ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ជ័យជំនះ ៧មករា ជាជ័យជំនះ របស់ជីវិតខ្មែរ

ភ្នំពេញ ៖ ខណៈថ្ងៃស្អែកជាថ្ងៃខួបលើកទី៤១ នៃជ័យជំនះ៧មករា លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ជ័យជំនះនេះ ជាជ័យជំនះ របស់ជីវិតពលរដ្ឋខ្មែរ ដែលអាចជាជីវិតទីពីរ បន្ទាប់ពីរស់ឡើងវិញម្ដងទៀត ។

លោក ផៃ ស៊ីផាន តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ៦ មករានេះ បានថ្លែងថា ថ្ងៃ ៧មករា មានតម្លៃជាប្រវត្តិសាស្រ្ត របស់មនុស្សជាតិ ដែលជាតម្លៃសកលនៃជីវិត និងសេរីភាព ប្រាសចាកពីការកាប់ សម្លាប់ដ៏ព្រៃផ្សៃ របស់បនប៉ុល ពត។

លោកថា “ជ័យជំនះ ៧មករា ជាជ័យជំនះរបស់ជីវិតខ្មែរ ដែលអាចថាបានជាជីវិតទីពីរ បន្ទាប់ពីរស់ឡើងវិញម្ដងទៀត ។ អំពើឃាតកម្មដ៏ព្រៃផ្សៃរបស់ បនប៉ុល ពត ក៏ត្រូវបានផ្តន្ដាទោស ដោយតុលាការសាលាក្តីខ្មែរក្រហម អង្គជំនុំជម្រះវិសាមញ្ញា ក្នុងតុលាការកម្ពុជា ដែលជាសក្ខីភាព នៃការរស់រាន មានជីវិតសារជាថ្មី របស់ប្រជាពលរដ្ឋខ្មែរ មានឱកាសភៀសខ្លួន តាំងទីរស់នៅឯនាយសមុទ្រ បន្ទាប់ពីព្រឹត្តិការណ៍ ៧មករានេះផងដែរ” ។

លោកបន្តថា ដូចនេះ៧មករា គឺជាជីវិត សេរីភាព និងការកសាងជាតិ ក៏ដូចជាជម្រើសរបស់ពលរដ្ឋខ្មែរផងដែរ ៕

To Top