅ ការងារហ្វឹកហ្វឺនឆ្នាំ២០២០ ក្នុងនោះកងពលត្រូវបន្តសង្កត់ធ្ងន់ លើការពង្រឹងគុណភាពហ្វឹកហ្វឺន។ បន្តទៅនេះ គ្រប់បណ្តាអង្គភាព និងសាលាចំណុះកងទ័ពជើងគោក ត្រូវយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណា ឱ្យការហ្វឹកហ្វឺន ធានាបាននូវគុណភាព ជាជាងបរិមាណ។

លោកឧត្តមសេនីយ៍​ ក៏សូមចូលរួមអបអរសាទរ ចំពោះសមិទ្ធិផលអគារទីបញ្ជាការថ្មី ដែលកំពុងប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះ។ ជានិច្ចជាកាល ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខ របស់យោធិននៅគ្រប់បណ្តាកងឯកភាព តាមរយៈការជួយឧបត្ថម្ភគាំទ្រ គ្រប់បែបយ៉ាង និងការបង្កលក្ខណៈនានា សម្រួលការបំពេញការងារ ក៏ដូចជាការលើកស្ទួយជីវភាព និងសុខុមាលភាពរបស់កងទ័ព។

លោក​ ហ៊ុន​ ម៉ាណែត​ សូមថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងស្រុកក្រគរ ព្រមទាំងអគ្គិសនីកម្ពុជា ជាអង្គភាពសម្ព័ន្ធមេត្រីភាព ដែលជានិច្ចជាកាលតែងបានឧបត្ថម្ភគាំទ្រដល់កងពល រហូតអង្គភាព មានការរីកចម្រើនជាលំដាប់ និងដោះស្រាយបាននូវបញ្ហាលំបាក និងតម្រូវការជាក់ស្តែងចំពោះមុខនានា។

អំណោយផលនៃសន្តិភាព បាននិងកំពុងផ្តល់ឱ្យប្រជាជនកម្ពុជា នូវជីវភាពរស់នៅដ៏សុខសាន្ត ប្រកបដោយសុភមង្គល សិទ្ធសេរីភាពគ្រប់បែបយ៉ាង និងភាពសប្បាយរីករាយជួបជុំក្រុមគ្រួសារ ញាតិមិត្ត ក្នុងឱកាសបុណ្យតូចធំទាំងអស់ ក្នុងមាតុភូមិកម្ពុជា ជាទីស្នេហានៃយើង។

To Top