នយោបាយ

ស៊ុយអែត នឹងតាមដាន សវនាការលោក កឹម សុខា នៅថ្ងៃទី១៥ មករា ខាងមុខ

ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងចូលខ្លួនបំភ្លឺផ្ទាល់ តាមដីកាបង្គាប់ របស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃ១៥ មករា ខាមមុខ។ជុំវិញករណីនេះ លោកស្រី Asa Erikkson សមាជិកសភា នៃគណបក្សសង្គមប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាច ធំជាងគេ នៅរាជាណាចក្រស៊ុយអែត បានបញ្ជាក់ថា ស្ថានឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងតាមដានសវនាការនេះ។

កាលពីថ្ងៃ៩ ធ្នូ លោក វង្ស ប៊ុនវិសុទ្ធ បានចេញដីកាបង្គាប់ ឲ្យលោកកឹម សុខា ចូលមកនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកការជំនុំជម្រះ នៅថ្ងៃ១៥ មករា ជាកំហិត អំពីអង្គហេតុ ដែលបានចោទប្រកាន់មកលើខ្លួន ក្រោយសាលាឧទ្ធរណ៍ បានទាត់ចោលបណ្ដឹង ក្រុមមេធាវីលោក កឹម សុខា ដែលប្ដឹងជំទាស់ដីកាបញ្ជូន សំណុំរឿងទៅជំនុំជម្រះ ដែលចេញដោយចៅក្រមស៊ើបសួរ តុលាការក្រុងភ្នំពេញ ។

ក្នុងសវនាការជំនុំជម្រះក្តី សំណុំរឿង សន្ទិដ្ឋិភាព ឬការត្រូវរ៉ូវជាមួយបរទេសរបស់លោក កឹម សុខា ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាកោះហៅអតីត អ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ ឲ្យចូលទៅបំភ្លឺ ធ្វើជាសាក្សីផងដែរ។ សាក្សីនោះ មានឈ្មោះ ម៉ា ចិត្រា ភេទប្រុស កើតនៅឆ្នាំ១៩៩១ រស់នៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា លោក កឹម សុខា ក្រោយពីមានការ ចោទប្រកាន់ប្រព្រឹត្តអំពើក្បត់ជាតិ លោកត្រូវបានបញ្ជូន ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំប្រមាណជា១ឆ្នាំ បន្ទាប់មកត្រូវបញ្ជូនមកឃុំក្នុងផ្ទះ១ឆ្នាំទៀត ទើបតុលាការបន្ធូរបន្ថយលក្ខន្តិកៈច្បាប់ ហើយក៏បានជួបណ្តាអង្គទូត ជាបន្តបន្ទាប់ ។

យោងតាមហ្វេសប៊ុក លោក មុត ចន្ថា នៅល្ងាចថ្ងៃទី៧ ខែមករានេះ បានឲ្យដឹងថាលោក កឹម សុខា បានទទួលជួបលោកស្រី Asa Erikkson សមាជិកសភា នៃគណបក្សសង្គមប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាច ធំជាងគេ នៅរាជាណាចក្រស៊ុយអែត និងលោក Jan Axel Nordlander ប្រធានសមាគម Cambodia Initiative មានមូលដ្ឋាននៅស៊ុយអែត និងជាអតីតឯកអគ្គរាជទូតប្រចាំ រាជាណាចក្រថៃ និងឯកអគ្គរាជរដ្ឋទូត ទទួលបន្ទុកសិទ្ធិមនុស្ស។ នេះគឺជាការជួបសម្តែង ការគួរសម សួរសុខទុក្ខ និងសំណេះសំណាល។

លោក កឹម សុខា ធ្លាប់ត្រូវបានរាជរដ្ឋាភិបាល ស៊ុយអែត អញ្ជើញទៅធ្វើទស្សនកិច្ច នៅប្រទេសស៊ុយអែត នៅឆ្នាំ១៩៩៤ ក្នុងនាមលោកជា សមាជិកសភា និងជាប្រធាន គណៈកម្មការសិទ្ធិមនុស្ស របស់រដ្ឋសភា ដើម្បីសិក្សាស្រាវជ្រាវ អំពីការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ គណៈប្រតិភូបានទទួលស្គាល់ វិភាគទានដែលលោក កឹម សុខា បានធ្វើលើវិស័យ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

លោកស្រី Asa Erikkson បានបញ្ជាក់ថា “ស្ថានឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងតាមដានសវនា របស់លោកប្រធាន កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខ។”

លោក កឹម សុខា បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសនានា ដើម្បីបម្រើ ការពារ កសាង នូវអ្វីដែលជាផលប្រយោជន៍ របស់ប្រទេស និងប្រជាពលរដ្ឋខ្មែរ ទាំងអស់គ្នា៕

To Top