ព័ត៌មានជាតិ

ពលរដ្ឋ មិនអាចស្នេីសុំធ្វេីផ្លាកលេខ ពិសេសផ្ទាល់ខ្លួន ដាក់ពាក្យអាសអាភាស និងដាក់ឈ្មោះថ្នាក់ដឹកនាំកំពូលបានឡេីយ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រជាពលរដ្ឋ ខ្មែរទាំងអស់ មិនអាចចុះបញ្ជីឬស្នេីសុំធ្វេីផ្លាកលេខ ពិសេស ផ្ទាល់ខ្លួន ដាក់ពាក្យ ដូចជា ៖ អាសអាភាស អសុរោះ ឬដាក់ពាក្យរាជរដ្ឋាភិបាល ព្រះមហាក្សត្រ រដ្ឋសភា និងព្រឹទ្ធសភាបានឡេីយ។

បើតាមលោក ស៊ុន ចាន់ថុល ផ្លាកលេខ ពិសេសនេះ មានតម្លៃចាប់ពី ២លានរៀលដល់ ១០០០លានរៀល ។ បេីផ្លាកលេខពិសេស ដាក់ដេញថ្លៃ មានតម្លៃខ្ពស់ជាងនឹងទៅទៀត។

ពលរដ្ឋ អាចធ្វើការជ្រើសរើសផ្លាកលេខរថយន្ត ដែលខ្លួនស្រឡាញ់ តាមរយៈការដាក់ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្ត ដែល មានអាសយដ្ឋាន vehicle.mpwt.gov.kh ដោយគ្រាន់តែប្រើប្រាស់គណនី ដែលខ្លួនមាន ឬតម្កល់ប្រាក់ ជាមួយនឹងដៃគូគ្រឹះស្ថានហិរញ្ញវត្ថុ ដែល បានសហការ ជាមួយក្រសួងសាធារណការ ដើម្បីបង្កលក្ខណៈ ងាយស្រួល តម្លាភាព ទំនុកចិត្ត លឿនរហ័ស និងសុវត្ថិភាពខ្ពស់។

លក្ខណៈសម្បត្តិ ផ្លាកលេខពិសេសផ្ទាល់ខ្លួន គឺត្រូវបាន បោះពុម្ពដោយមានអក្សរ “កម្ពុជា” នៅផ្នែកខាងលើ និងការរួមបញ្ចូលគ្នានៃលេខឡាតាំង ឬអក្សរ ចាប់ពី១ ដល់៨ខ្ទង់ បោះពុម្ពនៅផ្នែកកណ្តាល ព្រមទាំងមាន QR Code នៅផ្នែកខាងស្តាំនៃផ្លាកលេខ ។ផ្លាកលេខពិសេសនេះ ក៏អាចរក្សាទុកបាន នៅពេលដែលមានការ ផ្ទេរកម្មសិទ្ធិរថយន្ត ផងដែរ។

ក្នុងពិធី ដាក់ឲ្យដំណើរការ លក់លេខ ចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ដ នៅរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ផ្លាកលេខ ពិសេស អាចដាក់ឈ្មោះខ្លួនឯង ឬដាក់តាមចិត្តចង់ ព្រមទាំងអាចកាន់កាប់មួយជីវិតផងដែរ។

លោក មានប្រសាសន៍ថា “ពាក្យពេចន៍ មួយចំនួន យេីងខ្ញុំត្រូវមហាឃាត់មិនឲ្យប្រេីទេ ។ ឧទាហរណ៍ ពាក្យអាសអាភាស សិច ប្រព័ន្ធយេីងខ្ញុំគ្រប់គ្រងបានទាំងអស់”។

លោកបន្ដថា “ពាក្យពេចន៍ យេីងខ្ញុំយកមកពី វចនានុក្រម ហេីយពាក្យខ្លះ យេីងមិនអនុញ្ញាតទៀត ។ ឧទាហរណ៍ ប្រេីពាក្យ អង្គវត្ត ឈ្មោះថ្នាក់ដឹកនាំ ជួររាជដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ព្រះមហាក្សត្រ ក៏ត្រូវហាមឃាត់ មិនអនុញ្ញាតទេ”។

លោកបន្ថែមថា បេីសិនម្ចាស់រថយន្ដមានផ្លាកលេខចាស់ ក៏អាចស្នេីសុំធ្វេីផ្លាកពិសេស បានដែរ។ លោកបញ្ជាក់ ក្រសួងមិនចាប់បង្ខំឲ្យម្ចាស់រថយន្ដធ្វេីផ្លាកលេខពិសេសទេ ពីព្រោះម្ចាស់រថយន្ដមានសិទ្ធិពេញលេញ ក្នុងការផ្លាកលេខ។

ក្រោយពីមានពលរដ្ឋមួយចំនួន លេីកឡេីងថា ហេតុអ្វីក្រសួងមិនព្រមធ្វេីផ្លាកលេខ ជាលេខខ្មែរ ? លោក ស៊ុន ចាន់ ថុល ពន្យល់ ថា ដោយសារតែកម្ពុជា ជាសមាជិក អាស៊ាន ទេីបប្រេីប្រាស់ អក្សរឡាតាំង ដេីម្បីផ្ដល់ភាពងាយ ស្រួលដល់ម្ចាស់រថយន្ដធ្វេីដំណេីរឆ្លងប្រទេសមួយ ទៅប្រទេសមួយទៀត។

សូម រំលឹក ថា គោលបំណង នៃការដាក់ឲ្យដំណើរការលក់ លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ដ គឺដើម្បីផ្តល់ជម្រើសដល់ប្រជាពលរដ្ឋដែលមានលទ្ធភាពអាចជ្រើស រើសផ្លាកលេខ ដែលមានលក្ខណៈពិសេស អាចកម្ម៉ង់តាមការពេញចិត្ត ព្រមទាំងជួយសម្រួលដល់នីតិវិធីនៃការប្រមូលពន្ធថែមទៀតផង។ ម្យ៉ាងវិញទៀតនេះ បង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយ សម្រួល ដល់ប្រជាពលរដ្ឋ ក្នុងការទិញលេខចុះបញ្ជីរថយន្ត ដោយងាយស្រួល តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃយុគសម័យបច្ចេកវិទ្យា៕

ដោយ ៖ អេង ប៊ូឆេង

To Top