ព័ត៌មានជាតិ

ក្រសួងការបរទេស នឹងរៀបចំសន្និបាតប្រចាំឆ្នាំ២០២០ ពីថ្ងៃទី៣០-៣១ មករា ដើម្បីពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានា ក្នុងឆ្នាំ២០១៩

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំ “សន្និបាតប្រចាំឆ្នាំ២០២០” របស់ខ្លួន ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដើម្បីពិនិត្យឡើងវិញពីសកម្មភាព និងការប្រឈមនានានៅក្នុងឆ្នាំ២០១៩ ព្រមទាំងកំណត់ទិសដៅការទូត និងការងារសម្រាប់ឆ្នាំ២០២០ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៧ មករានេះបានឲ្យដឹងថា នៅថ្ងៃទី៣១ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតនេះនៅវិមានសន្តិភាព ដើម្បីផ្តល់អនុសាសន៍ និងការណែនាំដ៏មានតម្លៃ សម្រាប់អ្នកការទូតកម្ពុជា ក្នុងការអនុវត្តបេសកកម្មការទូត។ ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញប្រកាសជាផ្លូវការ ការទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ នៅកម្ពុជា ហើយអង្គទូតបរទេសប្រចាំកម្ពុជា ក៏នឹងត្រូវបានអញ្ជើញ ឲ្យចូលរួមក្នុងពិធីនេះផងដែរ។

សន្និបាតប្រចាំឆ្នាំ២០២០ នឹងផ្តល់កាលានុវត្តភាពផងដែរ សម្រាប់អ្នកការទូតកម្ពុជា អាចពង្រីកចំណេះដឹងប្រតិបត្តិ និងកំរិតវិភាគកាន់តែទូលំទូលាយ លើបញ្ហាសំខាន់ៗដែលពាក់ព័ន្ធនឹង (១) «បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា» (២) «ស្ថានភាពវិនិយោគបរទេសនៅកម្ពុជា» និង(៣) «យុទ្ធសាស្រ្តសមាហរណកម្ម ពាណិជ្ជកម្មរបស់កម្ពុជា» ដើម្បីពង្រឹងការទូតសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព នៅលើឆាកអន្តរជាតិ។

សន្និបាតនេះ នឹងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង ឯកអគ្គរាជទូត/តំណាងអចិន្ត្រៃយ៍ អគ្គកុងស៊ុល កុងស៊ុលកិត្តិយស និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ៕

To Top