ភ្នំពេញ ៖ លោក សម រង្ស៊ី ជារឿយៗ បានស្នើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ប្តឹងលោកពីទោសក្បត់ជាតិ ឲ្យដូចកឹម សុខានោះ ត្រូវបានលោក គង់ គាំ ដែលតាំងនាមខ្លួនជាអតីត ទីប្រឹក្សាជាន់ខ្ពស់ របស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) បានធ្វើការរិះគន់ថា តើឲ្យប្តឹង យ៉ាងម៉េចបើមានបណ្តឹងម្តងៗ គឺរត់ប្រូចទៅស្រុកគេបាត់ ។
សង្កេតឃើញថា លោក សម រង្ស៊ី ឲ្យតែមានបណ្តឹងពីសំណាក់មន្រ្តីជាន់ខ្ពស់ រាជរដ្ឋាភិបាលម្តងណា គឺលោកតែងតែរត់គេចខ្លួនទៅបរទេស ដើម្បីគេចពីសំណាចច្បាប់។ ប៉ុន្តែក្នុងគោលបំណងទាមទារ ចំណាប់អារម្មណ៍ពីមហាជន ក៏ដូចជាផ្សារភ្ជាប់ខ្លួនជាមួយ លោក កឹម សុខា គឺលោក សម រង្ស៊ី ម្តងជាពីរដង តែងតែស្នើឲ្យសម្តេចតេជោ ប្តឹងខ្លួនក្រោមហេតុពីទោសក្បត់ជាតិ ព្រោះលោកអះអាងថា លោក និងលោក កឹម សុខា ជាមនុស្សតែមួយ។
លោក សម រង្ស៊ី ក្នុងហ្វេសប៊ុក បង្ហាញសារជាញឹកញាប់ក្នុងការទាមទារ ឲ្យមានការកាត់ទោសលោកក្បត់ជាតិ ។ សំណេររបស់លោកកាលពីថ្ងៃ១៤ ធ្នូ ចុងឆ្នាំនេះលើកឡើងថា “កាត់ទោសខ្ញុំផងដែរទៅ ពីបទក្បត់ជាតិ ទន្ទឹមលោក កឹម សុខា ពីព្រោះខ្ញុំបានពាក់ព័ន្ធច្រើនជាង ញឹកញាប់ជាង ហើយស៊ីជម្រៅជាងលោក កឹម សុខា ក្នុងការទាក់ទងជាមួយអង្គការអាមេរិកាំងនានា ដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ក្នុងឋានៈខ្ញុំជាប្រធានគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ ២០១៣ គឺនៅពេលដែលគេដកស្រង់ពាក្យសម្តីលោក កឹម សុខា ជាអនុប្រធានគណបក្សសង្គ្រោះជាតិ យកមកធ្វើជាមូលដ្ឋាន នៃការចោទប្រកាន់ ពីបទក្បត់ជាតិនោះ” ។
លោក គង់ គាំ ដោយសារឃើញការបង្ហោះសាររបស់អតីតមេបក្សខ្លួនច្រើនដងពេក បានតបទៅវិញថា “អតីតថ្នាក់ដឹកនាំ និងសកម្មជនCNRPកំពុងជ្រួលច្របល់ គឺក្រុមត្រាំត្រែងគ្មានកោះត្រើយនៅឯនាយសមុទ្រ មាន សម រង្ស៊ី (ទណ្ឌិត-ឧទ្ទាម) ឲ្យគេប្តឹងពីបទក្បត់ជាតិទៀតយ៉ាងម៉េចបើប្តឹងប្រូចៗ ។ ក្រុមត្រឹមត្រូវ (សុំសិទ្ធិបង្កើតគណបក្សនយោបាយថ្មី) និងក្រុមត្រេតត្រត (ត្រៀមសុំសិទ្ធិ)” ។
លោកថា ក្នុងនាមជាអតីតទីប្រឹក្សាជាន់ខ្ពស់របស់អតីតCNRP ដែលជាប់បម្រាមធ្វើនយោបាយ ដោយសាលដីកាតុលាការកំពូលកម្ពុជា តែបានសុំសិទ្ធិ និងទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ ហើយបច្ចុប្បន្នមានតួនាទីជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរនោះ រំលឹកថា កន្លងមកទាំង លោក សម រង្ស៊ី ទាំងលោក កឹម សុខា ព្រមទាំងសកម្មជនអតីតCNRP ទាំងអស់គ្នាសុទ្ធតែបានកំណត់ថា អស់ពីលោកសម រង្ស៊ី និងលោកកឹម សុខា គឺនៅមានសម រង្ស៊ី-កឹម សុខា រាប់សែនលាននាក់ និងថាគណបក្សសង្គ្រោះជាតិ បានរំលាយតែលើក្រដាសទេ គឺមិនអាចរំលាយពីក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរបានឡើយ ។
អ្នកនយោបាយជើងចាស់នេះបន្តថា តាមហេតុផល ដូចបានរំលឹក ទាំងអស់គ្នាដែលមានគោលជំហរ និងឧត្តមគតិប្រជាធិបតេយ្យសេរី ពហុបក្ស ចង់បានការផ្លាស់ប្តូរ តាមរយៈការបោះឆ្នោត ជាទៀងទាត់រៀងរាល់ប្រាំឆ្នាំម្តង ពិសេសនៅឆ្នាំ២០២២ និង២០២៣ កុំភ្លេចចូលរួមគាំទ្រ គណបក្សឆន្ទៈខ្មែរ របស់ខ្មែរ មានទឹកចិត្តជាខ្មែរ ខ្មែរបម្រើបំណងខ្មែរ គឺជាប៉ូលនយោបាយថ្មី វប្បធម៌នយោបាយថ្មី រូបសញ្ញាព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី ដើម្បីអោយមានពហុបក្សក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្នុងសភាជាថ្មីតទៅកុំបីខាន ៕