កំពង់ចាម ៖ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ ខេត្តកំពង់ចាម បានទទួលបានភ្ញៀវទេសចរ សរុប១៣.៨០៩ នាក់ កើនឡើង១៣ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ។
តាមលោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ឲ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តនៅក្នុងខេត្តកំពង់ចាម សរុប១៣.៨០៩ នាក់ ក្នុងនោះ ភ្ញៀវទេសចរណ៍ជាតិ កើនឡើង ១៣ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ចំណែកភ្ញៀវទេសចរបរទេសមានចំនួនត្រឹមតែ ៩០ នាក់ ថយចុះ ៥៥ ភាគរយ ។
តាមលោក ស៊ាន សុគុន បានបញ្ជាក់ថា ក្នុងចំណោម រមណីយដ្ឋានចំនួន ៧ នៅ ក្នុងខេត្តកំពង់ចាម ចំនួនភ្ញៀវទេសចរណ៍សរុបដូចខាងលើនោះ ភាគច្រើនមកទស្សនាកំសាន្ត នៅរមណីយដ្ឋាន ឆ្នេរកោះប៉ែន ស្ថិតនៅក្នុងក្រុងកំពង់ចាមតែម្ដង ។
លោកប្រធានមន្ទីរបន្តថា សម្រាប់បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់វិញ ត្រូវបានធានាយ៉ាងល្អប្រសើរ គ្មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ធ្វើឱ្យភ្ញៀវទេសចរអាចដើរលេងកម្សាន្ដ បានយ៉ាងសប្បាយ រីករាយ ។




