ភ្នំពេញ៖ ក្នុងឱកាសជួបសវនាការ ជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋបាលក្រុង ស៊ិងឆូវ និងខេត្តហឺណានប្រទេសចិន កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ថា ចិនបានទទួលយកសំណើ សម្រួលឲ្យមានការហោះហើរត្រង់ ឲ្យបានឆាប់ ហើយដែលនឹងអាច សម្ភោធជើងហោះហើរទី១ នាឱកាសកម្មវិធីបញ្ចប់ឆ្នាំទេសចរណ៍ និងវប្បធម៌ចិនកម្ពុជា២០១៩ នាដើមខែមេសា ឆ្នាំ២០២០ នៅទីក្រុងស៊ិនឆូវ និងបើកប្រកាសកិច្ចសហប្រតិបត្តិការថ្មីៗ ថែមទៀតនាពេលខាងមុខនេះ។
លោកបន្តថា នេះជាគោលដៅយុទ្ធសាស្ត្រថ្មី១ ទៀតដែលក្រសួងទេសចរណ៍សហការ ជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត នាំគ្នាដាក់ចេញ តំរង់គោលដៅទីផ្សារថ្មីក្នុងប្រទេសចិន។
លោកឱ្យដឹងទៀតថា ខេត្តហឺណាន់ ជាខេត្តដែលមានប្រជាជនរស់នៅ ច្រើនប្រមាណជាង ១០០លាននាក់ និងមានសេដ្ឋកិច្ចរីកចម្រើនដ៏ខ្លាំងក្លា ពិសេសទីក្រុងស៊ិនឆូវ ដែលមានការអភិវឌ្ឍន៍ ជឿនលឿនបែបទំនើប ហើយដែលមានតំបន់សេដ្ឋកិច្ច ពិសេសព្រលានយន្តហោះ Zhengzhou Airport Economic Zone ដែលនេះ មិនត្រឹមតែជាប្រភពទីផ្សារ ទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅ ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដ៏ទាក់ទាញផងដែរ ជាពិសេសតាមរយៈភាពយន្តចិន ដែលរំលេចពីវត្តសៅលិញហើយ ដែលប្រជាពលរដ្ឋខ្មែរធ្លាប់បានស្គាល់។
លោករដ្ឋមន្រ្តីបន្ថែមថា ប្រជាជនហឺណាន ចូលចិត្តទៅទស្សនានៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសមានការចាប់ អារម្មណ៍ដល់ប្រាសាទអង្គរ។ លោកសង្ឃឹមថា ជាមួយនឹងជើងហោះហើរត្រង់មកកម្ពុជា ពិសេសមកកាន់ប្រាសាទអង្គរ ដែលជាបិតិកភណ្ណ្វប្បធម៌ ប្រវត្តិសាស្ត្រពិភពដ៏ល្បីល្បាញ ប្រាកដជាអាចទទួលទេសចរ ហឺណានបានច្រើនថែមទៀត។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍កម្ពុជា ដោយមានការគាំទ្រពីខេត្ត ហឺណាន និងក្រសួងទេសចរណ៍វប្បធម៌ចិន ក៏នឹងស្នើសុំរាជរដ្ឋាភិបាលរៀបចំ បង្កើតឲ្យមានការិយាល័យ តំណាងទេសចរណ៍កម្ពុជា នៅទីនោះផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្សព្វផ្សាយទេសចរណ៍ និងការផ្សព្វផ្សាយនានាក្នុងខេត្តហឺណាននេះ ដើម្បីទាក់ទាញទេសចរនិងអ្នកវិនិយោគ មកកាន់កម្ពុជាថែមទៀត ៕
ដោយ៖ ធី លីថូ