ព័ត៌មានជាតិ

មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា បារម្ភការ តម្រូវឲ្យចុះឈ្មោះ ចូលរួមស្តាប់ សវនាការលោក កឹម សុខា

ភ្នំពេញ ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានសម្តែងក្តីព្រួយបារម្ភ ចំពោះការតម្រូវឲ្យចុះឈ្មោះ សាធារណជន ចូលរួមស្តាប់ សវនាការលោក កឹម សុខា ករណីក្បត់ជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ។

ម.ស.ម.ក បានលើកឡើង ក្នុងហ្វេសប៊ុកថា សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ជាសាធារណៈណែនាំ ឲ្យអ្នកដែលមានបំណង ចូលរួមសវនាការ ករណីលោក កឹម សុខា ធ្វើការចុះឈ្មោះជាមុន ។ អ្នកដែលបានទៅចុះឈ្មោះបានលើកឡើង ពីការចំណាយ ពេលវេលាយូរ និងលក្ខណៈស្មុគស្មាញក្នុងដំណើរការចុះឈ្មោះនេះ ។ ហេតុផលចំពោះការតម្រូវចុះឈ្មោះត្រូវបានអះអាងថា ដើម្បីរក្សាសន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

ប្រភពបន្តថា “ម.ស.ម.ក មានក្តីព្រួយបារម្ភ ចំពោះការតម្រូវ ដែលមានលក្ខណៈស្មុគស្មាញ សម្រាប់សវនាការជាសាធារណៈបែបនេះ ។ ការអនុញ្ញាតឲ្យសាធារណជន ចូលរួមសវនាការព្រហ្មទណ្ឌ គឺជាគណនេយ្យភាពមួយ ដើម្បីការពារការ រំលោភបំពាន ទៅលើនីតិវិធីដោយអង្គតុលាការ ។ ផ្ទុយទៅវិញការរារាំងសាធារណជន មិនឲ្យចូលរួម ដោយតម្រូវឲ្យមានការចុះឈ្មោះស្មុគស្មាញ ជាការកម្រិតនូវប្រសិទ្ធភាព នៃគណនេយ្យភាពនេះទៅវិញ” ។

ម.ស.ម.ក រំពឹងថា ការតម្រូវឲ្យចុះឈ្មោះបែបនេះ នឹងមិនក្លាយទៅជាទម្លាប់សម្រាប់ សវនាការសាធារណៈនាពេលខាងមុខទៀតឡើយ ។ ជាការសំខាន់ ចំពោះសវនាការលើករណីលោក កឹម សុខា ដែលត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ហើយដែលបានទទួលរងការរិះគន់ យ៉ាងច្រើនគួរត្រូវធ្វើឡើង ដោយសាធារណជន អាចធ្វើការតាមដានដោយហ្មត់ចត់ និងធានាឲ្យបានផងដែរ នូវសិទ្ធិទទួលបានការ ជំនុំជម្រះដោយយុត្តិធម៌ ៕

To Top