ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះសកម្មភាពរួមចំណែក ផ្សព្វផ្សាយយ៉ាងសកម្មរបស់ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) ក្នុងការផ្សព្វផ្សាយ ជូនដល់សាធារណជនឲ្យ ជ្រាបពីការរីកចំរើន នៃទំនាក់ទំនងរវាងកម្ពុជា-ចិន នាពេលនេះ និង ទៅអនាគត ។
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) ដឹកនាំដោយសហប្រធាន លោក លីវ ស៊ាវគ័ង និងលោក សយ សុភាព ចូលជួបសម្ដែងការគួរសម ដើម្បីអបអរសាទរ និង ជូនពរក្នុងឱកាសបុណ្យចូលឆ្នាំចិន ដែលនឹងមកដល់នាពេលខាងមុខនេះ។
ក្នុងឱកាសចូលជួបសម្ដែងការគួរសមនោះ លោក លីវ ស៊ាវគ័ង សហប្រធានភាគីចិន បានថ្លែងអំណរគុណដល់ឯកអគ្គរដ្ឋទូត ដែលបានផ្តល់នូវពេលវេលា ដ៏មានតម្លៃទទួលជួបគណៈប្រតិភូ សសកច នៅក្នុងឱកាសនៃការខិតជិត ចូលមកដល់ពិធីបុណ្យចូលឆ្នាំចិន ប្រពៃណីជាតិ ហើយក្នុងនាមសហប្រធាន និង ថ្នាក់ដឹកនាំ លោកសូមជូនពរដល់ឯកអគ្គរដ្ឋទូត និង សហការីទាំងអស់ ដែលបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា សូមទទួលបានជោគជ័យក្នុងឱកាស ចូលឆ្នាំចិនខាងមុខនេះ។
លោក លីវ ស៊ាវគ័ង ក៏បានរៀបរាប់សកម្មភាពមួយចំនួន ក្នុងឆ្នាំ២០១៩ ដែលសសកច បានអនុវត្តកន្លងមក ក្នុងនោះដូចជាការរៀបចំសិក្ខាសាលា ឱ្យមានការពិគ្រោះពិភាក្សា បញ្ហាជម្លោះពាណិជ្ជកម្មរវាង សហរដ្ឋអាមេរិក និងចិន, ការរៀបចំឱ្យមានដំណើរទស្សនកិច្ច របស់សមាគមចំនួន ៣លើក ទៅកាន់ប្រទេសចិន និង ការពិនិត្យសុខភាពអ្នកកាសែតចំនួន ៥០នាក់ ដែលជាការជួយឧបត្ថម្ភពីមន្ទីរពហុព្យាបាល ហុង អិន។
លោកបន្តទៀតថា ក្នុងឆ្នាំ២០២០ ខាងមុខនេះ សសកច នឹងរៀបចំឱ្យមានការពិភាក្សា លើវេទិកានៅខេត្តសៀមរាប ដើម្បីរិៈរកមធ្យោបាយ ដំណោះស្រាយអំពីបញ្ហាប្រឈម ក្នុងខេត្តសៀមរាបដែលមាន ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរចិន ដើម្បីឱ្យមានការរីកចំរើនមកវិញ។ ហើយឆ្នាំ២០២០ សសកច នឹងរៀបចំឱ្យមានការប្រលងប្រជែង អត្ថបទ និងរូបថត លើស្នាដៃរបស់អ្នកសារព័ត៌មាន ស្តីអំពីទំនាក់ទំនងកម្ពុជា ចិន ផងដែរ។
ជាមួយគ្នានេះ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន បានថ្លែងអំណគុណដល់ថ្នាក់ដឹកនាំ សសកច ដែលបានមកសួរសុខទុក្ខ និងជូនពរលោក និងក្រុមការងារនាពេលនេះ ។ លោកឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរដែលជាសមិទិ្ឋផល សសកច សម្រេចបានក្នុងឆ្នាំ២០១៩ កន្លងមក ក៏ដូចជាសកម្មភាពនឹងធ្វើឡើង ក្នុងឆ្នាំ២០២០ខាងមុខនេះ។
ឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ចំពោះសកម្មភាព រួមចំណែកផ្សព្វផ្សាយយ៉ាងសកម្មរបស់ សសកច នៅក្នុងការផ្សព្វផ្សាយអំពីទំនាក់ទំនង កម្ពុជា-ចិន ជូនដល់សាធារណជនឱ្យ ជ្រាបពីការរីកចំរើនអំពី ទំនាក់ទំនងរវាងប្រទេសទាំងពីរ នាពេលនេះ និង ទៅអនាគត។
ចំណែក លោក សយ សុភាព សហប្រធានភាគីកម្ពុជា ក៏ចូលរួមអបអរសាទរ និងជូនពរឯកអគ្គរដ្ឋទូតចិន និងក្រុមការងារដែលកំពុងបំពេញ បេសកកម្មនៅក្នុងប្រទេសកម្ពុជា និង ជូនពរដល់ប្រជាពលរដ្ឋដែលរស់នៅ ឬ រកស៊ី ក្នុងប្រទេសកម្ពុជា ព្រមទាំងប្រជាជនចិនរស់នៅក្នុងប្រទេសចិន ដែលកំពុងអបអរសាទរបុណ្យ ប្រពៃណីជាតិរបស់ខ្លួន ៕