ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរ តម្រូវឲ្យក្រសួងស្ថាប័ន របស់រដ្ឋទាំងអស់បង្កើត យន្តការគ្រប់គ្រង គ្រោះមហន្តរាយ នៅក្នុង ក្រសួងស្ថាប័ន របស់រដ្ឋទាំងអស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងសម្របសម្រួលការងារ គ្រប់គ្រងគ្រោះមហន្តរាយ ដែលអាចកើតមានឡើង ជាយថាហេតុ ។
សារាចររបស់រាជរដ្ឋាភិបាល បានធ្វើឡើងក្រោយសង្កេតឃើញថា ក្រសួង ស្ថាប័នមួយចំនួនបានបង្កើត យន្តការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួនរួចហើយ ក៏ប៉ុន្តែនៅមានក្រសួង ស្ថាប័នមួយចំនួនទៀតមិន ទាន់បានបង្កើតយន្តការនេះនៅឡើយទេ ។
យោងតាមសារាចរ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៤មករា បានបញ្ជាក់ថា
អនុលោម តាមមាត្រា៨ នៃច្បាប់ស្តីពីការគ្រប់គ្រង គ្រោះមហន្តរាយ និងដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងសម្របសម្រួលការងារគ្រប់គ្រងគ្រោះមហន្តរាយ រាជរដ្ឋាភិបាល សូមដាក់ចេញនូវវិធានការ ដូចខាងក្រោម ៖
១៖ គ្រប់ក្រសួង ស្ថាប័នត្រូវបង្កើត ឱ្យមានលេខាធិការដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ ដែលជាយន្តការគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីបំពេញមុខងារ ជាសេនាធិការ ផ្ទាល់ដល់រដ្ឋមន្ត្រី និងប្រធានស្ថាប័ន ដែលជាអនុប្រធាន ឬជាសមាជិក របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លើការងារដឹកនាំគ្រប់គ្រង គ្រោះមហន្តរាយ ក្នុងវិស័យជំនាញរបស់ខ្លួន ដោយសហការជាមួយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ។
២៖ គ្រប់ក្រសួង ស្ថាប័នត្រូវចាត់ឱ្យមានមន្ត្រីបង្គោល ដើម្បីសម្របសម្រួល និងធ្វើការប្រាស្រ័យទាក់ទង ជាប្រចាំជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ៕