ភ្នំពេញ ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមប្រជុំគណៈកម្មាធិការនយោបាយប្រចំា ឆ្នាំលើកទី២៨ នៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” (APPF) នៅអូស្រ្តាលី នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក ឈាង វុន សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានលើកឡើងថា កម្ពុជាប្រកាន់គោលជំហពហុនិយម និងប្រឆំាង ចំពោះអំពើហិង្សាជ្រុលនិយម ដែលបង្កអសន្តិសុខដល់សង្គមជាតិ។ នេះបើតាមការផ្សព្វផ្សាយ របស់គេហទំព័រ របស់រដ្ឋសភាកម្ពុជា ។
ក្នុងកិច្ចប្រជុំ លោក ឈាង វុន បង្ហាញពីការព្រួយបារម្ភ របស់ពលដ្ឋជាទូទៅជុំវិញ ជម្លោះនៅមជ្ឈឹមបូព៌ា ជាពិសេសជម្លោះអីរ៉ាក់ និងអាមេរិក ដែលកំពុងមានភាពតាងតឹង។
លោកថា ក្នុងពេលបញ្ហាជាច្រើន បានកំពុងកើតមានឡើងនោះ ការជំរុញ និងលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការគ្នាជាកត្តាសំខាន់។
លោក ឈាង វុន បន្តថា រដ្ឋសភាកម្ពុជាកំពុង លើកកម្ពស់វិស័យការទូត និងភាពជាដៃគូសភា និងបានអនុម័តច្បាប់ក្នុងការប្រយុទ្ធប្រឆំាងអំពើភេរវកម្មនានា។
សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ផ្តួចផ្តើមបង្កើតឡើង ដោយអតីត នាយករដ្ឋមន្រ្តីជប៉ុន លោកYasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោល បំណងប្រមូលផ្តុំសភា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងតំបន់និង សកលលោក។
អង្គការសភាមួយនេះ មានការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងភាពជ្រុលនិយមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានសមាជិក២៧ប្រទេស ។ ក្នុងនោះមានអូស្រា្តលី កម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលហ្សឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី មិគសិគកូរ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីការ ៕