ភ្នំពេញ៖ ក្រោយមានការចង្អុលបង្ហាញពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិងកំពុងធ្វើការសិក្សា ដើម្បីញែកតួនាទី និងភារកិច្ចរបស់ក្រុមការងារមន្រ្តី នៃគណបក្សប្រជាជនកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យដាច់ចេញពីគ្នា កុំឲ្យមានការច្រឡូកច្រឡំគ្នាទៀត ។
ក្នុងពិធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២០) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា ក្រុមការងាររាជរដ្ឋាភិបាល មានតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់រដ្ឋបាលគ្រប់ថ្នាក់ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព។
សម្ដេចមានប្រសាសន៍ថា “យើងមានក្រុមការងារគណបក្សផង ក្រុមការងាររដ្ឋាភិបាលផង។ តាមការប្រគល់ភារកិច្ចពីថ្នាក់ដឹកនាំ ខ្ញុំកំពុងធ្វើការសិក្សា ដើម្បីញែកតួនាទីភារកិច្ចរបស់ ក្រុមការងារទាំង២ហ្នឹង ក្នុងបក្ស និងក្នុងរដ្ឋាភិបាល។ ពីមុនក្រុមការងារបក្សធ្វើទាំងអស់ឥឡូវមាន ក្រុមការងាររដ្ឋាភិបាល។ ចឹងគឺថា កិច្ចការរបស់រដ្ឋាភិបាល គឺក្រុមការងារហ្នឹងជាអ្នកធ្វើកិច្ចការ ។ បក្សគឺក្រុមការងារបក្សជាអ្នកធ្វើ” ៕
ដោយ៖ អេង ប៊ូឆេង