ភ្នំពេញ៖ ក្នុងនាមក្រុមគ្រួសារនៃសពជនរងគ្រោះ ដែលស្លាប់ដោយសារមិត្តភក្តិរៀនជាមួយគ្នា នៅសាលាអន្តរជាតិអាមេរិកាំង AIS វាយនោះ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សូមថ្លែងអំណរគុណចំពោះព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានដឹកនាំបញ្ជាកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងមន្រ្តីពាក់ព័ន្ធបំពេញការងារយ៉ាងមមាញឹករហូតដល់ឃាត់ខ្លួនជនបង្កឈ្មោះនី លីស៊ាងនៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២០នេះ។
ភ្លាមៗក្រោយកើតហេតុឧត្តមសេនីយ៍ទោសុង លីស្នងការរងនគរបាលរាជធានីភ្នំពេញទទួលផែនព្រហ្មទណ្ឌ បានបញ្ជាទៅ លោកវរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ អធិការខណ្ឌបឹងកេងកង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចុះប្រតិបត្តិការយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាតាមចាប់ខ្លួនជនបង្កឲ្យខាងតែបាន។ ដោយមិនបង្អង់យូរឡើយសមត្ថកិច្ចទាំងពីរប្រភេទ បានបើកប្រតិបត្តិការរហូតដល់ឃាត់ខ្លួនជនបង្កបាន មួយរំពេចតែម្ដង។
លោក សយ សុភាព បានថ្លែងបន្ថែមថា ការខិតខំប្រឹងប្រែងបំពេញការងារដោយមិនគិតពេលវេលា និងការនឿយហត់របស់កងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ដើម្បីថែរក្សានិងធានាសន្តិសុខសណ្ដាប់ធ្នាប់រៀងរាល់ថ្ងៃនេះ បានទទួលការកោតសរសើរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ជនបង្កឈ្មោះនី លីស៊ាង ភេទប្រុស ជនជាតិខ្មែ ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យដែលវាយមិត្តភក្តិស្លាប់ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាននៅល្ងាចនេះ។
ចំណែកជនរងគ្រោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៣០ ផ្លវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។
ប្រភពពីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះត្រូវដៃគូទំនាស់វាយមួុយដៃចំដើមទ្រូង និងក បណ្តាលឲ្យចុកណែន ហើយត្រូវមិត្តភក្តិររួមថ្នាក់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ៕