ព័ត៌មានជាតិ

កសាងរាជរដ្ឋាភិបាល ដ៏ស្អាតស្អំ ដើម្បីមានបរិយាកាស វិនិយោគល្អប្រសើរ

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ និងសមាគមសភាពាណិជ្ជកម្មកម្ពុជា ចិន នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានរួមគ្នារៀបចំបាឋកថា ស្តីពី “ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ” ជូនសហគ្រាសចិន និងមន្ត្រីរដ្ឋបាលតំបន់ សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ដើម្បីបង្កើតបរិយាកាសវិនិយោគដ៏ល្អប្រសើរ ។

លោកឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញធ្វើបាឋកថា នៅពេលនោះមានមន្ត្រីរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ និងអ្នកតំណាងរោងចក្រជិត១០០នាក់បានចូលរួមក្នុងកិច្ចប្រជុំ ។ ជាដំបូង លោក Chen Jiangang ប្រធានសមាគមសភាពាណិជ្ជកម្មកម្ពុជាចិននៅព្រះសីហនុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានថ្លែងថា បាឋកថាលើកនេះ ដែលបានអញ្ជើញ ធ្វើដោយ លោក ឱម យ៉ិនទៀង ពិតជាដ៏មានតម្លៃ ចំពោះការជំរុញកែលម្អ បរិយាកាសពាណិជ្ជកម្ម និងលើកទឹកចិត្ត របស់សមាជិកសមាគម និងសហគ្រាសចិន ដែលកំពុងវិនិយោគ នៅប្រទេសកម្ពុជា។

លោកថា សមាគមសភាពាណិជ្ជកម្មកម្ពុជា ចិននៅព្រះសីហនុ នឹងបន្តប្រកាន់ខ្ជាប់គំនិតរួមគ្នាកសាងគម្រោង “ខ្សែក្រវ៉ាតមួយនិងផ្លូវមួយ” និងគំនិត “បើកចំហបៃតងស្អាតស្អំ” ដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានាធិបតី នៃសាធារណៈរដ្ឋប្រជាមានិតចិន ហើយនឹងជួយការងារ របស់អង្គភាពប្រឆាំង អំពើពុករលួយកម្ពុជាយ៉ាងសកម្ម។

លោកជឿថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងការខិតខំប្រឹងប្រែង របស់អង្គភាពប្រឆាំង អំពើពុករលួយ កម្ពុជានឹងមានបរិយាកាសដ៏ស្អាតស្អំ សម្រាប់សហគ្រាសចិន ក្នុងពេឆាប់ៗខាងមុខនេះ។

លោកបញ្ជាក់ថា សមាគម នឹងដឹកនាំវិនិយោគិនចិនគោរពច្បាប់ និងដំណើរការស្របច្បាប់យ៉ាងសកម្ម អប់រំពួកគាត់បង់ពន្ធនិង ថ្លៃឈ្នួលដោយស្មារតីភ្ញាក់រឭក ដើម្បីបង្កើតរូបរាងល្អរបស់សហគ្រាសចិន។ ទន្ទឹមនឹងនេះដែរ អប់រំសហគ្រាសចិន មិនឲ្យបង់ប្រាក់សំណូក ដល់មន្រ្តីរាជការ ប្រឆាំងនិង ការស៊ីសំណូក ដែលធ្វើឲ្យខូចមុខមាត់ រាជរដ្ឋាភិបាលកម្ពុជា និងជួយរាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសពាណិជ្ជកម្ម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ និងកិច្ចសហប្រតិបត្តិការនិងមិត្តភាពប្រពៃណីរវាងកម្ពុជា-ចិន។

លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី នៅក្នុងបាឋកថាបានថ្លែងថា សម្តេចតេជោ ហ៊ុន សែន យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងាររបស់ការិយាល័យតំណាងឲ្យរដ្ឋបាល និងការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានស្របយកកម្លាំងកម្មករ៣ម៉ឺននាក់ រំពឹងថា នឹងកើនឡើងដល់៤ម៉ឺននាក់ នៅឆ្នាំ២០២០ បន្ទាប់ពីបញ្ចប់ការសាងសង់ នឹងផ្ដល់ឱកាសការងារពី ៨ម៉ឺន-១០ម៉ឺនកន្លែង។

លោកបន្តថា ផែនការការងារប្រឆាំង អំពើពុករលួយក្នុងឆ្នាំនេះ សំខាន់គឺលើកកម្ពស់ការយល់ដឹង អំពីសេវាកម្មរបស់មន្រ្តីរាជការ និងប្រយុទ្ធប្រឆាំងអំពើពុករលួយនិងអំពើស៊ីសំណូក។ ក្រោមការផ្តាំផ្ញើ របស់សម្តេច ហ៊ុន សែន អង្គភាពប្រឆាំងអំពើពុករលួយ នឹងយកចិត្តទុកដាក់ ទៅលើការអភិវឌ្ឍ របស់ក្រុមហ៊ុនចិន នៅខេត្តព្រះសីហនុ ការពារសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ពួកគាត់ ដើម្បីទាក់ទាញអ្នកវិនិយោគចិន កាន់តែច្រើនមកវិនិយោគនៅខេត្តព្រះសីហនុ ៕

To Top