ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ចូលរួមថវិកាចំនួន២ម៉ឺនដុល្លារ សម្រាប់ជួយសម្រាលទុក្ខលំបាកដល់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុ រលំបាក់អគារ នៅខេត្តកែប

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចូលរួមថវិកា ចំនួន២ម៉ឺនដុល្លារ សម្រាប់ជួយសម្រាលទុក្ខ លំបាករបស់ជនរងគ្រោះ ក្នុងឧបទ្ទវហេតុរលំបាក់អគារនៅខេត្តកែប ។

សម្ដេចក្រឡាហោម បានសរសេរនៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០នេះថា “ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមនូវថវិកាចំនួន២ម៉ឺនដុល្លារ សម្រាប់ជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះ ដែលនៅរស់រានមានជីវិត និងគ្រួសារសពជនរងគ្រោះដែលបាត់បងជីវិត ក្នុងឧបទ្ទវហេតុរលំបាក់អគារនៅខេត្តកែប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។”

សម្ដេចសរសេរបន្ថែមថា សម្ដេច និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកនូវ សេចក្ដីទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ជនរងគ្រោះ ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ និងសូមឧទ្ទិសកុសល និងបួងសួងឲ្យវិញ្ញាណក្ខន្ធសព បានទៅកាន់ទីឋានស្ងប់ សុខកុំបីឃ្លាងឃ្លៀតឡើយ។

សម្ដេចបន្ថែមថា សម្ដេចនិងភរិយា ព្រមទាំងក្រុមគ្រួសារ ក៏សូមជូនពរដល់ជនរងគ្រោះ ដែលកំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ សូមឲ្យអ្នកទាំងអស់គ្នាឆាប់បានជាសះស្បើយ បានវិលទៅជួបជុំក្រុមគ្រួសារ និងប្រកបកិច្ចការដើម្បី បន្តទ្រទ្រង់ជីវិភាពប្រចាំថ្ងៃ ៕

To Top