ភ្នំពេញ៖ ទោះបីជាមានឯកសារផ្សេងៗ ជាច្រើនដាច់ដោយឡែកពីគ្នានិងការសរសេរបកស្រាយនានា អំពីប្រាសាទអង្គរប៉ុន្តែកូនខ្មែរ និងមិត្តបរទេសមួយចំនួន នៅតែមានការងឿងឆ្ងល់ថា តើអង្គរគឺអ្វីហេតុអ្វីព្រះមហាវីរក្សត្រសម័យ មហានគរសាងសង់អង្គរ?
ទាក់ទិននឹងចម្ងល់ទាំងនេះ លោកព្រឹទ្ធាចារ្យ ថាច់ ត្វាន់ អ្នកជំនាញប្រវត្តិសាស្រ្តនិងវប្បធម៌ខ្មែរ បានធ្វើការបកស្រាយ យ៉ាងក្បោះក្បាយដូចតទៅនេះថា ក្នុងលោកយើង សព្វថ្ងៃការធ្វើដំណើរ គេអាចធ្វើបានយ៉ាងស្រួល ការទាក់ទងគ្នាអាចធ្វើបានមួយរំពេច ហើយរូបភាពអ្វីៗគេអាចថតបាន រួចគេអាចធ្វើទៅភ្លាមៗពាសពេញក្នុងពិភពលោក។ បើតាមមើលទៅអ្នកណា ក៏ស្គាល់ប្រាសាទអង្គរដែរ។ គេបានសរសេរប្រាសាទខ្មែរ ចុះក្នុងសៀវភៅរាប់ម៉ឺនរាប់សែនក្បាលហើយគេតម្កល់សៀវភៅ ទាំងនោះនៅគ្រប់បណ្ណាល័យ នៅគ្រប់ស្រុកគ្រប់នគរ។ ប្រាសាទអង្គរប្រាកដជា ឥតមានអ្វីធ្វើឲ្យគេឆ្ងល់ឬជាការសម្ងាត់ ដល់អ្នកណាមួយឡើយ ។តែគេបានស្គាល់អង្គរមែនទែនឬដែរ? តើគេដឹងទេថា ហេតុអ្វីបានជាស្ដេចខ្មែរកាលពីដើមសាងប្រាសាទអង្គរ? ហើយអង្គរនោះតំណាងអ្វី? ហេតុដូចម្តេចបានជាប្រាសាទអង្គរវត្តមានកំពូលប្រាំ? ហេតុអ្វីបានជាមានរូបនាគ និងរូបទេពអប្សរនៅពាសពេញគ្រប់ទិសទី? ហេតុអ្វីបានជាគេបោះបង់ចោលប្រាសាទអង្គរ? តើមានទឹកជន់ធ្វើឲ្យបាក់បែកប្រាសាទអង្គរអស់នោះមែនឬទេ? នៅចំពោះមុខការងឿងឆ្ងល់យ៉ាងច្រើនរបៀបនេះ គេអាចនិយាយបានថា គេមិនស្គាល់អង្គរឲ្យបានត្រឹមត្រូវទេ។ ប្រាកដហើយក្នុងនោះដែរសៀវភៅ ដែលពន្យល់យើងពីប្រាសាទខ្មែរ មានច្រើនណាស់ តែការដែលគេនិយាយមិនត្រូវនោះក៏មានច្រើនដែរ។ ក្នុងឱកាសនេះយើងវែកញែកឲ្យដឹងថាអ្វីជាការពិត អ្វីជាការមិនពិត កុំឲ្យមានការភាន់ច្រឡំនាំសេចក្តីមិនល្អ ឬសេចក្តីអកុសលដល់វប្បធម៌ខ្មែរ និងដល់ប្រជាជាតិខ្មែរទាំងមូលទៀត។
*មុនដំបូងបង្អស់ តើអង្គរនោះគឺអ្វី?
ពាក្យអង្គរមិនមែនពាក្យខ្មែរទេ។ គេច្រើនជឿថា ពាក្យអង្គរគឺពាក្យដែលអ្នកកាសែតបារាំង បង្កើតឡើងក្នុងឱកាស ពិពណ៌សកលនៅប្រទេសបារាំងកាលឆ្នាំ១៩០០។ ពាក្យអង្គរជាពាក្យដែល បារាំងគេប្រើសម្រាប់និយាយពីប្រាសាទ ទាំងឡាយនៅតំបន់ក្រុងសៀមរាប។តាមការពិតពាក្យអង្គរ បានក្លាយមកពីពាក្យ នគរ ដែលប្រជាជនខ្មែរបានប្រើមកជាច្រើន សតវត្សរ៍រួចហើយ។ កាលឆ្នាំ១៨៦០ លោក ហង្សរីមូអូ (Henri Mouhot) បាននិយាយរួចហើយអំពីប្រាសាទហៅថាអង្គរ និងអង្គរវត្ត ដែលលោកបានទៅទស្សនាទៀតផងអស់ជាច្រើនសប្តាហ៍។ តាមការពិតប្រាសាទខ្មែរ មានច្រើនណាស់ មាននៅអង្គរផង នៅក្រៅអង្គរផង។ ប្រាសាទនីមួយៗមានឈ្មោះយ៉ាងត្រឹមត្រូវហើយ មានន័យយ៉ាងច្បាស់លាស់។ ប្រាសាទអង្គរវត្ត កាលដើមឡើយមានឈ្មោះថា វិស្នូលោកៈ ប្រែមកថាឋានព្រះវិស្ឋ ព្រោះលោកៈមានន័យថា ឋាន។ ប្រាសាទបន្ទាយស្រីមិនមែនជាបន្ទាយអ្វីទេ ហើយក៏គ្មានរឿងស្រីអ្វីក្នុងនោះដែរ។ ឈ្មោះដើមប្រាសាទនេះ គឺត្រៃភូវៈនមហេស្វារៈ ប្រែមកថាមហាក្សត្រឋានទាំងបី។
តាមជំនឿព្រហ្មញ្ញសាសនា សាកលលោកយើងមានទាំងអស់ ៣ឋាន៖ ឋាននរកនៅក្នុងដី ឋានមនុស្សនៅលើដី និងឋានព្រះនៅលើមេឃ ហើយព្រះឥសូរជាស្ដេច ឋានទាំងបីនេះឯង។ ប្រាសាទដែលហៅថាបន្ទាយស្រី គឺប្រាសាទដែលគេបានសាងសម្រាប់ព្រះឥសូរតែប៉ុណ្ណោះ។ គួរយើងនឹកដែរ ដល់អ្នកដែលបានសាងបង្កើតអង្គរ គឺព្រះមហាក្សត្រយសូរ្យវរ្ម័នទី១ ដែលបានសោយរាជ្យនៅស្រុកខ្មែរពីឆ្នាំ៨៨៩ ដល់ឆ្នាំ៩០៨។ ព្រះអង្គទ្រង់បានសាងប្រាសាទផ្ទាល់ខ្លួនរបស់ព្រះអង្គ នៅលើកំពូលភ្នំបាខែង ដែលមានឈ្មោះថា សីវៈលោកៈ ប្រែមកថាឋានព្រះសីវៈ ឬឋានព្រះឥសូរ។ ពេលដែលព្រះអង្គបានចូលទិវង្គត់ទៅ គេបានបញ្ចុះព្រះសពរបស់ព្រះអង្គ នៅលើកំពូលភ្នំនេះទៀត។ យើងសង្ឃឹមថា អ្នកទេសចររាប់ពាន់រាប់សែន ដែលមកដើរជាន់ ទីកន្លែងនេះក្នុងមួយឆ្នាំៗ មានការគោរពបន្តិចបន្តួច ដល់វិញ្ញាណរបស់ព្រះអង្គដែរ។
* ហេតុអ្វីបានជាព្រះមហាវីរក្សត្រខ្មែរ សម័យមហានគរសាងសង់អង្គរ?
ចំពោះចម្ងល់នេះ លោកព្រឹទ្ធាចារ្យ ថាច់ ត្វាន់ ពន្យល់ថា ការដែលនាំឲ្យស្ដេចខ្មែរសាងអង្គរ គឺមកពីមូលហេតុសាសនាទាំងអស់។ ក្សត្រខ្មែរសាងប្រាសាទសម្រាប់ តម្កល់ព្រះផ្ទាល់ខ្លួនរបស់ព្រះអង្គ។ សាសនាខ្មែរជំនាន់នោះ គឺព្រហ្មញ្ញសាសនា។ សាសនានេះមានព្រះច្រើនអង្គ គឺព្រះព្រហ្មណ៍ ព្រះនរាយណ៍ និងព្រះឥសូរ។មនុស្សម្នាក់ៗត្រូវរើសព្រះណាមួយ ដើម្បីទុកជាព្រះផ្ទាល់ខ្លួន និងគ្រួសាររបស់ខ្លួន។ តាមធម្មតាគេច្រើនរើស ព្រះនរាយណ៍ ឬព្រះឥសូរ។ ព្រះមហាក្សត្រយសោរ្យវរ្ម័នទី១ បានជ្រើសយកព្រះឥសូរ ធ្វើជាព្រះផ្ទាល់ខ្លួនព្រះអង្គឯព្រះមហាក្សត្រសុរិយវរ្ម័នទី២ ទ្រង់បានជ្រើសយកព្រះនរាយណ៍។ ព្រហ្មញ្ញសាសនាជាសាសនា មួយដែលឥតមានវត្ត ឥតមានវិហារ ជាទីសាធារណៈទេ។ ដែលគេហៅថាអាស្រមនោះ គឺជាទីលំនៅរបស់ព្រាហ្មណ៍ ដែលជាព្រះសង្ឃរបស់ព្រហ្មញ្ញសាសនាតែប៉ុណ្ណោះ។ ដើម្បីនឹងគោរពព្រះឬបូជាថ្វាយ ព្រះគ្រួសារនីមួយៗត្រូវសង់ផ្ទះអ្វីមួយ ដើម្បីធ្វើជាទីតាំងព្រះរបស់ខ្លួន។ កាលសម័យអង្គរផ្ទះណាក៏មានទីតាំងព្រះរបស់ គេដែរ។ ដែលគេហៅថា«រានទេវត្តា” នេះហើយគឺជាទីតាំងព្រះ របស់ប្រជារាស្ត្រខ្មែរទូទៅ នៅពេលដែលខ្មែរកាន់ព្រហ្មញ្ញសាសនា។ ហេតុដែលគេធ្វើរានទេវត្តា ជារូបប្រាសាទ គឺមកពីគេទុកថា ព្រះក៏ជាស្តេចមួយអង្គដែរ។ គេដាក់រានទេវត្តានៅលើសរសរឲ្យបានខ្ពស់ គឺគេបង្ហាញឲ្យដឹងថាព្រះនៅលើមេឃ។ ហេតុដែលគេដាក់រានទេវតានៅក្រៅផ្ទះ គឺមកពីក្នុងព្រហ្មញ្ញសាសនា ព្រះឥតនៅជាមួយមនុស្សលោកទេ ព្រះនៅលើមេឃ។ ក្នុងព្រះពុទ្ធសាសនា ហើយនិងសាសនាព្រះយេស៊ូ គេអាចដាក់ព្រះពុទ្ធ ឬព្រះយេស៊ូក្នុងផ្ទះបាន។
ស្ដេចខ្មែរពីដើមសាងប្រាសាទ សម្រាប់ព្រះរបស់ព្រះអង្គ ដូចរាស្ត្រដែរ។ ការដែលខុសពីរាស្ត្រ គឺថាប្រាសាទស្តេចជាប្រាសាទមែនទែន ដែលធំ និងល្អយ៉ាងអស្ចារ្យដូច ប្រាសាទវិស្នុលោកៈ និងប្រាសាទសីវៈលោកៈ ជាដើម។ ប្រាសាទនីមួយៗ ជាប្រាសាទផ្ទាល់ខ្លួនរបស់អ្នកសាង។ ដោយហេតុនេះហើយ បានជាកាលណាអ្នកម្ចាស់ ប្រាសាទនោះស្លាប់ទៅ គេបោះបង់ចោល ប្រាសាទរបស់អ្នកនោះតែម្តង។
ប្រាសាទ «តាកែវ»ឧទាហរណ៍៖ យ៉ាងជាក់ស្តែង គឺប្រាសាទ «តាកែវ» នៅខាងកើតអង្គរធំ ដែលគេស្ថាបនាមិនទាន់ហើយ ហើយត្រូវបានគេបោះបង់ចោល ពីព្រោះមហាក្សត្រជ័យវរ្ម័នទី៥ ម្ចាស់ប្រាសាទនេះទ្រង់ចូលទិវង្គត់ នៅពេលដែលគេកំពុងសាងរវាង ឆ្នាំ៨៦៩។ គេត្រូវដឹងថាក្រៅពីប្រាសាទ «តាកែវ» ការបោះបង់ចោលនោះមិនមែនមានន័យថា គេទុកចោលក្នុងព្រៃឥតមាន អ្នកណាមួយនៅទីនោះទេ។ ប្រាសាទនីមួយៗរបស់អ្នកណាក៏ដោយ ឲ្យតែមានទំហំធំបន្តិច ត្រូវតែប្រគល់ឲ្យព្រាហ្មណ៍មក នៅដល់ទីកន្លែងដើម្បីថែរក្សា។ ដល់ពេលម្ចាស់ប្រាសាទ នោះស្លាប់ទៅព្រាហ្មណ៍ដែលនៅទីនោះនៅតែបន្តការថែទាំ ទៅទៀតដូចពីមុនដដែល។
កាលសម័យអង្គរ ខ្មែរមិនមែនមានសាសនា តែមួយដែលជាព្រហ្មញ្ញសាសនានោះទេ។ គេមានព្រះពុទ្ធសាសនាដែរ តែព្រះពុទ្ធសាសនានេះ គឺព្រះពុទ្ធសាសនាមហាយាន មិនមែនព្រះពុទ្ធសាសនាហិនយាន ឬថេរវាទទេ។ ស្ដេចសុរិយាវរ្ម័នទី១ និងស្តេចជ័យវរ្ម័នទី៧ គឺជាក្សត្រដែលកាន់ ព្រះពុទ្ធសាសនាមហាយាន។ ក្នុងសាសនានេះ គេគោរពច្រើនដល់ព្រះពោធិ៍សត្វ ដែលមានរូបចម្លាក់ថ្មយ៉ាងធំយ៉ាងច្រើននៅលើកំពូលប្រាសាទ «បាយ៉ាន្ត” សព្វថ្ងៃហៅថាប្រាសាទបាយ័ន។ ក្នុងការគ្រប់គ្រងរដ្ឋ មហាក្សត្រទាំងនោះគោរពតាមវប្បធម៌ព្រហ្មញ្ញសាសនាទាំងអស់ ពិតមែនតែព្រះអង្គកាន់ព្រះពុទ្ធសាសនា។ គេទុកព្រះពុទ្ធជាព្រះវិស្ឋ ដែលបានក្លែងខ្លួនមកតែប៉ុណ្ណោះ។ គេគោរពយ៉ាងត្រឹមត្រូវគម្ពីរ «វិដា» ដែលជាគម្ពីរធម៌របស់ព្រហ្មញ្ញសាសនាផង និងជារដ្ឋធម្មនុញ្ញរបស់រដ្ឋផង។ មហាក្សត្រខ្មែរដែលកាន់ព្រះពុទ្ធសាសនាមហាយាន្ត ទ្រង់រស់នៅជាមួយអ្នកកាន់ព្រហ្មញ្ញសាសនាយ៉ាងត្រជាក់ ត្រឹមត្រូវដោយសន្តិភាព។
ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់មានព្រះមហេសីមួយ ដែលជាបុត្រីរបស់ព្រាហ្មណ៍ទៀតផង។ ព្រះគ្រូរបស់ព្រះអង្គក៏ជា ព្រាហ្មណ៍មួយអង្គដែរ ដែលមកពីតំបន់យៈមណាស្រុកក្លឹង្គ ឬឥណ្ឌាហើយដែលមានព្រះនាមថា «ហៈរាជឥសីទេធថា «ហៈរាជឥសីកេសា» ។ដោយមានការគោរពដល់ព្រហ្មញ្ញសាសនានេះហើយ បានជាគេឃើញនៅប្រាសាទបាយ័ន រូបលិង្គ និងយោនី ដែលជាតំណាងព្រះឥសូរ ព្រមទាំងរូបផ្សេងៗរបស់ ព្រះនារាយណ៍ទៀត។
យើងត្រូវដឹងថា មានភាពមួយទៀត ដែលនាំឲ្យក្សត្រខ្មែរសាងប្រាសាទនៅពាសពេញក្នុងស្រុក។ ខ្មែរកាន់ព្រហ្មញ្ញសាសនា តែងដាក់អ្វីៗ ដូចជា មន្ទីរពេទ្យ ឬមហាវិទ្យាល័យ ក្រោមការគ្របដណ្តប់អំពីព្រះ។ នេះគឺប្រាសាទនៅក្នុងមន្ទីរពេទ្យ ឬមហាវិទ្យាល័យ មិនមែនមានន័យថា មន្ទីរពេទ្យ ឬមហាវិទ្យាល័យ នៅក្នុងប្រាសាទទេ។ប្រាសាទដែលមានឈ្មោះថា មហាវិហារៈ ឬ ប្រាសាទតាព្រហ្មសព្វថ្ងៃ គឺជាប្រាសាទដែលថែរក្សា មហាវិទ្យាល័យមួយសម្រាប់កុមារី ខ្មែរ មានចំនួនទៅដល់ ៤០០នាក់ទៀតផង។
ដោយឡែកចំពោះចម្ងល់ថាហេតុអ្វី ប្រសាទអង្គរវត្តមានកំពូលប្រាំ អង្គរធំមានទ្វារចូលប្រាំ មហាក្សត្រនៅអង្គរមានមហេសីប្រាំ ស្ដេចអង្គរមានរដ្ឋមន្ត្រីប្រាំ បុត្រាបុត្រីស្ដេចត្រូវបាត់បង់ថ្នាក់ជាក្សត្រ ពេលផុតពីប្រាំដំណរចុះពីស្ដេច។ ខ្មែរធ្វើអ្វីៗច្រើនអុជធូប៥ ទៀន៥…។ល។ បកស្រាយជុំវិញចម្ងល់លេខ៥នេះ លោក ព្រឹទ្ធាចារ្យ ថាច់ ត្វាន់ ពន្យល់ថាចំពោះខ្មែរ លេខ៥ ជាលេខមួយដែលគេគោរពដូចព្រះក្នុងសាសនា ពីព្រោះលេខនេះគឺជា លេខសំគាល់ព្រះសីវៈ ដែលខ្មែរយើងហៅថាព្រះឥសូរ។
លោកព្រឹទ្ធាចារ្យពន្យល់បន្ថែមថា ក្នុងពេលធម្មតាខ្មែរមិនដែលហៅឈ្មោះអ្នកណាមួយ ដែលមានភាពខ្ពស់ជាងខ្លួនគេទេ។ ប្អូនមិនដែលហៅឈ្មោះបងខ្លួនឯងទេ គេច្រើននិយាយថានាងបងទៅវិញ។ ចំពោះស្តេច គឺគ្មានអ្នកណាមួយហ៊ាន ហៅឈ្មោះព្រះអង្គឡើយ។ ជាមួយព្រះករុណាសីហនុ គេថាសម្តេចឪ ឬសម្តេចតាទៅវិញ។ ដូចគ្នានេះដែរ គេមិនហ៊ានហៅព្រះសីវៈថា ព្រះសីវៈនោះទេ គេហៅថាព្រះឥសូរទៅវិញ ដែលមានន័យថា”យ៉ាងធំ ឬយ៉ាងប្រសើរ”។ តាមពិតទៅទៀត សីវៈដែលមានន័យថា មានមេត្តា មិនមែនព្រះនាមមែនទែន របស់ព្រះសិវៈនេះទៅទៀត។ព្រះនាមមែនទែននោះគឺ «អាន» (A. Danielou)” ។ ក្នុងន័យនេះខ្មែរមិនដែលតាំងសំដែងរូបព្រះសីវៈទេ។ គេតែងបង្ហាញលេខ៥ បញ្ជា និងយោនី ឬរូបព្រះគោ ដែលជាជំនិះរបស់ព្រះអង្គ។ បញ្ចប់សេចក្តីទៅចំពោះខ្មែរ ការគោរពលេខ៥ ឬគោរពលិង្គ និងយោនី ឬព្រះគោមានន័យតែមួយ គឺគោរពព្រះសីវៈតែម្តង។
*តើហេតុអ្វីបានជាលេខ៥ ជាលេខតំណាងព្រះសីវៈ? នេះគឺមកពីខ្លួនព្រះសីវៈ មានធាតុទាំងអស់ប្រាំ (Marilia Albanese)៖ គឺ៖ ទឹកដី ភ្លើង ខ្យល់ និងអាកាស (អាកាស=ឥតមានអ្វីទាំងអស់)។ គេដឹងថា កាលណាអស់មួយកាលម្តងៗ ដែលត្រូវនឹង ២,៣២០,០០០,០០០ឆ្នាំ របស់មនុស្សយើង ព្រះព្រហ្ម ទ្រង់បង្គាប់ឲ្យព្រះសីវៈ ចេញមកដុតចោល សាកលលោកទាំងមូល ទាំងមនុស្ស ទាំងសត្វទាំងអ្វីៗទាំងអស់ ដើម្បីរំលាយឲ្យខ្ទេចកម្មពារទាំងឡាយដែលមនុស្សយើងបានបង្កើតឡើង។ នេះហើយដែលខ្មែរយើងនិយមហៅថាភ្លើងឆេះកាលតាមពាក្យ ដែលព្រាហ្មណ៍ហៅថា មហាប្រាឡាយៈ។ ដល់ពេលដែលព្រះសីវៈ ដុតឆេះអស់ហើយព្រះអង្គក៏បង្កើតសាកលលោកសារជាថ្មីវិញ ព្រមទាំងមនុស្សលោក និងសត្វផ្សេងៗទូទៅ។ ដើម្បីនិងបង្កើតអ្វីៗទាំងអស់នេះ ព្រះសីវៈយកធាតុពីខ្លួនកាយព្រះអង្គមកធ្វើ។ ដោយហេតុនេះហើយបាន ជាគេនិយាយថា៖ ព្រះសីវៈជាព្រះដែលដុតបំផ្លាញផង និងជាព្រះដែលបង្កើតអ្វីៗ ទាំងអស់លើលោកយើងនេះផង ហើយមនុស្សយើងម្នាក់ៗ ក៏ជាព្រះសីវៈតូចមួយរូបដែរ។
*ប្រវត្តិរូបសង្ខេប របស់ព្រឹទ្ធាចារ្យ ថាច់ ត្វាន់
-មានស្រុកកំណើត នៅខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម និងបានមករៀននៅស្រុកខ្មែរ ក្នុងអំឡុងឆ្នាំ១៩៤៧ លោក ថាច់ ត្វាន់ កាលពីដើមឡើយជាសាស្ត្រាចារ្យ នៅមហាវិទ្យាល័យពេទ្យនាទីក្រុងភ្នំពេញ។
គួរបញ្ជាក់ថា លោក ថាច់ ត្វាន់ ជាសាស្រ្តាចារ្យខ្មែរដំបូងគេបង្អស់ដែលទទួលបានសញ្ញាបត្របណ្ឌិត ផ្នែកឱសថពីប្រទេសបារាំង។
លោក ថាច់ ត្វាន់ បច្ចុប្បន្នមានអាយុ៨៦ឆ្នាំ ជាខ្មែរម្នាក់ ដែលបានស្គាល់ខ្មែរ និងស្រុកខ្មែរយ៉ាងត្រឹមត្រូវ។
លោកបានសរសេរសៀវភៅ ជាច្រើននិទានពីខ្មែរ និងប្រវត្តិប្រជាជាតិខ្មែរ ដូចជា៖ “Histoire des khmers” កាលឆ្នាំ២០០៩ « Les Khmers à L’ère del’Hindouisme » ឆ្នាំ២០១២ « Norodom Sihanouk (1922-2012) »កាលឆ្នាំ២០១៤ ផ្សាយតាមគ្រឹះស្ថាន L’Harmattan នៅក្រុងប៉ារីស ប្រទេសបារាំង។ កាលឆ្នាំ២០១០ លោកបានសរសេរសៀវភៅ « ប្រវត្តិសាស្ត្រប្រជាជាតិខ្មែរ » ជាភាសាខ្មែរ ផ្សាយតាមគ្រឹះស្ថានបោះពុម្ព “អង្គរ” នៅភ្នំពេញ។ការស្រាវជ្រាវ និងរកឃើញរបស់លោកសាស្ត្រាចារ្យ ថាច់ ត្វាន់ អំពីប្រវត្តិសាស្ត្រខ្មែរ និងអំពីប្រាសាទទាំងឡាយនៅស្រុកខ្មែរឲ្យយើងយល់ច្បាស់ ពីសំណង់កសាងទាំងអស់នោះ។ ការងឿងឆ្ងល់អំពីប្រាសាទអង្គរ បានដោះស្រាយឲ្យយើងយល់យ៉ាងច្បាស់យ៉ាងត្រឹមត្រូវ។ ការសម្ងាត់ ឬការកំបាំងផ្សេងៗពីអង្គរ ត្រូវបានដោះស្រាយចេញអស់ ឥតមានអ្វីឲ្យយើងមន្ទិលសង្ស័យតទៅទៀតឡើយ។ សៀវភៅ “ដើម្បីស្គាល់ខ្មែរ និងអង្គរ” បានបោះពុម្ពផ្សាយជាច្រើនភាសា មាន៖ ភាសាខ្មែរ បារាំង អង់គ្លេស ។ល។ អ្នកអានទាំងអស់ក្នុងពិភពលោក អាចដឹងនិងយល់ច្បាស់ពីខ្មែរ និងអង្គរ ដែលជារតនៈវត្ថុមួយ របស់មនុស្សជាតិទាំងមូល៕