ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ឲ្យអនុវត្តវិធានការ បង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-Cov)

ភ្នំពេញ៖ ក្រោយរកឃើញ ករណីឆ្លងជំងឺរលាកសួត ដែលបង្កដោយវីរុសកូរ៉ូណាថ្មី (2019-Cov) លើបុរសជនជាតិចិនម្នាក់ អាយុជាង៦០ឆ្នាំ នៅខេត្តព្រះសីហនុហើយនោះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តវិធានការដើម្បីការពារ និងបង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណា ឲ្យមានប្រសិទ្ធភាព ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៨ មករានេះ អ្នកស្លាប់ដោយជំងឺរលាកសួត ដែលបង្កដោយវីរុសកូរ៉ូណាថ្មី មានជាង ១០០នាក់ និងអ្នកឆ្លងជាង ៤ពាន់ករណី សម្រាប់ប្រទេសទាំងអស់ ដែលមានការឆ្លងជំងឺ។

យោងតាមសេចក្តីណែនាំ ស្ដីពីការអនុវត្តវិធានការ បង្ការជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-Cov) របស់ក្រសួងអប់រំ នៅថ្ងៃទី២៧ មករា បានឲ្យដឹងថា បច្ចុប្បន្នវីរុសកូរ៉ូណាថ្មី (2019-nCoV) កំពុងរាតត្បាតនៅទីក្រុងវូហាន (Wuhan) ខេត្តហ៊ុយបេ (Hubel) សាធារណរដ្ឋប្រជាមានិតចិន ហើយរាតត្បាតដល់ បណ្តាប្រទេសផ្សេងៗទៀត នៅជុំវិញពិភពលោក ដោយមិនទាន់មានថ្នាំព្យាបាល ឬវាក់សាំងបង្ការនៅឡើយទេ ។

ក្នុងគោលបំណងជំរុញ ការអនុវត្តវិធានការបង្ការទប់ស្កាត់ជំងឺនេះ ស្របតាមសេចក្តីអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្ថែមលើខ្លឹមសារសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡាសូមធ្វើការណែនាំ ដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សាធារណៈនិងឯកជនទាំងអស់ ត្រូវណែនាំបន្តដល់បុគ្គលិកអប់រំ និងអ្នកសិក្សា ឲ្យអនុវត្តនូវវិធានការដូចខាងក្រោម៖

១.ចៀសវាងប៉ះពាល់ អ្នកមានជំងឺផ្លូវដង្ហើមស្រេចស្រាល់ ដែលមានអាការដូចជាគ្រុនក្តៅ ក្អក និង កណ្តាស់ ឬផ្តាសាយ និងត្រូវរក្សាចមួយច្រើនជាងមួយម៉ែត្រ ពីបុគ្គលដែលមានរោគសញ្ញាទាំងនេះ។

២.ចៀសវាងទៅទីផ្សារលក់សត្វរស់ ឬទៅកសិដ្ឋានចិញ្ចឹមសត្វ ឬប៉ះពាល់សត្វព្រៃ ឬទៅកន្លែងដែលសង្ស័យថា មានមេរោគឆ្លង។

៣.ចៀសវាងការខាកស្តោះ ក្នុងបន្ទប់សិក្សា ទីធ្លាគ្រឹះស្ថានសិក្សា និងទីសាធារណៈ។

៤.ចៀសវាងការប៉ះពាល់ភ្នែក ច្រមុះ មាត់ បន្ទាប់ពីប៉ះពាល់សត្វ និងផលិតផលសត្វ សត្វឈឺ សាច់ខូចគុណភាព កាកសំណល់សត្វ ទឹកសរីរៈសត្វ និងវត្ថុប្រើប្រាស់ក្នុងផ្សារ ឬវត្ថុប្រើប្រាស់ផ្សេងៗ របស់អ្នកជំងឺផ្លូវដង្ហើម។

៥.ត្រូវលាងដៃឲ្យបានទៀងទាត់ និងញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល បន្ទាប់ពីប៉ះពាល់ផ្ទាល់ ជាមួយអ្នកមានអាការៈដូចជា គ្រុនក្តៅ ក្អក និងកណ្តាស់ ឬផ្តាសាយ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពមេរោគ ឬនៅពេលឃើញដៃកខ្វក់ ឬប្រឡាក់ ឬក្រោយពីប៉ះពាល់សត្វ និងត្រូវលាងសម្អាតដៃភ្លាមជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ក្រោយពីក្អក ឬកណ្តាស់។ ត្រូវលាងដៃបន្ទាប់ពីមានប៉ះជាមួយសំបោរ ឬទឹករំអិលពីផ្លូវដកដង្ហើម។

៦.ប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យស្អាត_សុវត្ថិភាពចំណីអាហារ ដោយបរិភោគអាហារដែលឆ្អិនល្អ ពិសេសសាច់នឹងស៊ុត។ ចំពោះអ្នកចម្អិនអាហារត្រូវប្រើប្រាស់
ជំញនិង កាំបិតផ្សេងគ្នាសម្រាប់អាហារឆៅ និងអាហារឆ្អិន និងលាងដៃនៅចន្លោះពេល ចាប់កាន់អាហារឆៅ និងអាហារឆ្អិន។

៧.អ្នកមានអាការក្អក ឬកណ្ដាស់ ត្រូវខ្ទប់មាត់និងច្រមុះ ដោយប្រើកន្សែងក្រមាក្រដាស ឬយ៉ាងហោចណាស់ត្រូវប្រើគន្លាក់កែងដៃជំនួសបាតដៃ។

៨.ប្រសិនបើមានសិស្ស ដែលមានអាការដូចជា គ្រុនក្តៅ ក្អក កណ្តាស់ផ្តាសាយហៀរសំបោរ ឬឈឺបំពង់ក ត្រូវជូនដំណឹងទៅអ្នកអាណាព្យាបាល ដើម្បីបញ្ជូនទៅរកសេវាព្យាបាល ឱ្យបានទាន់ពេលវេលា និងត្រូវអនុញ្ញាតឱ្យសម្រាកពីការសិក្សា រហូតដល់ជាសះស្បើយ។

៩.ប្រសិនបើសង្ស័យថាមាន ជំងឺរលាកសួតប្រភេទវីរុសកូរ៉ូណាថ្មី (2019-Cov) ដោយមាន កំដៅខ្លួន ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិច ដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ឬអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រេចស្រាល់ មិនដឹងពីអត្តសញ្ញាណ ឬប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុងពេល ១៤ថ្ងៃមុនចេញរោគសញ្ញា ត្រូវរាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ 115។

ក្រសួងអប់រំ ក៏បានឲ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់គ្រប់ការិយាល័យអប់រំ យុវជននិងកីឡានៃរដ្ឋបាលក្រង ខណ្ឌ ស្រុក និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដើម្បីអនុវត្តឱ្យបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ៕

To Top