ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពវេទិកា ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅប្រទេសព្រុយណេ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅឆ្នាំបន្តន្ទាប់ខាងមុខនេះ កម្ពុជានឹងមានព្រឹត្តិការណ៍ពិភពលោកមួយចំនួន។
ព្រឹត្តការណ៍មួយចំនួននោះរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅចុងឆ្នាំ២០២០, សន្និសីទអន្តរជាតិលើកទី៣ ស្តីពីអរិយធម៌ពិភពលោក , ខ្សែទស្សនកិច្ចប្រវត្តិសាស្រ្ត ដោយសហការជាមួយ អង្គការទេសចរណ៍ពិភពលោក (UNWTO) នៅចុងឆ្នាំ២០២១ , កិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ ស៊ីហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀត។
លោក ថោង ខុន សង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងក្រោមម្លប់សន្តិភាព កម្ពុជាបានទទួលការគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិ រៀបចំព្រឹត្តិការណ៍ធំៗ ជាច្រើននាពេលកន្លងមក៕
ដោយ៖ ធី លីថូ