ព័ត៌មានជាតិ

អ្នកជំនាញអាជ្ញាធរជាតិអប្សរា បកស្រាយ ពីចម្លាក់សត្វម្ករ នៅជើងភ្នំគូលេន ក្នុងសិល្បៈចម្លាក់ខ្មែរ

ភ្នំពេញ ៖ ក្រោយប្រទះឃើញ ចម្លាក់ទោល «សត្វម្ករ» នៅទំនប់ទឹកមុជ ជើងភ្នំគូលេន ស្ថិតនៅទិសពាយ័ព្យ នៃរមណីយដ្ឋាន ប្រាសាទបេងមាលា ក្នុងភូមិសាស្រ្តភូមិទឹកលេច ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប អាជ្ញាធរអប្សរា បានធ្វើការបកស្រាយ អំពីចម្លាក់ដ៏កម្រមួយនេះ។

យោងតាមការផ្សព្វផ្សាយ របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០បានឲ្យដឹងថា អ្នកជំនាញអាជ្ញាធរជាតិអប្សរា ឃើញមានបំណែក វត្ថុសិល្បៈចំនួន១៤ ដូចជា ចម្លាក់ក្បាលម្ករដ៏ធំ (បណ្តោយទំហំ២១៣០មីលីម៉ែត្រ ទទឹង៩៥០មីលីម៉ែត្រ និងកម្ពស់ទំហំ១០៩០មីលីម៉ែត្រ) ចំនួន១ រួមទាំងបំណែកដងខ្លួន មានសណ្ឋានជាទរទឹក និងគម្របទរព្រមទាំងបំណែកវត្ថុសិល្បៈផ្សេងៗទៀត ដែលនៅរាយប៉ាយក្បែរនោះ ។ ប្រជាពលរដ្ឋមានជំនឿ និងគោរពបូជាបដិមានេះ ជាយូរមកហើយ រហូតមកដល់បច្ចុប្បន្ន។ ក្រៅពីនោះ ក៏មានស្លាកស្នាមជាការដ្ឋានយកថ្មភក់ ពីបុរាណជាច្រើនកន្លែង នៅក្បែរៗនោះដែរ ។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋាន អភិរក្សប្រាសាទក្រៅឧទ្យាន អង្គរបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា នឹងបន្តការសិក្សាស្រាវជ្រាវបែបបុរាណវិទ្យា ដើម្បីដឹងច្បាស់ពីប្រវត្តិទីតាំងសម្រាប់ចងក្រងជាឯកសារ ការផ្សព្វផ្សាយ និងអភិរក្ស ដើម្បីលើកតម្លៃបេតិភណ្ឌជាតិ ព្រមទាំងថែរក្សាជំនឿរបស់ប្រជាពលរដ្ឋក្នុងតំបន់។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយដ្ឋាន អភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរអប្សរាបានឲ្យដឹងដែរថា ម្ករគឺជាត្រីសមុទ្រមួយប្រភេទ មានខ្លួនធំ ក្បាលខ្លីក្រម៉ុប ធ្មេញ និងចង្កូមស្ញាញ គួរឲ្យសម្បើម។ ខ្មែរតែងហៅថាត្រីថ្ករឬឆ្លាមម្ករ។ ជាប្រភេទសត្វពេញនិយម តំណាលក្នុងរឿងព្រេងទេវកថារបស់ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ។

ខ្មែរបង្ហាញម្ករ នៅតាមចម្លាក់លើជញ្ជាំងប្រាសាទ ហោរជាង ផ្តែរ និងចម្លាក់ទោល។ តាមទេវកថាព្រះឥសូរ ម្ករជាយាន្តជំនិះរបស់ព្រះនាងគង្គា តំណាងឲ្យកបរិសុទ្ធ ជាទឹកមន្ត។ ដូច្នោះហើយបានជាម្ករ មានវត្តមានយ៉ាងសំខាន់ នៅតាមប្រាសាទនិងចម្លាក់ ។ ម្ករអាចមានទ្រង់ទ្រាយរូបភាពផ្សេងៗ អាស្រ័យតាមរចនាបថសិល្បៈនៃសម័យកាលមួយៗ។ សិល្បករច្នៃប្រឌិតរូបភាពម្ករបន្តិចម្តងៗ ទៅតាមទេពកោសល្យរបស់ខ្លួន ហើយក៏ឃ្លៀងឃ្លាតពីធម្មជាតិរបស់ខ្លួនទៅ។

គេអាចមើលឃើញម្ករ នៅក្នុងចម្លាក់សិល្បៈ នៅលើផ្តែរ បង្តាន់ដៃកាំជណ្ដើរ លើជញ្ចាំង នៅជ្រុងដំបូលនៃប្រាសាទដែលជាទបង្ហូរទឹក។ ម្ករក៏មានតួនាទីជាអ្នកយាមទ្វារដែរ។ ជាពិសេស ម្ករមានបង្ហាញខ្លួន នៅកន្លែងបញ្ចេញទឹក មានទម្រង់ជាទរបង្ហូរទឹក ដែលភាសាបច្ចេកទេសហៅថា «សោមសូត្រ» មានទម្រង់ស្រដៀងតោ ឬនាគ ដោយមានប្រម៉ោយដូចដំរី ហើយបើកចំហរមាត់ផង។

ដោយពិនិត្យលើរចនាបថសិល្បៈរបស់ចម្លាក់ អ្នកជំនាញយល់ថា ប្រហែលស្ថិតក្នុងសតវត្សរ៍ទី១១ ដោយយោងតាមចម្លាក់បដិមាស្រដៀង នឹងរចនាបថសិល្បៈនៅប្រាសាទបេងមាលា ដែលរូបម្ករនេះទំនងជាឆ្លាក់ និងរៀបចំជាក្បាល នៃទរទឹករបស់ស្ទឹងទឹកមុជ ៕

To Top