នយោបាយ

កម្ពុជា បារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹង រវាងអាមេរិក-អ៊ីរ៉ង់ និងលើកទឹកចិត្ត ឲ្យភាគីទាំងពីរ ចរចាគ្នាដោយសន្តិវិធី

ភ្នំពេញ៖ បន្ទាប់ពីតាមដាន យ៉ាងយកចិត្តទុកដាក់ ឃើញថា មួយរយៈចុងក្រោយនេះ ស្ថានភាពជម្លោះ រវាងសហរដ្ឋអាមេរិក ជាមួយប្រទេសអ៊ីរ៉ង់ កាន់តែមានភាពតានតឹងនោះ កម្ពុជា បានសម្ដែងនូវការព្រួយបារម្ភ យ៉ាងខ្លាំង និងខ្លាចស្ថានភាព ប្រឈមមុខដាក់គ្នានេះ កាន់តានតឹងខ្លាំងឡើងៗ រហូតអាចឈានទៅរកជម្លោះ ទ្រង់ទ្រាយធំ ណាមួយកើតឡើង ហើយកម្ពុជាក៏លើកទឹកចិត្ត ឲ្យភាគីទាំងពីរស្វែងរកការចរចាគ្នា ដោយសន្តិវិធី ។ នេះបើតាមការលើកឡើង របស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ។

សូមរំលឹកថា សង្គ្រាមពាក្យសម្ដី និងប្រដាប់អាវុធរវាងសហរដ្ឋអាមេរិក ជាមួយប្រទេសអ៊ីរ៉ង់ បាននិងកំពុងកើនកម្ដៅខ្លាំង ក្រោយលោកប្រធានាធិបតីអាមេរិក ដូ ណាល់ត្រាំ បញ្ជាឲ្យកងកម្លាំង ប្រដាប់អាវុធអាមេរិក វាយប្រហារតាមអាកាស នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ដើម្បីសម្លាប់ឧត្តមសេនីយ៍ Qasem Soleimani មេបញ្ជាការកងកម្លាំង Quds Force នៃកងកំលាំងឆ្មាំបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ កាលពីពេលថ្មីៗនេះ ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក Muhammad Faruk Khan ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ទទួលបន្ទុក កិច្ចការបរទេសនៃ សភាបង់ក្លាដេស នៅថ្ងៃទី៨ មករានេះ លោក កុយ គួង បានមានប្រសាសន៍ថា «ថ្មីៗនេះស្ថានភាព របស់ប្រទេសអ៊ីរ៉ង់ ក៏ដូចជាទំនាក់ទំនង រវាងអាមេរិក-អ៊ីរ៉ង់ គឺកម្ពុជាយើង ក៏ដូចជាបណ្ដាប្រទេសមួយចំនួន ដទៃទៀតផងដែរ បាននិង កំពុងតាមដាន យ៉ាងយកចិត្តទុកដាក់បំផុត អំពីការវិវត្តន៍សភាពការណ៍ថ្មីៗនេះ ជាពិសេសទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអាមេរិក ។ ទី១.យើងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ទៅលើការវិវត្តន៍សភាពការណ៍ថ្មីៗនេះ ទី២.យើងសម្ដែងនូវការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះស្ថានភាពនោះ» ។

លោកបន្ថែមថា កម្ពុជា លើកទឹកឲ្យភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាមានការអត់ធ្មត់ខ្ពស់បំផុត ដើម្បីចៀសវាងកុំឲ្យស្ថានភាពនេះ កាន់តែមានភាពតានតឹង ឬឈានទៅរកស្ថានភាពមួយ ដែលមិនអាចគ្រប់គ្រងបាន ជាពិសេសជំរុញឲ្យភាគីទាំងពីរ ស្វែងរកតុចរចាគ្នា ដោយសន្តិវិធី ។

លោក កុយ គួង គូសបញ្ជាក់ថា ក្នុងនាមសមាជិកអង្គការសហប្រជាជាតិ គឺកម្ពុជាចង់ឲ្យមានសុខសន្តិភាព មិនថានៅកម្ពុជា ក្នុងកម្រិតតំបន់ ឬសកលលោកទេ ។ លោកថា កម្ពុជា មិនចង់ឃើញប្រទេសទាំងអស់ នៅលើសកលលោក ជួបនូវការលំបាក ឬប្រឈមមុខដាក់គ្នានោះទេ គឺកម្ពុជាចង់ឲ្យមានសុខសន្តិភាពទាំងអស់គ្នា ។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីរៀបចំបុណ្យសព ឧត្តមសេនីយ៍ Qasem Soleimani មេបញ្ជាការកងកម្លាំង Quds Force នៃកងកំលាំងឆ្មាំ បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ កាលពីថ្ងៃ៧ មករា មានករណីរត់ជាន់គ្នា បណ្តាលឲ្យស្លាប់ ៥៦នាក់ និងរបួស ២០០នាក់ គិតមកត្រឹមថ្ងៃ៨ មករា ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺយន្តហោះដឹកអ្នកដំណើរ Boeing 737 របស់អ៊ុយក្រែន ដែលមានផ្ទុកអ្នក ដំណើរចំនួន១៨០នាក់ បានធ្លាក់ក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីហោះឡើង បានបន្ដិច ។ តាមសេចក្តីរាយការណ៍ គឺអ្នកទាំងនោះ បានស្លាប់ទាំងអស់។

ក្រោយព្រឹត្ដិការណ៍នេះកើតឡើងបណ្ដាលឲ្យ តម្លៃប្រេងហក់ឡើង ថ្លៃជាខ្លាំង ក្រោយពីអ៊ីរ៉ុងបាញ់មីស៊ីល ទៅលើមូលដ្ឋាន អាកាសចំនួន២ ដែលមានកងទ័ពអាមេរិកឈរជើង នៅប្រទេសអ៊ីរ៉ាក់ បណ្តាលឲ្យមាន អ្នកស្លាប់ជាង ៨០នាក់ និងរបួសជាង ២០នាក់ ។

ចំពេលមានភាពតានតឹង កើនឡើងនៅអាស៊ីខាងលិច នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន ដ្រាម៉ូឌី ក៏បានជួបពិភាក្សាគ្នា យ៉ាងទូលំទូលាយជាមួយប្រធានាធិបតី អាមេរិក ដូណាល់ត្រាំ កាលពីថ្ងៃ៧ មករា ផងដែរ ដោយលោកម៉ូឌី បង្ហាញពីឆន្ទៈ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យ ដែលមានផលប្រយោជន៍ ទៅវិញទៅមក ហើយលោកត្រាំ អាចសុំជំនួយ ពីឥណ្ឌាដើម្បីឲ្យផ្តល់ មូលដ្ឋានយោធា ប្រឆាំងនឹងអ៊ីរ៉ុង ៕

ដោយ៖ ខា ដា

To Top