ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនទេសចរណ៍ ២នាក់ ចេញមុខសារភាពកំហុស ក្រោយប្រឌិតព័ត៌មានថា មានករណីឆ្លងជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី នៅសៀមរាប

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុនទេសចរណ៍ ២នាក់ ដែលប្រឌិតព័ត៌មានខុសពីការពីតថា កើតមានករណីឆ្លងជំងឺរលាកសួត ដោយវីរុសកូរ៉ូណា នៅក្នុងខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ បានចេញមកសារភាពកំហុស នៅចំពោះមុខសមត្ថកិច្ច ។

សូមរំលឹកថា នៅថ្ងៃទី២៨ មករា មានការចែករំលែកព័ត៌មាន លើបណ្ដាញសង្គមថា មានជនជាតិចិន ៤នាក់ ដែលស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង ក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) និងបានឆ្លងដល់មគ្គុទេសក៍ ភាសាចិនម្នាក់ ។

មនុស្សទាំង ២នាក់ ដែលចែកចាយព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងការរកឃើញមានជំងឺរលាកសួត ដោយវីរុសកូរ៉ូណា ក្នុងខេត្តសៀមរាប មានឈ្មោះ ម៉ែន ចាន់នឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនទេសចរណ៍ និងឈ្មោះ អ៊ឹង ជិងសេរីរតនៈ ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនទេសចរណ៍ ។

ក្រោយសារភាពកំហុស ពួកគេក៏បានសន្យាថា មិនបន្តផ្សព្វផ្សាយព័ត៌មានខុសពីពិត ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាចតទៅទៀតឡើយ ។ បន្ទាប់ពីធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានអនុញ្ញាតឲ្យ ពួកគេត្រឡប់ទៅផ្ទះវិញ ។

សូមបញ្ជាក់ថា បន្ទាប់ពីមានការចែកចាយនូវព័ត៌មានពិត ទាក់ទងករណីឆ្លងជំងឺរលាកសួត ក្នុងខេត្តសៀមរានេះ នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីបំភ្លឺថា ពុំមានករណីឆ្លងជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-CoV) ដូចព័ត៌មានបានចែករំលែកនោះទេ ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់សាធារណជន កុំបន្តផ្សព្វផ្សាយនូវព័ត៌មានមិនពិត ឬមិនមានមូលដ្ឋានច្បាស់លាស់ ដែលបង្កផលប៉ះពាល់ ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសង្គម ហើយជនប្រឌិតព័ត៌មាន អាចប្រឈមចំពោះមុខច្បាប់ ៕

To Top