ព័ត៌មានជាតិ

រដូវប្រាំង និង វស្សាឆ្នាំ២០២០ មានលក្ខណៈល្អ ជាងឆ្នាំ២០១៩

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករណ៍ថា សម្រាប់រដូវប្រាំង និងរដូវវស្សាឆ្នាំ២០២០នេះ មានលក្ខណៈល្អប្រសើរជាងឆ្នាំ២០១៩ ដោយសារទទួលរងឥទ្ធិពលពីបាតុភូតអែនសូ (ENSO) ឬបាតុភូតអន្តរកាល ពោលគឺបាតុភូត ដែលស្ថិតនៅចន្លោះបាតុភូត EI Nina និងLa Nina ។

ស្ថានភាពជាក់ស្តែងបច្ចុប្បន្ន បាតុភូតធម្មជាតិដែលមានឥទ្ធិពលមកលើអាកាសធាតុកម្ពុជា គឺបាតុភូត ENSO មាន៦០ភាគរយ បាតុភូត La Nina (ត្រជាក់) មាន២០ភាគរយ និងបាតុភូត EI Nina (ក្តៅ) មាន ២០ភាគរយ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បើពិនិត្យលើឥទ្ធិពលនៃបាតុភូកទាំង៣នេះឃើញថា “ស្ថានភាពកាសធាតុសម្រាប់រដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០២០ មានលក្ខណៈប្រសើរជាងរដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០១៩ ពោលរដូវប្រាំង និងដើមរដូវវស្សាឆ្នាំ២០១៩ បាតុភូត EI Nina បានគ្របដណ្តប់លើកម្ពុជារហូតដល់ទៅ ៨០ % និង ២០% ទៀតជាបាតុភូត ENSO” ។

សម្រាប់រដូវប្រាំង សីតុណ្ហភាពខ្ពស់ជាងមធ្យមភាគប្រចាំឆ្នាំ និងទឹកភ្លៀងមានកម្រិតទាបជាងមធ្យមភាគច្រើនឆ្នាំ ។ ក្នុងនោះ ខែមករា នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២០-២៣ អង្សាសេ និងអតិបរមាស្ថិតក្នុងរង្វង់៣០-៣២អង្សាសេ ។ តំបន់ទំនាបកណ្ដាល សីតុណ្ហភាពស្ថិតនៅក្នុងរង្វង់ ២៤-២៦ អង្សាសេ និងអតិបរមាស្ថិតក្នុងវង្វង់ ៣១-៣៣អង្សាសេ ។

ចាប់ពីខែកុម្ភៈ ដល់ចុងខែមីនា ធាតុអាកាសនឹងកើនកំដៅបន្តបន្ទាប់ ។ សម្រាប់ខែមេសាវិញ កម្រិតសីតុណ្ហភាពនឹងកើនឡើងខ្ពស់ ។ ធាតុអាកាស នឹងមានសភាពក្តៅប្រហាក់ប្រហែលឆ្នាំ២០១៩ ។

ដើមរដូវវស្សាឆ្នាំ២០២០ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី២ ខែឧសភា ។ នៅដើមរដូវវស្សារបាយទឹកភ្លៀង មានកម្រិតពីមធ្យមទៅបង្គួរ ។

ចំពោះកូនរដូវប្រាំងវិញ អាចនឹងកើតមាននៅក្នុងសប្តាហ៍ទី២ នៃខែកក្កជា ។ បើទោះបីខែមេសា និងដើមរដូវវស្សាអាច នឹងមានភ្លៀងកក់ខែច្រើនជាងឆ្នាំ២០១៩ តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ដើម្បីឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ ដូច្នេះប្រើប្រាស់ទឹកដោយសន្សំចៃ ជាពិសេសនៅតំបន់បទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក ៕

To Top