ភ្នំពេញ ៖ ដោយមើលឃើញពីសក្តានុពល និងធនធាននៅកម្ពុជា អ្នកវិនិយោគមកពីប្រទេស នីហ្សេរីយ៉ា និងម៉ូរ៉ូកូ មានបំណងចង់បណ្តាក់ទុនលើវិស័យសំខាន់ៗ ជាច្រើន ទាំងវិស័យទេសចរណ៍ វិស័យកសិកម្ម និងឧស្សាហកម្ម ដែលមានរោងចក្រ តម្លើងរថយន្តបច្ចេកវិទ្យាអ៊ីតាលីនៅកម្ពុជា ។
នេះបើតាមការលើកឡើង របស់គណៈប្រតិភូអ្នកជំនួញមកពីប្រទេស នីហ្សេរីយ៉ា និងម៉ូរ៉ូកូ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ក្នុងជំនួបជាមួយលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅភោជនីយ៍ដ្ឋាន ឌ្រីតដើ កាហ្វេ ដឹកនាំដោយ លោក Alliyu Sambu Abubauakas ប្រធានក្រុមហ៊ុន Hawajo Multi Purpose LTD , លោកស្រី Laila Atfani / Rahal នាយកក្រុមហ៊ុនប្រេង MACAN និងតំណាងសភាពាណិជ្ជកម្មទ្វីបអាហ្រ្វិក , ម៉ូរ៉ូកូ និងប្រេស៊ីល ព្រមទាំងលោក Auwal Salihu Malami នាយកគ្រប់គ្រងក្រុមហ៊ុន Mark poini multi links LTD ។
យោងតាមប្រធានគណៈប្រតិភូបានឲ្យដឹងថា គោលបំណងគណៈប្រតិភូនីហ្សេរីយ៉ា និងម៉ូរ៉ូកូ មកកម្ពុជា ដោយសាមើលឃើញពីសក្តានុពល ទៅលើការធ្វើជំនួញ ផ្នែកទេសចរណ៍ វិស័យឧហ្សាហកម្ម ដោយគ្រោងបង្កើតរោងចក្រតម្លើង រថយន្តដែលមានបច្ចេកវិទ្យាពីប្រទេសអ៊ីតាលី ។ ដោយឡែកចំពោះតំបន់ ដែលក្រុមវិនិយោគ នឹងសម្លឹងឃើញ ក្នុងការបង្កើតរោងចក្រមិនទាន់បញ្ជាក់ទីតាំងនៅឡើយទេ ដោយស្ថិតក្នុងការសិក្សាភូមិសាស្ត្រ ។
ជាមួយគ្នានោះ គណៈប្រតិភូបានឲ្យដឹងបន្ថែមថា នីហ្សេរីយ៉ា មានបំណងចង់សហការជាមួយកម្ពុជា លើវិស័យកសិកម្ម ដំណាំស្រូវ ដោយសារកម្ពុជាមានអ្នកបច្ចេកទេសលើដំណាំស្រូវ បូករួមស្ថានភាពដីកសិកម្ម និងរដូវកាលប្រហាក់ប្រហែលកម្ពុជា ខណៈកន្លងមកនីហ្សេរីយ៉ានាំចូលអង្ករពីថៃ និងវៀតណាម ។ នីហ្សេរីយ៉ាយល់ឃើញថា អង្ករកម្ពុជាមានរសជាតិឆ្ងាញ់ជាងគេ ៕ ដោយ៖ ដារាត់