ព័ត៌មានជាតិ

រថយន្តហាយព្រីក បុកស្លាប់ពីរនាក់ នៅតាមផ្លូវ៦០ម៉ែត្រ

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យបុរសម្នាក់ នឹងក្មេងស្រីម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈកំពុងជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តហាយព្រីក មួយគ្រឿងបុក នឹងកិនអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានអោយដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IC 4551 ឌុបក្មេងស្រី នឹងដឹកនំបុ័ង ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿន ទិសដៅពីជើង ទៅត្បូង ដោយព្យាយាម វ៉ាគេឯង ក៏ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះ មានរថយន្តហាយព្រីក ពណ៌ស កំពុងបើកបរបញ្ច្រាសទិសគ្នាជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលអោយម៉ូតូខ្ទាត ទៅម្ខាង ចំណែកអ្នកជិះម៉ូតូចំនួន២នាក់ ត្រូវកិននឹងអូសជាច្រើនម៉ែត្រ បណ្តាលអោយស្លាប់ភ្លាមៗ ចំណែករថយន្តបង្ក បន្ទាប់ពីបុកជនរងគ្រោះហើយ បានបើកគេចពីកន្លែងកើតហេតុ បាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន នឹងមន្ត្រីជំនាញ ចរាចរខណ្ឌមានជ័យ បានចុះមកដល់ទីតាំង ហើយធ្វើការវាស់វែង យកម៉ូតូប្រគល់អោយទៅកម្លាំង នគរបាលជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំស្រាវជ្រាវ តាមចាប់អ្នកបើកបររថយន្តបង្ក យកមកដោះស្រាយគ្នា នៅពេលក្រោយ ចំណែកសាកសព ត្រូវបានដឹកយកទៅតម្កលនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

To Top