ព័ត៌មានជាតិ

TYDA សហការ ជាមួយ ក្រសួងសុខាភិបាល ធ្វើយុទ្ធនាការ ផ្សព្វផ្សាយ ពីវិធានការ ប្រយុទ្ធប្រឆាំង ការប្រើប្រាស់ គ្រឿងញៀន និងការព្យាបាល ចំពោះអ្នកញៀន គ្រឿងញៀន

ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ (TYDA) សហការជាមួយនាយកដ្ឋាន អប់រំសុខភាពផ្លូវចិត្ត និងបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល, ក្រុមការងារ ថ្នាក់កណ្តាល ចុះជួយ ឃុំព្រែកតាមាក់ និងអជ្ញាធរ ភូមិឃុំ បានធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធានការ ប្រយុទ្ធប្រឆាំង ការប្រើប្រាស់គ្រឿងញៀន និងការព្យាបាល ចំពោះអ្នកញៀនគ្រឿងញៀន ជូនដល់ប្រជាជន និង យុវជននៅក្នុងមូលដ្ឋាន ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២០ ។

វេជ្ជបណ្ឌិត ស៊ឹម សុខច័ន្ទ ទទួលបន្ទុកដឹកនាំ បេសកកម្មអប់រំ សុខភាព សហគមន៍ នៃសមាគម TYDA បានមានប្រសាសន៍ថា បេសកកម្ម នៃកម្មវិធីអប់រំសុខភាព នៅតាមបណ្ដាសហគមន៍ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោ ប្រចាំឆ្នាំ២០២០ ដើម្បីចូលរួមចំណែក ជាមួយក្រសួងសុខាភិបាល ដើម្បីលើកកម្ពស់នូវការយល់ដឹង និងបង្ការការប្រើប្រាស់គ្រឿងញៀន និងបង្កើនការយល់ដឹង នៃការថែទាំសុខភាព រស់នៅប្រចាំថ្ងៃផងដែរ។

ម្យ៉ាងទៀតថា ការអប់រំសុខភាពនេះ គឺដើម្បីទប់ស្កាត់ នៃការប្រើប្រាស់គ្រឿងញៀន និងការរើសអើង នៃអ្នកប្រើប្រាស់គ្រឿងញៀន ព្រោះថាពួកគាត់ គឺជាជនរងគ្រោះ មិនមែនជាឧក្រិដ្ឋជននោះទេ ហើយត្រូវការព្យាបាល និងការលើកទឹកចិត្ត។

លោកបន្តថា យុទ្ធនាការនេះ ក៏មានការបែងចែកជាក្រុមតូចៗ បន្ថែមទៀត ដើម្បីចុះផ្សព្វផ្សាយណែនាំនៅ តាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋផ្ទាល់ នៅក្នុងភូមិទាំង ១០ នៃឃុំព្រែកតាមាក់ បានចំនួន៦៦០ខ្នងផ្ទះ ព្រមទាំងបានចែកនូវឱសថព្យាបាល និងសម្ភារសិក្សាមួយចំនួនផងដែរ ។

សូមបញ្ជាក់ថា ក្រៅពីសកម្មភាពមនុស្សធម៌ចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋ កុមារកំព្រា កងទ័ព គ្រួសារកងទ័ពដាក់ឥតគិតថ្លៃ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ( TYDA) ក៏បានចុះអប់រំសុខភាព ដើម្បីបញ្ជ្រៀបការយល់ដឹង អំពីការថែទាំ សុខភាពតាមរយៈការ រស់នៅស្អាតហូបស្អាត ផឹកស្អាត និងការបញ្ជ្រាបការ យល់ដឹង អំពីគ្រោះថ្នាក់គ្រឿងញៀន ដល់សហគមន៍ដែលងាយរងគ្រោះ នៃគ្រឿងញៀនជារៀងរាល់ខែផងដែរ ៕

To Top