ព័ត៌មានជាតិ

ក្រសួងវប្បធម៌ បង្ហាញថា ស្រុកថាឡាបរិវាត់ នៅស្ទឹងត្រែង ជាទីក្រុងសម័យចេនឡា

ភ្នំពេញ ៖ ក្នុងបេសកម្មរយៈពេល៤ថ្ងៃ នៅខេត្តស្ទឹងត្រែង មន្ត្រីនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពិនិត្យផ្ទៀងផ្ទាត់ ប្រាសាទបុរាណ ជាច្រើនកន្លែង រកឃើញថា ទឹកដីនៅស្រុកថាឡាបរិវ៉ាត់ របស់ខេត្តនេះ បានសន្សល់ទុកនៅភស្តុតាង បង្ហាញថា ជាទីក្រុងសម័យចេនឡា ដែលមានអាយុកាលជាងមួយពាន់ឆ្នាំ ។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន។

ក្នុងឱកាសចុះ ពិនិត្យផ្ទៀងផ្ទាត់ តាមទីតាំងតំបន់ ប្រាសាទបុរាណ (ប្រាសាទបាចុង) នៅក្រុងស្ទឹងត្រែង កាលពីថ្ងៃទី២១ មករា លោក វឿន វុទ្ធី ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិ នៃក្រសួងវប្បធម៌ បានបញ្ជាក់ថា ឆ្លងតាមការផ្ទៀងផ្ទាត់បង្ហាញឲ្យ ឃើញថា គ្រប់ប្រសាទមាននៅ ខេត្តស្ទឹងត្រែង ពិតជាសម្បត្តិមរតក នៅសល់ពីការស្ថាបនាឡើង របស់ខ្មែរកាលសម័យដើម ។

លោកអះអាងថា ប្រសាទមួយចំនួន នៅលើផ្ទាំងសិលា មានអក្សរចារឹកបញ្ជាក់ ពីការស្ថាបនា នៅក្នុងសម័យចេនឡា ក្នុងចន្លោះសតវត្សទី៦ មកដល់ទី៨ ក្រោយសម័យអង្គភ្នំ ដូចជានៅស្រុក ថាឡាបរិវ៉ាត់ បានសន្សល់ទុក នៅភស្តុតាង បង្ហាញជាទីក្រុង សម័យចេនឡា ដែលមានអាយុកាល ជាងមួយពាន់ឆ្នាំ ។

លោកបន្តថា ចំណែកផ្សេងពីនេះ ក៏មានប្រសាទមួយចំនួន ត្រូវបានបាក់បែក ខ្លះមានការជីកកកាយ ធ្វើឲ្យបាត់រូបរាង បណ្តាលមកពីកត្តា មនុស្សជំនាន់ក្រោយ និងកត្តាធម្មជាតិ មួយចំនួន។

សូមបញ្ជាក់ថា តាមការផ្ទៀងផ្ទាត់ ខេត្តស្ទឹងត្រែង ជាខេត្ត មួយមានវ័យចំណាស់ ព្រោះនៅតាមបណ្តាស្រុកនីមួយៗ សុទ្ធតែមានទីទួល ប្រាសាទជាភស្តុតាង ដូចជា ស្រុកថាឡាបរិវ៉ាត់ មានប្រាសាទព្រះគោ ស្រុកសៀមប៉ាង មានប្រាសាទទួលអ្នកតា ស្រុកសៀមបូក មានប្រសាទទួលកំណប់ ស្រុកសេសាន មានប្រាសាទបាដើម និងក្រុងស្ទឹងត្រែង មានប្រាសាទបាចុង ៕

To Top