ព័ត៌មានជាតិ

ក្រុមសាស្រ្តាចារ្យ និងនិស្សិតមកពីអាមេរិក ស្វែងយល់វិស័យការងារ នៅកម្ពុជា

ភ្នំពេញ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ បានអនុញ្ញាតិឲ្យក្រុមសាស្រ្តាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យ Cornell និងសាកលវិទ្យាល័យរដ្ឋញូវយ៉ក-Buffalo State សហរដ្ឋអាមេរិក ចូលជួបសំដែងការគួរសម ដើម្បីស្វែងយល់ពីតួនាទី ភាៈកិច្ច និងបទពិសោធន៍របស់ ក្រសួងការងារ ដែលរួមចំណែកដោះស្រាយ បញ្ហានានាកម្មករនិយោជិត បង្កើតឱកាសការងារ ផ្តល់កិច្ចគាំពារ ព្រមទាំងបណ្តុះបណ្តាលកម្លាំង ពលកម្មជំនាញឆ្លើយតប ចំពោះតម្រូវការទីផ្សារការងារ ។

លោក អ៊ិត សំហេង បានចែករំលែកបទពិសោធន៍ មួយចំនួនដែលក្រសួងធ្លាប់ ដោះស្រាយបញ្ហាប្រឈម ដោយប្រើប្រាស់យន្តការត្រីភាគី និងកិច្ចសន្ទនាសង្គម ក្នុងការដោះស្រាយបញ្ហា ដូចជា ការដោះស្រាយបញ្ហា ប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករនិយោជិត ការដោះស្រាយនូវបញ្ហាកូដកម្ម បាតុកម្ម ។

ទន្ទឹមនឹងនោះ ក៏ជម្រាបគណៈប្រតិភូសាស្រ្តាចារ្យ និងនិស្សិត អំពីការអនុវត្តប្រកបដោយជោគជ័យនូវ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារកន្លងមក និងការបន្តការអនុវត្តនូវផែនការយុទ្ធសាស្រ្តថ្មី ២០១៩-២០២៣ ក្រោមពាក្យស្លោក “សហគ្រាសគ្រឹះស្ថានមួយជា សហគមន៍សុខសាន្តមួយរបស់ កម្មករនិយោជិតដែលពោរពេញ ដោយសមត្ថភាព ផលិតភាព ឥរិយាបថការងារ និងមនសិការវិជ្ជាជីវៈខ្ពស់”។

លោកថា ដោយសារគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ជាគោលនយោបាយ ពាណិជ្ជកម្មអន្តរជាតិ ផ្សាភ្ជាប់និងបទដ្ឋានការងារអន្តរជាតិ បានជម្រុញវិស័យពាណិជ្ជកម្មកម្ពុជា បន្តធានាបាននូវភាពប្រកួតប្រជែង ការដោះស្រាយបាននូវការផ្តល់ឱកាស ការងារដល់កម្មករនិយោជិត ធានាបាននូវសិទ្ធិ សេរីភាពអង្គការវិជ្ជាជីវៈ លើកកម្ពស់លក្ខខណ្ឌការងារ និងកិច្ចគាំពារសង្គម ៕

To Top