នយោបាយ

លោក កឹម សុខា ៖ គ្រប់ភាគីខ្មែរ ងាកមកមើល ពីគុណសម្បត្តិ និងកសាងជំនឿ ទុកចិត្តគ្នាវិញ

ភ្នំពេញ ៖ លោក កឹម សុខា បានស្នើឲ្យគ្រប់ភាគីខ្មែរ ងាកមកមើលពី គុណសម្បត្តិ និងការកសាងជំនឿទុកចិត្តគ្នា ទៅវិញមកតាមរយៈ ការផ្តល់នូវយុត្តិធម៌ឲ្យគ្នា ដោយចាប់ផ្តើម ពីអ្នកដែលប្រាថ្នា រួមរស់ដោយសុខដុមរមនា ក្នុងដំបូលផ្ទះខ្មែរតែមួយ ។ នេះជាការលើកឡើង របស់លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។

លោកបន្តថា លោក កឹម សុខា និងគោលការណ៍ របស់អតីត គណបក្សសង្រ្គោះជាតិ (CNRP)ដែលត្រូវបានរំលាយ គឺមិនមានចេតនា មិនមានផែនការ និងមិនធ្វើនយោបាយ ដោយហិង្សាជាដាច់ខាត។ ជារឿយៗ លោកកឹម សុខា ក្នុងនាមប្រធាន តែងតែណែនាំ ទាំងផ្ទៃក្នុងបក្ស ទាំងថ្លែងការណ៍ ជាសារធារណៈថារូបលោក ក៏ដូចជាគណបក្ស ឲ្យប្រកាន់ខ្ជាប់នូវ គោលការណ៍អហិង្សា។

លោកថា បើអ្នកណាចង់ប្រើ អំពើហិង្សាទៅណា ឲ្យឆ្ងាយពី CNRP។ ដំណោះស្រាយសន្តិវិធី ជាបំណងប្រាថ្នា របស់លោក កឹម សុខា គឺដំណោះស្រាយ ដោយទឹកពន្លត់ភ្លើង មិនមែនយកសាំង ចាក់លើភ្លើងឡើយ ។

លោក មុត ចន្ថា ឲ្យដឹងទៀតថា “មធ្យោបាយបាតុកម្ម មានចរិតញុះញង់ ឬបដិវត្តន៍(ពណ៌) ឬរដ្ឋប្រហារ គឺមិនមែនជាជម្រើស របស់យើងឡើយ ព្រោះកម្ពុជា និងពលរដ្ឋខ្មែរបានឆ្លងកាត់ ការឈឺចាប់មិនអាចពណ៌នា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ ចុងក្រោយនេះ រួមទាំង អំពើប្រល័យ ពូជសាសន៍ ការឈ្លានពាន ពីរបរទេស និងសង្រ្គាមស៊ីវិល រវាងភាគីខ្មែរនិងភាគីខ្មែរ” ៕

To Top