ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានលើកឡើងថា ចំពោះថវិកា ដែលអតីតមេដឹកនាំ គណបក្សសង្រ្គោះជាតិ លើកឡើងពេលជាប់ឆ្នោត ចំណាយ៥០ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍ ឃុំ-សង្កាត់នោះ គឺជាថវិកាមានតែនៅក្នុងអារម្មណ៍ប៉ុណ្ណោះ។ ខណៈនៅឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តម្លើងថវិកាអភិវឌ្ឍន៍ឃុំ-សង្កាត់នូវទឹកប្រាក់ជាង ១២ម៉ឺនដុល្លារ។
ការលើកឡើងរបស់លោក សុខ ឥសាន តបទៅការផ្សាយ របស់វិទ្យុអាស៊ីសេរី ។ វិទ្យុផ្សាយជាខេមរភាសានេះ បានផ្សព្វផ្សាយថា ការតម្លើងថវិកាជាង១២ម៉ឺនដុល្លារនេះ នៅទាបជាង ៤ដងនៃកញ្ចប់ថវិកា ដែលអតីតគណបក្សសង្គ្រោះជាតិ ធ្លាប់សន្យាតម្លើង ឲ្យបានពេលគណបក្សឈ្នះឆ្នោត ដឹកនាំរដ្ឋាភិបាល ។ ក្នុងនោះដែរ មន្ត្រីសង្គមស៊ីវិលថា ពិបាកទុកចិត្តអាជ្ញាធរឃុំ-សង្កាត់ ក្នុងការចាយវាយកញ្ចប់ថវិកានេះ ដោយសារគ្មានបក្សប្រឆាំងចូលរួមតាមដាន។
លោក សុខ ឥសាន បានលើកឡើងក្នុងតេឡេក្រាមគ្រុប នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ថា “ថវិកាឃុំ-សង្កាត់ជាង១២ម៉ឺនដុល្លារ គឺជាថវិកា ពិតដែលឃុំ-សង្កាត់ ប្រើប្រាស់ សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ ។ រីឯថវិកាដែលអតីតបក្ស ប្រឆាំងលើកឡើងថា នឹងមាន៥០ម៉ឺនដុល្លារ គឺជាថវិកា នៅក្នុងអារម្មណ៍ប៉ុណ្ណោះ គ្មានការពិតជាក់ស្តែងឡើយ” ។
លោកបន្តថា ចំពោះការទាមទារឲ្យមានតម្លាភាព ក្នុងការចាយវាយថវិកាឃុំ-សង្កាត់ដោយត្រូវមានការចូលរួម របស់អង្គការសង្គមស៊ីវិល គឺជាគីង្គក់លក់ថ្នាំស្រែងប៉ុណ្ណោះ ព្រោះខ្លួនឯងគ្រាន់តែច្បាប់ តម្រូវឲ្យផ្តល់ច្បាប់ថតចម្លង១ច្បាប់ មកសមត្ថកិច្ចក៏ថា គេរឹតត្បិតសិទ្ធិសេរីភាពដែរ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញអនុក្រឹត្យ ស្តីពីការផ្ទេរធនធានបន្ថែម ពីថវិការដ្ឋជូនរដ្ឋបាលឃុំ-សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋានចាប់ពីឆ្នាំ២០២០ ។ ក្នុងនោះ រដ្ឋបាលឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកា សរុបជាមធ្យម ប្រមាណ១២២.០០០ដុល្លារ ហើយថវិកា ផ្នែកអភិវឌ្ឍន៍មូលដ្ឋាន មានជាង ៧០.០០០ដុល្លារ ពោលគឺកើនឡើងទ្វេដង ។ ចំណែកនៅឆ្នាំ២០២៣ខាងមុខ រដ្ឋបាលឃុំ-សង្កាត់ នីមួយៗនឹងទទួលបានថវិកា សរុបជាមធ្យមចំនួនជាង១៣២.០០០ដុល្លារ ៕