ភ្នំពេញ ៖ ទីស្ដីការគណៈរដ្ឋមន្ដ្រី បានឲ្យដឹងថា រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិលរៀបចំ លំហាត់សមយុទ្ធទ្រង់ទ្រាយធំ ក្រោមប្រធាន “សន្តិសុខ” នៅថ្ងៃទី១០ មករា នេះ ដើម្បីវាយតម្លៃលើផែនការ គ្រប់គ្រងគ្រោះអាសន្ន និងត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងបន្ទប់គ្រប់គ្រងគ្រោះអាសន្ន ។
លំហាត់សមយុទ្ធទ្រង់ទ្រាយធំ ឆ្នាំ២០២០ ក្រោមប្រធាន “សន្តិសុខ” នៅថ្ងៃនេះមានការចូលរួមពី លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្ដីការ គណៈរដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មាធិការជាតិសន្តិសុខអាកាសចរស៊ីវិល ,លោក ឱម យិនទៀង ទេសរដ្ឋមន្ត្រី អនុប្រធាន គណៈកម្មាធិកាជាតិ សន្តិសុខអាកាសចរស៊ីវិល និងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិ សន្តិសុខអាកាសចរស៊ីវិល ព្រមទាំងភាគី ពាក់ព័ន្ធមួយចំនួនទៀត ។
យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ទីស្ដីការ គណៈរដ្ឋមន្ដ្រី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា លំហាត់សមយុទ្ធ ទ្រង់ទ្រាយធំ នាពេលនេះ គឺជាលើកទី១ ដែលផ្តោតលើប្រធានបទ “សន្តិសុខ” ខណៈបណ្តាឆ្នាំមុនៗ លំហាត់សមយុទ្ធ បានផ្តោតតែលើប្រធានបទ ស្តីពី “សុវត្ថិភាព ក្នុងវិស័យអាកាសចរ ស៊ីវិល ប៉ុណ្ណោះ”។
គណៈរដ្ឋមន្ដ្រីឲ្យដឹងបន្ថែមថា «លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីវាយតម្លៃលើផែនការគ្រប់គ្រងគ្រោះអាសន្នត្រួតពិនិត្យ ទៅលើហេដ្ឋារចនាសម្ព័ន្ធ នៅបន្ទប់គ្រប់គ្រងគ្រោះអាសន្ន ក៏ដូចជា ត្រួតពិនិត្យលើក្រុមការងារគ្រប់គ្រង ពេលមានអាសន្នកើតឡើង ជាអាទិ៍ការដឹកនាំបញ្ជា ចាត់ចែងនិងការសម្រេចចិត្ត ក្នុងការជួយសង្គ្រោះ ជនរងគ្រោះ ដែលកើតចេញពីឧបទ្ទវហេតុនានា ដែលកើតនៅក្នុងនិងនៅក្បែរ អាកាសយានដ្ឋានអន្តរជាតិ» ។
សូមរំលឹកថា លំហាត់សមយុទ្ធទ្រង់ទ្រាយធំ ឆ្នាំ២០២០ ចូលរួមដោយ កងពលតូចង៧០ ,កងកម្មង់ដូ ៩១១ ,កងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងទ័ពអាកាស ព្រមទាំង កងកម្លាំងមានសមត្ថកិច្ច និងបុគ្គលិកភ្នាក់ងារឯកជន ដែលកំពុងបម្រើការ ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕ ដោយ ៖ អេង ប៊ូឆេង