ព័ត៌មានជាតិ

លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ បង្ហាញផ្លែស្វាយកែវរមៀតទុំ ដែលមានគុណភាពល្អ ដាំដុះក្នុងចំការរបស់លោកផ្ទាល់

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នេះបាននាំយកផ្លែស្វាយកែវរមៀតទុំ​ និងជាប្រភេទស្វាយសម្រាប់ នាំចេញទៅក្រៅប្រទេស ដែលដាំដុះនៅក្នុងចំការ របស់លោកដោយផ្ទាល់ មកបង្ហាញនិងជូនលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សម្រាប់ទទួលទានក្នុងឱកាស បុណ្យចូលឆ្នាំចិនផងដែរ។

លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ បានលើកឡើងបន្ថែមថា បើប្រៀបធៀបជាមួយ ប្រទេសវៀតណាម និងថៃ គឺគ្មានស្វាយកែវរមៀវប្រភេទនេះទេ ដូច្នោះហើយស្វាយកែវរមៀត សឹងនឹងក្លាយជាអត្តសញ្ញាណ ស្វាយរបស់ខ្មែរទាំងស្រុង ។

លោកបណ្ឌិតសភាចារ្យ លើកឡើងបន្តថា ស្វាយកែវរមៀតប្រភេទនេះ មានរសជាតិផ្អែមឆ្ងាញ់ គុណភាព សាកសមជាស្វាយដែលប្រទេសចិន នឹងអនុញ្ញាតឲ្យនាំចូល ក្នុងឆ្នាំ២០២០នេះណាស់ ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងប្រាប់ប្រតិភូ សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន (សសកច) កាលពីថ្ងៃទី២០ ខែមករាថា នៅក្នុងឆ្នាំ២០២០នេះ ប្រទេសចិនបើកចំហទីផ្សារកសិផល ដល់ប្រទេសកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសផ្លែស្វាយ នឹងត្រូវអនុញ្ញាត ឲ្យនាំចូលជាលើកដំបូងដោយផ្ទាល់ ទៅកាន់ទីផ្សារចិនតែម្ដងពោល គឺលែងមានការនាំឆ្លងកាត់ប្រទេសទី៣ ដូចកាលពីមុនទៀតហើយ។

សូមរំលឹកថា ប្រសិនបើដំណើរការបានយ៉ាងរលូន និងជោគជ័យ នាដើមឆ្នាំ២០២០ប្រទេសចិន និងកម្ពុជានឹងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀង ស្តីអំពីការនាំចេញផ្លែស្វាយ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ខណៈកម្ពុជាមានសក្តានុពល ក្នុងការនាំចេញផ្លែស្វាយជាង ៥០ម៉ឺនតោន ទៅកាន់ប្រទេសចិន ជារៀងរាល់ឆ្នាំ។ ដោយមើលទៅលើ ទំនាក់ទំនងដ៏ល្អប្រពៃនេះ ប្រទេសចិននាថ្ងៃខាងមុខ នឹងបើកចំហទីផ្សារ ជូនដល់ផលិតផលកសិកម្ម ក្នុងប្រទេសកម្ពុជាកាន់តែច្រើន ៕

To Top