ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឲ្យ អភិបាលខណ្ឌ ទំាង១៤ ត្រូវពង្រឹងកិច្ចការពារ សន្តិសុខសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវ បរទេស ដែលស្នាក់នៅ ក្នុងរាជធានីភ្នំពេញ ។
លោក ឃួង ស្រេងប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញបែបនេះ ក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ មានការចូលរួមពីអភិបាល អភិបាលរងរាជធានីភ្នំពេញ, ស្នងការនគរបាល រាជធានីភំ្នពេញ និង មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភំ្នពេញ និងប្រធាន សាលាដំបូងរាជធានី មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤ បានផ្តោតសំខាន់ លើការកិច្ចការត្រួតពិនិត្យ អាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រឿងស្រវឹង គ្រឿងញៀនខុសច្បាប់ ក្នុងរាជធានីភ្នំពេញ និងជាពិសេសកិច្ចការពារ សន្ដិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានី ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យ អាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ អោយបានល្អបំផុតការបង្ក្រាបល្បែងស៊ីសង និងការបង្ក្រាបទៅលើគ្រឿងញៀន ដែលជាបញ្ហាដ៏ធំ ដែលអាជ្ញាធរមានសមត្ថកិច្ច ត្រូវតែបង្ក្រាបឲ្យខាងតែបាន ។
លោកអភិបាល បានអះអាងថា បញ្ហាល្បែងស៊ីសងជាដើមចម បង្កឲ្យមានអសន្តិសុខ នៅក្នុងសង្គម ដែលត្រូវរួមគ្នា ដើម្បីបង្ក្រាប ហើយត្រូវប្តេជ្ញា ធ្វើយ៉ាងណាឲ្យល្បែងស៊ីសង មានការថមថយ នឹងឈានទៅដល់ការ លុបបំបាត់ទាំងស្រុង៕ ដោយ៖ ម៉ៅ ដារាត់