ព័ត៌មានជាតិ

ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០

ភ្នំពេញ ៖ ប៊ែលធី គ្រុប នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ បានរៀបចំសន្និបាតបូក សរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២០ ដែលមានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន ២,៤៥៣នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្រ្ត មណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប និងលោកស្រី ។

លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប បានមានប្រសាសន៍ថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូបម្រើការ ២,៤៥៣នាក់ មានសិស្ស-និស្សិតកំពុងសិក្សា ៤៩,១០៤នាក់ និងមាន ២៤ទីតាំង ក្នុងនោះ ២២ទីតាំងជាសាលា (២០ទីតាំងកំពុងដំណើរការ ២ទីតាំងកំពុងសាងសង់) និង២ទីតាំង ជាសាកលវិទ្យាល័យ ។

លោកអគ្គនាយករង បានបន្ថែមថា ប៊ែលធី គ្រុប មានបម្រើសេវាកម្ម ៣ធំៗដូចជា៖
I. ប៊ែលធីសំណង់
II. ប៊ែលធីទេសចរណ៍
III. ប៊ែលធីអប់រំ ដែលចែកចេញជា ៤ផ្នែកគឺ ១-សាលា ប៊ែលធី អន្តរជាតិ ២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ៣-ប៊ែលធី ទំនាក់ទំនងអន្តរជាតិ និង ៤-មជ្ឈមណ្ឌលតេស្តអន្តរជាតិ។
ក្នុងឆ្នាំ២០១៩ នេះ ប៊ែលធី សម្រេចបាននូវសមិទ្ធផលដូចជា៖
I. ប៊ែលធីសំណង់ បានសាងសង់អគារប៊ែលធីទី២០ និងកំពុងសាងសង់ អគារប៊ែលធីទី២១ និងទី២២ ។
II. ប៊ែលធីទេសចរណ៍ បានទទួលភ្ញៀវទេសចរណ៍ ១០,៧៨៩នាក់ ក្នុងនោះ ក្រៅប្រទេស ២,៦៦៣នាក់ ព្រមទាំងមានរថយន្តទំនើបៗ ១១គ្រឿង សម្រាប់ដឹកភ្ញៀវផងដែរ ក្នុងនោះ ៤៥កៅអី = ៧គ្រឿង, ២៥កៅអី = ២គ្រឿង និង ១៥កៅអី = ២គ្រឿង។
III.សាលា ប៊ែលធី អន្តរជាតិ សិស្សបញ្ចប់ការសិក្សា ២៥,០៥៦ នាក់ ក្នុងនោះបានចែកចេញជា៖

សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន ១១,១២៩ នាក់ ជាប់ ៩,៤២១ នាក់ ស្មើនឹង ៨៤.៦៥%
សិស្សភាសាអង់គ្លេសកម្រិតទី១២ (Level 12) ចំនួន ១០,៨៥២ នាក់ (នារី ៤,១៥៣ នាក់)
សិស្សវគ្គខ្លីកុំព្យូទ័រ ចំនួន ៩,២៧៦ នាក់ (នារី ៤,២៣៥ នាក់)
សិស្សប្រឡងតេស្តអន្តរជាតិ ចំនួន ៦,៤៦៧ នាក់ (នារី ៣៤៩ នាក់)
សិស្សពូកែថ្នាក់ទី៩ និងទី១២ មាន ៨៥នាក់ ក្នុងនោះ ទូទាំងប្រទេស ២១នាក់ និងទូទាំងរាជធានី ៦៤នាក់។
IV.សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និស្សិតបញ្ចប់ការសិក្សាទាំងកម្មវិធីសិក្សាជាភាសាជាតិ និងកម្មវិធីសិក្សាអន្តរជាតិ ១,៦៩៣នាក់ ក្នុងនោះ ថ្នាក់គរុកោសល្យ ៣៧១នាក់ ថ្នាក់បរិញ្ញាបត្រ ១,១៤៧នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៧៥នាក់។
V.ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូនសិស្ស-និស្សិតទៅក្រៅប្រទេស ៨៨៩នាក់ ក្នុងនោះ សិស្ស-និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ១១៤នាក់ សិស្ស-និស្សិតបង់ថ្លៃ ៥៨នាក់ និងសិស្ស-និស្សិត ធ្វើទស្សនកិច្ចសិក្សា ៧១៧នាក់។
VI.មជ្ឈមណ្ឌលតេស្តអន្តរជាតិ ប៊ែលធី ទទួលសិទ្ធរៀបចំតេស្តអន្តរជាតិធំៗ ៥៖ ១-តេស្តថូហ្វល (TOEFL) ពីអាមេរិក, ២-តេស្តអាយអ៊ែល (IELTS) ពីអង់គ្លេស, ៣-តេស្ត GRE (ជីអរអ៊ី) ពីអាមេរិក ៤-តេស្ត Prometric (ប្រូម៉េទ្រីក) ពីជប៉ុន និង ៥-តេស្ត SIMCC (ស៊ីម៉ុក) ពីសឹង្ហបុរី។
ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០នេះ ប៊ែលធីគ្រុបបានសម្រេចដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រួមមាន៖
១-ពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ (រចនាសម្ព័ន្ធ, ប្រព័ន្ធ, យន្តការ និងច្បាប់) ដោយបានរៀបចំ និងកែលម្អរចនាសម្ព័ន្ធគ្រប់គ្រងថ្មី។
២-ត្រូវស្គាល់ខ្លួនឯង? គឺស្គាល់ពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ។
៣-គោរពបទបញ្ជាផ្ទៃក្នុង (គោរពពេលវេលា មានសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ មានសីលធម៌ និងគុណធម៌ល្អ និងអនុវត្តបានតាមផែនការថ្នាក់លើដាក់ចុះ)។
៤-ពង្រឹងវិន័យសិស្ស និស្សិតនៅគ្រប់កម្រិត និងបង្កើនទំនាក់ទំនងល្អជាមួយមាតាបិតា អាណាព្យាបាលសិស្ស និស្សិត។
៥-ពង្រឹងវត្តមានសិស្ស-និស្សិតគ្រប់កម្រិត ទាំងនៅសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
៦-ត្រូវពង្រឹងសិស្សានុសិស្ស ថ្នាក់ចំណេះទូទៅគ្រប់កម្រិត ជាពិសេស ថ្នាក់ទី១២ ដើម្បីឱ្យពេលប្រឡងបាក់ឌុបត្រូវជាប់ពី ៨៥%-៩០% និងសិស្សនិទ្ទេស A ៥% នៃសិស្ស សាលា ប៊ែលធី អន្តរជាតិ ចូលរួមប្រឡងបាក់ឌុប។
៧-ត្រូវពង្រឹងសិស្សភាសាអង់គ្លេសទូទៅ គ្រប់កម្រិត ជាពិសេសកម្រិតទី១២ (Level 12) ធ្វើយ៉ាងណានៅពេលបញ្ចប់ Level 12 សិស្សត្រូវទទួលបានពិន្ទុតេស្តអន្តរជាតិ IELTS យ៉ាងតិច ៥.០ ឡើងទៅ និងជាប់ចាប់ពី ៨៥% – ៩០% ។
៨-ពង្រីកសាខាសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឱ្យបានច្រើនបន្ថែមទៀតតាមតម្រូវការជាក់ស្តែង។
៩-ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងបុគ្គលិកផ្នែកនីមួយៗតាមរយៈ វគ្គបណ្តុះបណ្តាលខ្លី (On The Job Training)។
១០-បន្តតម្លើងប្រាក់បៀវត្ស ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។

ក្នុងឱកាសនោះដែរលោកបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់ នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានា របស់ថ្នាក់លើ ដែលបានដាក់ចុះ និងអនុវត្ត បានយ៉ាងហ្មត់ចត់ នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនក្រៃលែង ។

ជាទីបញ្ចប់លោកបណ្ឌិត ប្រធានគណៈអធិបតី និងលោកស្រី បានប្រគល់លិខិតតែងតាំង ជូនដល់ថ្នាក់ដឹកនាំ នៃប៊ែលធីគ្រុប និងពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍១០០% និងរង្វាន់លើកទឹកចិត្ត ជូនដល់បុគ្គលិកបម្រើការងារ ១០ឆ្នាំ ចំនួន ៨១ នាក់ នាពេលនោះផងដែរ ៕

To Top