ព័ត៌មានជាតិ

ក្រោយរាជរដ្ឋាភិបាល បិទល្បែងអនឡាញ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ប្រកាសផ្ដល់ការងារដល់យុវជនជិត ៤ម៉ឺននាក់ នៅឆ្នាំ២០២០

ភ្នំពេញ៖ ក្រោយរាជរដ្ឋាភិបាល សម្រេចបិទល្បែងអនឡាញ យុវជនមួយចំនួន ត្រូវបានបាត់បង់ការងារ ឆ្លើយតបនឹងបញ្ហានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញនិងលើកទឹកចិត្តឲ្យយុវជន គួរតែស្វែងរកការងារថ្មី ដែលតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានប្រកាសផ្ដល់ការងារដល់យុវជនជិត ៤ម៉ឺននាក់ បន្ថែមទៀតនៅឆ្នាំ២០២០ នេះ ។

លោកអភិបាលខេត្តបានសរសេរ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា “សូមក្មួយៗដែលកំពុងស្វែងរក ការងារធ្វើនិងមានចំណាប់អារម្មណ៏ធ្វើការ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ តាមប្រភេទការងារនីមួយៗ ដែលរោងចក្រកំពុង ប្រកាសជ្រើសរើស”។

លោកបន្តថា សូមក្មួយៗរួសរាន់ ធ្វើការទំនាក់ទំនង ទៅកាន់ផែ្នករដ្ឋបាលរបស់រោងចក្រចំនួន ២ ដូចខាងក្រោម :

1- រោងចក្រផលិតស្បែកជើង ញូវស្តារ ស៊ូខូអិលធីឌី
✍? ទរស័ព្ទ : 096 578 8277 / 093 682 291

2- រោងចក្រខេមបូឌាន រុង ជីន វូដ ប្រូដាក
✍? ទរស័ព្ទ : 096 76 71 710 / 078 70 88 77

ជាមួយគ្នានេះផងដែរ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់ សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុបានឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណ៏ ប្រកាសបិទការភ្នាល់គ្រប់ប្រភេទ តាមប្រព័ន្ធអេឡិចត្រូនិច online បានធ្វើឲ្យប៉ះពាល់ ដល់កាស៊ីណូមួយចំនួន ត្រូវបានបិទទ្វារ ប៉ះពាល់ការងារដល់ យុវជនផងដែរ ក៏ប៉ុន្តែមានរោងចក្រ សហគ្រាសចិន នៅខេត្តព្រះសីហនុ ជាង ២០០កន្លែង បានផ្ដល់ការងារជូនយុវជន យើងជិត ៥ម៉ឺននាក់ ដោយឡែកនៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានរោងចក្រ សហគ្រាស ១៧៥កន្លែង ផ្ដល់ការងារជូនយុវ ជនជិត ៣ម៉ឺននាក់ ហើយនៅឆ្នាំ២០២០ ខាងមុខនេះ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ផ្ដល់ការងារដល់យុវជនជិត ៤ម៉ឺននាក់ ។

លោក Chen Jiangan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានមានប្រសាសន៍កោតសរសើរខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកអភិបាលខេត្ត ។ សមាគមសភាពាណិជ្ជកម្មកម្ពុជាចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា មានតួនាទីជាស្ពានចម្លង និងផ្តល់ការងារជូនដល់យុវជនកម្ពុជា និងមានការណែនាំពីស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យអ្នកវិនិយោគ និងទេសចរចិន ត្រូវគោរពច្បាប់កម្ពុជា ។ សភាពាណិជ្ជកម្មចិន បានធ្វើកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពជា ។

លោកប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ក៍បានស្នើសុំឱ្យរដ្ឋបាលខេត្ត ជួយផ្សព្វផ្សាយជ្រើសរើសកម្មករ មកធ្វើការនៅតំបន់សេដ្ឋកិច្ច ក្រុងព្រះសីហនុ ដែលបច្ចុប្បន្នត្រូវការកម្លាំង ពលកម្មជាច្រើនបន្ថែមទៀត ។

ក្នុងឱកាសនោះផងដែរលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ជំរាបជូនថា ក្រោយរដ្ឋាភិបាលកម្ពុជា បិទបញ្ចប់ល្បែងភ្នាល់ តាមប្រព័ន្ធអនឡាញ នៅឆ្នាំ២០២០នេះ ធ្វើឱ្យបងប្អូន អ្នកវិនិយោគចិន មានផលប៉ះពាល់មួយចំនួន និងវិស័យផ្សេងទៀត ដូចជាផ្ទះជួល វិនិយោគផ្នែកសំណង់ និងទេសចរណ៍ផងដែរ។ ដោយសារទីក្រុង របស់យើងកំពុងជំរុញ ការសាងសង់ផ្លូវថ្នល់ និងប្រព័ន្ធលូរ ដូច្នេះមានតំបន់មួយចំនួន មានការឈូសឆាយ ដាច់ទឹក ភ្លើង ក៍ប៉ុន្តែក្រុមការងារ បច្ចេកទេស ក៍បានតភ្ជាប់ជូន អតិថិជនប្រើប្រាស់វិញ វាមានផលប៉ះពាល់ មួយចំនួន ដល់អ្នកវិនិយោគ និងទេសចរផងដែរ ។

រដ្ឋបាលខេត្តបានបង្កើត ប្រព័ន្ធហតឡាញ ៦ខ្សែ ក្នុងការទំនាក់ទំនងផ្តល់ព័ត៌មាន ទាន់ហេតុការណ៍ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ ព្រមទាំង បានណែនាំ ឱ្យមន្ទីរការងារប្រកាសផ្សព្វផ្សាយ ជូនដល់យុវជន ដើម្បីឱ្យពួកគាត់ មករកការងារ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសជាច្រើន កំពុងខ្វះកម្លាំងពលកម្ម ។ រដ្ឋបាលខេត្តក៍បានរៀបចំ ការជួបជុំជាមួយអ្នកវិនិយោគ ពិភាក្សាគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបានកើតឡើង ៕

ដោយ៖ បាន ធារ៉ូ

To Top