ព័ត៌មានជាតិ

ក្រុងកម្ពុជាចំនួន៣​ ទទួលជ័យលាភី ទីក្រុងទេសចរណ៍ស្អាត នៅអាស៊ាន ២០២០

ភ្នំពេញ៖ ជាមោទកភាពថ្មីមួយទៀតសម្រាប់កម្ពុជា ដោយទីក្រុងទេសចរណ៍របស់កម្ពុជាចំនួន ៣ បានទទួលជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន នៅក្នុងពិធីចែកជ័យលាភី រង្វាន់ទេសចរណ៍អាស៊ាន កាលពីពេលថ្មីៗនេះ នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅទីក្រុងបានដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេ។

ក្រុងទាំង៣នោះរួមមាន៖ ខណ្ឌដូនពេញ (រាជធានីភ្នំពេញ) ទីក្រុងកំពត និងទីក្រុងតាខ្មៅ ។

រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន បានប្រគល់រង្វាន់ទីក្រុងទេសចរណ៍ ស្អាតអាស៊ានដល់ទីក្រុងទេសចរណ៍ ចំនួន ២១ ក្នុងតំបន់ដែលមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ឆ្លើយតប នឹងសូចនាកររបស់ស្តង់ដារ ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍តាមបណ្តាទីក្រុង អាស៊ានស្របតាមផែនការ យុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឲ្យអាស៊ាន ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ។

ការប្រកួតប្រជែងនេះក៏បានជំរុញ ដល់ការរៀបចំមជ្ឈដ្ឋានរស់នៅ របស់ប្រជាពលរដ្ឋតាមបណ្តាទីក្រុង ក្នុងតំបន់អាស៊ានឲ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាង មានប្រសិទ្ធភាពដល់ការ អភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ត្រូវបានដឹកនាំរៀបចំ ដោយក្រសួងទេសចរណ៍កម្ពុជា និងគណៈកម្មាធិការជាតិវាយតម្លៃ ទីក្រុងស្អាតតាំងពីឆ្នាំ២០១១ ដោយមានការគាំទ្រពី រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ហើយស្តង់ដារ នេះត្រូវបានអនុម័ត និងដាក់ឲ្យអនុវត្តជាផ្លូវការ កាលពីវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០១៥។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បាននឹងកំពុងជំរុញ ចលនាប្រឡងប្រណាំង ទីក្រុងស្អាត ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតតំបន់អាស៊ាន សំដៅចូលរួមដល់ការជំរុញ ការកសាងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងតំបន់អាស៊ាន ៕

ដោយ៖ ធី លីថូ

To Top