ភ្នំពេញ: លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហេីបឲ្យដឹងថា ព្រះរាជអាជ្ញាកែបទល្មើស ពីបទមនុស្សឃាតទៅជាអំពេីហិង្សាដោយចេតនាទៅវិញ លេីករណីយុវជនរៀនសាលា AIS វាយសម្លាប់យុវជនរៀន ជាមួយគ្នាកាលពីពេលថ្មីៗនេះ។
លោក ពេជ្រ ស្រស់ បានសរសេរនៅលើ គេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២២ មករានេះថា “បែកធ្លាយ ព្រះរាជអាជ្ញា កែបទល្មើសករណីយុវជនសាលារៀន AIS វាយសម្លាប់យុវជនរៀនជាមួយគ្នាថ្មីៗ នេះដោយថារបាយការណ៍ សំយោគរបស់ប៉ូលីសដាក់ជាបទល្មើសមនុស្សឃាត ក៏ប៉ុន្តែនៅខាងព្រះរាជអាជ្ញា កាន់រឿងហ្នឹងបែរជាកែបទល្មើសដាក់ ទៅជាអំពើហឹង្សាដោយចេតនាទៅវិញ ដូច្នេះ ករណីហាក់បីដូចជាមិនស្រួលហើយ និងមានធំក្លិនមិនល្អថែមទៀតផង។ តើបងប្អូនយល់យ៉ាងណាដែរ…….?” ។
សូមរំលឹកថា ករណីមនុស្សឃាតខាងលេីនេះ បង្កឡេីងដោយជនសង្ស័យឈ្មោះ នី លីស៊ាង ភេទប្រុស ជនជាតិខ្មែ ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យដែលវាយមិត្តភក្តិស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បានកាលពីល្ងាចថ្ងៃទី១៨ មករា។ចំណែកជនរងគ្រោះ សំ សន្ធិវង្ស ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤៣០ ផ្លវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។
ប្រភពពីមិត្តភក្តិ ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះត្រូវដៃគូទំនាស់វាយមួយដៃចំដើមទ្រូង និងក បណ្តាលឲ្យចុកណែន ហើយត្រូវមិត្តភក្តិររួមថ្នាក់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សុី ប៉ុន្តែត្រូវបានគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ៕