ព័ត៌មានជាតិ

ធនាគារជាតិកម្ពុជា​ បញ្ជាក់ថា តម្រូវការប្រាក់រៀល កើនឡើងជាលំដាប់ ដែលធ្វើឲ្យកម្រិត ដុល្លារូបនីយកម្មធ្លាក់ចុះបន្តិច

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ នៅថ្ងៃទី១៧ មករា បានឲ្យដឹងថា តម្រូវការប្រាក់រៀល កើនឡើងជាលំដាប់ ដែលកំណើននេះបាន បន្ទាបកម្រិតដុល្លារូបនីយកម្មបន្តិច ។

ក្នុងសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ លោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងថា សម្រេចបានក្នុងអត្រា ៧,១% ធៀបនឹង ៧,៥% នៅឆ្នាំ២០១៨ ដែលគាំទ្រជាចម្បង ដោយការនាំចេញ វិស័យសំណង់ និងទេសចរណ៍។ ជញ្ជីងទូទាត់ត្រូវបានប៉ាន់ស្មានថា នឹងមានអតិរេក ៩,៧% នៃផ.ស.ស. និងបានបន្តរួមចំណែកបង្កើន ទុនបម្រុងអន្តរជាតិដុលដល់ ១៨ ប៊ីលានដុល្លារអាមេរិក ដែលអាចធានាលើការនាំចូលទំនិញ និងសេវាសម្រាប់ត្រាបន្ទាប់បានប្រមាណ ៧ខែ ខ្ពស់ជាងកម្រិតអប្បបរមាចំនួន ៣ខែ ដែលប្រទេសកំពុងអភិវឌ្ឍន៍ត្វរមាន។ អត្រាអតិផរណាត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតទាប ១,៩% (ធៀបនឹង ២,៥% នៅឆ្នាំ២០១៨) ដោយសារកំណើនថ្លៃទាប នៃក្រមម្ហូបអាហារ និងក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ។ កម្រិតទាបនៃអតិផរណានេះ ត្រូវបានរួមចំណែកគាំទ្រដោយ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤.០៦៥ រៀល ក្នុងមួយដុល្លារអាមេរិក និងការគ្រប់គ្រងការផ្គត់ផ្គង់ រូបិយវត្ថុក្នុងកម្រិតសមស្រប។

លោកបន្តថា វិស័យធនាគារបន្តរីកចម្រើនយ៉ាងឆាប់រហ័ស ដែលបានរួមចំណែកយ៉ាងសកម្ម គាំទ្រការរីកចម្រើននៃសេដ្ឋកិច្ច។ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង ២៤,៥% ហើយឥណទានបានកើន ២៦%។ បណ្តាញប្រតិបត្តិការ និងពិពិធកម្មសេវាហិរញ្ញវត្ថុ របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្តក៏ត្រូវបានបន្តពង្រឹង និងបានជួយជំរុញបរិយាបន្ន ហិរញ្ញវត្ថុនៅកម្ពុជា ដោយបច្ចុប្បន្ន ចំនួនគណនីប្រាក់បញ្ញើ បានកើនឡើងដល់ប្រមាណ ៧,៥លានគណនី និងគណនីឥណទានកើនដល់ ៣,១ លានគណនី។ ប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្ម ស្របតាមការរីកចម្រើន បច្ចេកវិទ្យាហិរញវត្ថុ ដើម្បីបង្កើនប្រសិទ្ធភាពនៃការទូទាត់ ប្រកបដោយឆាប់រហ័ស សុវត្ថិភាព និងងាយស្រួល។

លោកអគ្គទេសាភិបាលបន្ថែមថា បច្ចុប្បន្នប្រជាជនប្រមាណ ៥លាននាក់កំពុងប្រើប្រាស់សេវា ទូទាត់សងប្រាក់តាមអេឡិចត្រូនិក។ ធនាគារជាតិនៃកម្ពុជាកំពុងអភិវឌ្ឍស្តង់ដារ QR Code ដើម្បីសម្រួលដល់ការទូទាត់ ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិការទូទាត់ឆ្លងដែន។ លើសពីនេះ ប្រព័ន្ធបាគងត្រូវបានដាក់ឱ្យ ដំណើរការសាកល្បង ហើយប្រព័ន្ធរីថែលផេ (Retail Pay) ក៏ត្រូវបានដាក់ឱ្យដំណើរការជាបឋម បន្ថែមពីលើប្រព័ន្ធសេវាទូទាត់រហ័ស និងប្រព័ន្ធខេមបូឌានសែស្វ័ច ដែលកំពុងទទួលបានការចូលរួម ពីគ្រឹះស្ថានសមាជិកថ្មីៗបន្ថែមទៀត។

លោកជា ចាន់តូ គូសបញ្ជាក់ថា ដោយឡែក អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក) ក៏បានដឹកនាំ សម្របសម្រួល និងសហការអនុវត្តការងារនានា ដើម្បីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅកម្ពុជា ហើយយុទ្ធសាស្ត្រជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០១៩-២០២៣ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីខែមីនាកន្លងទៅនេះ។ សម្រាប់ទិសដៅការងារឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជានឹងបន្ត រក្សាស្ថិរភាពថ្លៃនិងអត្រាប្តូរប្រាក់ ពង្រឹងការអភិវឌ្ឍវិស័យធនាគារ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងអភិវឌ្ឍប្រព័ន្ធទូទាត់ ។ល។ សំដៅរួមចំណែកគាំទ្រ កំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាពបរិយាបន្ន និងសមភាពស្របតាមយុទ្ធសាស្រ្ត អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ និងគោលនយោបាយ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ៕

ដោយ៖ ខា ដា

To Top