ព័ត៌មានជាតិ

រដ្ឋបាលរាជធានី កំពុងសិក្សា គម្រោងស្ថាបនាផ្លូវក្រោមដី​ ត្រង់ចំណុច​សាកលវិទ្យាល័យ​ ភូមិន្ទភ្នំពេញ និងវិទ្យាស្ថាន ភាសាបរទេស

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចស្ថាបនាផ្លូវក្រោមដី នៅក្រោមមហាវិថី​សហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថាន​ភាសាបរទេស នៅពេលឆាប់ៗនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់សិស្សនិស្សិត និងប្រជាពលរដ្ឋ ដែលកំពុងប្រឈម ការកកស្ទះជារៀងរាល់ថ្ងៃ ។

លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធមួយចំនួន​ ក្នុងកិច្ចប្រជុំនៅរដ្ឋបាល​ សាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ពីគម្រោង សងសង់ផ្លូវក្រោមដី ដែលផ្លូវក្រោមដីនេះ ត្រូវបានលោកអភិបាល រាជធានីភ្នំពេញ អះអាងថា អាជ្ញាធរចាំបាច់ណាស់ត្រូវ សាងសង់ផ្លូវក្រោមដី នៅចំណុចសាលាទំាង២នេះ ដើម្បីដោះស្រាយបញ្ហាកកស្ទះ ចរាចរណ៍ជា រយៈពេលវែង ដោយសារតែបច្ចុប្បន្ន តំបន់នេះបានជួបបញ្ហាកកស្ទះ ចរាចរណ៍ជារៀងរាល់ថ្ងៃ ដែលរំខាន ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ សិស្សនិស្សិត និងភ្ញៀវទេសចរផងដែរ ។

លោកភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា គម្រោងសាងសង់នេះ នឹងទទួលការគាំទ្រយ៉ាងខ្លំាង ពីប្រជាពលរដ្ឋ ព្រោះបានបំរើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ យ៉ាងចំគោលដៅ គ្មានការរំខាន ដោយបញ្ហាកកស្ទះ ចរាចរណ៍ទៀតឡើយ ។

លោក សាំ ពិសិដ្ឋ​ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនភ្នំពេញ បានបញ្ជាក់ឱ្យដឹង ក្នុងកិច្ចប្រជុំនោះថា នេះជាគម្រោង ដែលបាននឹងកំពុងសិក្សា ទៅលើផ្លូវក្រោមដី​ទាំង២ខ្សែនេះ គឺមួយខ្សែរត់ក្រោមផ្លូវ សហព័ន្ធរុស្ស៊ី នៅចំណុចមុខ​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទម្លុះទៅផ្លូវ២៦៥ ដោយធ្វើចរាចរណ៍ទៅមក។

លោកបន្តថា ចំណែកផ្លូវក្រោមដីមួយខ្សែទៀត គ្រោងនឹងធ្វើឡើង នៅមុខវិទ្យាស្ថាន​ភាសាបរទេស ដោយចេញពីក្នុងសាលា មុជក្រោមផ្លូវសហព័ន្ធរុស្ស៊ី ទម្លុះមកផ្លូវ២៦១​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ក្នុងគម្រោងនេះដែរ កំណាត់ផ្លូវ​សហព័ន្ធរុស្ស៊ី ចាប់ពីស្ពានអាកាស៥ មករា រហូតដល់ស្ពានអាកាស៧មករា គឺគ្រោង​នឹងបិទរបាំងថ្មទ្រូងផ្លូវ មិនឲ្យធ្វើចរាចរឆ្លងកាត់តែម្ដង ។

ក្នុងកិច្ចប្រជុំនោះដែរ ក៏បានពិភាក្សាវែកញែក រកដំណោះស្រាយ ថាតើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ និងសុភាពាណិជ្ជកម្មកម្ពុជា នឹងចេញចូលច្រកណាមួយ ។

ជាមួយគ្នានោះ លោក ឃួង ស្រេង បានជំរុញឲ្យក្រុមការងារ ធ្វើការសិក្សា​ឲ្យបានម៉ត់ចត់ លើកគម្រោងស្ថាបនាផ្លូវក្រោមដី ២ខ្សែនេះ។ ដោយលោកជំរុញ ឲ្យមានកិច្ចប្រជុំលើកក្រោយទៀត ដោយត្រូវអញ្ជើញ នាយកសាលាទាំងពីរខាងលើ ក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសភាពាណិជ្ជកម្មកម្ពុជា មកប្រជុំរួមគ្នាមួយ ដើម្បីរកដំណោះស្រាយរួម មុននឹងដាក់ឲ្យគម្រោង ខាងលើដំណើរការ ព្រោះថា គម្រោងនេះ ត្រូវតែអនុវត្តហើយ ដោយសារតែមាននិស្សិត ប្រមាណជាង២ម៉ឺននាក់ ចេញពីសកលវិទ្យាល័យទាំងពីរនេះ ហើយតែងតែកកស្ទះចរាចរណ៍ រាល់ថ្ងៃ ខណៈដែរនិស្សិត ចេញនិងចូលក្នុងសាលា ៕

To Top